ឥណ្ឌា​ទិញ​យន្តហោះ​ឈ្លបយកការណ៍​ប្រឆាំង​នាវាមុជទឹក P-8I ដើម្បី​ទប់ទល់​ចិន​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-29-2016, 9:39 pm         380

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌា​ទិញ​យន្តហោះ​ឈ្លបយកការណ៍​ប្រឆាំង​នាវាមុជទឹក P-8I ដើម្បី​ទប់ទល់​ចិន​ ឥណ្ឌា​សម្រេច​ទិញ​យន្តហោះ​ឈ្លបយកការណ៍​ស៊េរី​ទំនើប P-8I​ចំនួន ៤​គ្រឿង​ផ្សេងទៀត​ពី​សហរដ្ឋអាមេរិក​។​ការ​នាំចូល​យន្តហោះ​ឈ្លបយកការណ៍​បន្ថែម​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ប្រមូល​ចារកម្ម​កងទ័ពជើងទឹក​ជាពិសេស​ចាប់​សញ្ញា​នាវាមុជទឹក​ដែល​ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា​។​

​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​សម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាំចូល​យន្តហោះ​ឈ្លបយកការណ៍​ប្រឆាំង​នាវាមុជទឹក P-8I ចំនួន​៤​គ្រឿង​ពី​សហរដ្ឋអាមេរិក​។    កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​១​ពាន់​លាន​ដុល្លារ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​នៅ​ដើម​សប្តាហ៍​នេះ​។​

​យោងតាម​សារព័ត៌មាន Defense News យន្តហោះ ៤​គ្រឿង​នេះ នឹងត្រូវ​បញ្ជូនទៅ​ឥណ្ឌា​ក្នុង​រយៈពេល​៣​ឆ្នាំ​។ បើ​រាប់បញ្ចូល​ទាំង​យន្តហោះ​ឈ្លបយកការណ៍​ចំនួន ៤​ដែល​ទិញ​ថ្មី​នេះ កងទ័ព​ឥណ្ឌា​មាន​យន្តហោះ​ប្រភេទ​នេះ​ចំនួន ១២ គ្រឿង​ព្រោះ​ឥណ្ឌា​បាន​បញ្ជា​ទិញ P-8I ចំនួន ៨​គ្រឿង​តាំងពី​ឆ្នាំ ២០០៩ មកម្ល៉េះ​។ កិច្ចព្រមព្រៀង​ទិញ យន្តហោះ ៨​គ្រឿង​មុននេះ​មានតម្លៃ​ប្រហែល ២,១ ពាន់​លាន​ដុល្លារ​ឯណោះ​។​

​បច្ចុប្បន្ន​យន្តហោះ ទាំង ៨​គ្រឿង​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងទ័ពជើងទឹក​ឥណ្ឌា ហើយ​វា​ត្រូវ​បំពាក់​ដោយ​មី​ស៊ី​ល Harpoon, គ្រាប់​រ៉ុក្កែត​ប្រឆាំង​នាវាមុជទឹក និង​ប្រព័ន្ធ​ចារកម្ម​ផងដែរ​។ យន្តហោះ​ប្រភេទ​នេះ​បំពេញ​ប្រតិបត្តិការ​ឈ្លបយកការណ៍​និង​តាម​ចាប់​សញ្ញា​នាវាមុជទឹក​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។​

​ឥណ្ឌា​កំពុង​បង្កើន​ការប្រុងប្រយ័ត្ន និង​ឃ្លាំមើល​សញ្ញា​នាវាមុជទឹក​របស់​ចិន​។ នេះ​ក៏​ព្រោះថា នាវាមុជទឹក​របស់​ចិន ឧស្សាហ៍​ឆ្លងកាត់​តាម​មហាសមុទ្រ​ឥណ្ឌា​ទៀត​។ ហើយ​យន្តហោះ P-8I  ៤​គ្រឿង​ថ្មី​ទៀត​នេះ​ក៏​ប្រហែលជា​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បំពេញ​ប្រតិបត្តិការ​នៅ​មហាសមុទ្រ​ឥណ្ឌា និង​ឈូង​សមុទ្រ​បេង​កាល់​ផងដែរ​។

​រយៈពេល​មួយ​ទសវត្ស​ន៍​ចុងក្រោយ ឥណ្ឌា​ចំណាយលុយ​ច្រើនសន្ធឹក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដើម្បី​ទិញ​សព្វាវុធ​ក្នុង​គោលដៅ​ពង្រឹង​អំណាច​និង ឥទ្ធិពល​យោធា ជា​គោលនយោបាយ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុងនាម​ជា​មហាអំណាច​ក្នុង​តំបន់ និង​អាច​ថា​ដើម្បី​ទប់ទល់​មហា​យក្ស​ចិន​ផងដែរ​។ ជារួម មហា​យក្ស​នេះ  នាំចូល​អាវុធ​ភាគច្រើន​ពីរ​ស្ស៊ី និង​សហរដ្ឋអាមេរិក​។ ជា​ឧទាហរណ៍ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៥ ឥណ្ឌា​នាំចូល​ឧទ្ធម្ភាគចក្រ​យោធា​ពី​អាមេរិក​ជាច្រើន​គ្រឿងក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​ឯណោះ​៕