បញ្ហា​សំរាម​នៅ​ផ្សារ​ស្គន់ ដោះស្រាយ​មិន​ចេញ​

6 Videos


អាជីវករផ្សារស្គន់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចោទប្រកាន់ ព្រមទាំងស្តីបន្ទោសអ្នកម៉ៅការ និង អាជ្ញាធរថា ទារភាស៊ីលើសពីសៀវភៅបន្ទុកហើយបែរជាមិនបំពេញភារកិច្ចរបស់ខ្លួន គឺពុំយករថយន្តមកប្រមូលសំរាមធ្វើអនាម័យសម្អាតបរិស្ថាននោះទេ គឺបានបណ្តោយឲ្យប្រជាពលរដ្ឋ និង អាជីវករយកសំរាមមកចាក់ចោលក្នុងទឹកត្រពាំងជាប់នឹងផ្សារខាងមុខសាលាឃុំសូទិប ជាច្រើនឆ្នាំមកហើយ គឺតាំងពីកើតផ្សារនេះមកម្ល៉េះ ។

ករណីមិនបំពេញភារកិច្ចរបស់អ្នកម៉ៅការផ្សារ និង ការបណ្តែតបណ្តោយរបស់អាជ្ញាធរនេះ បានបណ្តាលឲ្យកើតមានក្លិនស្អុយបង្កើតភក់ជ្រាំជម្រកសត្វមូស ស្ទះប្រព័ន្ធលូ និង បង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្សារផ្លូវសាធារណ:ជាដើម គឺប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ។ ប៉ុន្តែខាងអាជ្ញាធរស្រុកជើងព្រៃបានទទួលស្គាល់ផ្សារស្គន់ថ្មីនេះ មានបរិស្ថានអាក្រក់មែន និង ចោទប្រកាន់មកខាងប្រជាពលរដ្ឋថា ជាអ្នកយកសំរាមទៅញាត់ក្នុងលូ ដោយពួកគាត់ពុំព្រមចំណាយថ្លៃប្រមូលសំរាមឲ្យរថយន្តដឹកជញ្ជូនសំរាម ហើយពុំព្រមជួយចេញថ្លៃសង់ប្រព័ន្ធលូ ។ ហេតុនេះអាជ្ញាធរ និង គណ:កម្មការផ្សារកំពុងស្វះស្វែងរកថវិកាដើម្បីសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ។

P9

បញ្ហា​សំរាម​នៅ​ផ្សារ​ស្គន់ ដោះស្រាយ​មិន​ចេញ​

បញ្ហា​សំរាម​នៅ​ផ្សារ​ស្គន់ ដោះស្រាយ​មិន​ចេញ​

ប្រជាពលរដ្ឋជាអាជីវករលក់ត្រី លក់សាច់ជ្រូក នៅប្រមាណជា ៥ ម៉ែត្រពីគំនរសំរាម បាននិយាយថា រយ:ពេល ៦ ទៅ ៧ ឆ្នាំមកហើយ ដែលអាជ្ញាធរបានបង្កើតផ្សារស្គន់ថ្មីនេះឲ្យប្រជាពលរដ្ឋលក់ដូរ ។ ប៉ុន្តែពុំមានអ្នកប្រមូលសំរាម ធ្វើអនាម័យសម្អាតផ្សារទេ បណ្តាលឲ្យក្លិនសំរាមត្រាំទឹករាប់ឆ្នាំជះក្លិនស្អុយពិសេសនៅរដូវភ្លៀងនេះទឹកលិចបែកភក់ជ្រាំគឺទុកឲ្យអាជីករធ្វើអនាម័យប្រមូលសំរាមយកទៅចាក់ចោលក្នុងទឹកត្រពាំងដោយខ្លួនឯង ។ តែមានអ្នកម៉ៅការទារភាស៊ីឈ្មោះ ភៀច ឲ្យកូនឈ្មោះ ស្រីណុន ដែល ប្តីឈ្មោះ ភុំ ជាអ្នកប្រមូលភាស៊ីប្រចាំថ្ងៃ មិនដែលខានឡើយ។ចំពោះការប្រមូលភាស៊ីនោះ អ្នកម៉ៅការ មិនបានបិទបង្ហាញតារាងតម្លៃប្រាប់ដល់អាជីវករទេគឺទារតាមតែអំពើ ចិត្តក្នុងគ្រែមួយពី៥០០ទៅ១០០០រៀល។តម្លៃនេះសម្រាប់អាជីវករ ក្នុងផ្សារដែលលក់រាល់ថ្ងៃហើយបានដឹងថា ក្នុងគ្រែមួយក្នុងសៀវភៅបន្ទុកតែ ៣០០ រៀលប៉ុណ្ណោះ ។

ប្រជាជននិងអាជិវករផ្សារសំណូមពរឲ្យអាជ្ញាធរមេត្តាជួយដោះស្រាយរឿងសំរាមនេះផង ប្រសើរជាងចោទដាក់ប្រជាជនវិញនោះ ៕

                                                                       សុថាត់