“សិស្ស​ប្អូន​ទី​៦” ​របស់ទិនហ្វី​និយាយ​រឿង​ជីវិត​ទាល់​ច្រក​​សឹង​សម្លាប់​ខ្លួន

តារា​សម្ដែង​ហុងកុង Lam Chi Chung គឺ​ជា​តារា​សម្ដែង​ដែល​មិន​​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ តែ​ឆាប់​បាន​ល្បី​ឈ្មោះ​តាម​រយៈ​​ភាពយន្ត “បាល់​ទាត់​សៅលិញ”។ យ៉ាងណាក៏ដោយ​ លោក​ធ្លាប់​ធ្លាក់​ក្នុង​ស្ថានភាព​ទាល់ច្រក​ព្រោះ​ជីវិត​ខ្វះខាត។

 

“សិស្ស​ប្អូន​ទី​៦” ​របស់ទិនហ្វី​និយាយ​រឿង​ជីវិត​ទាល់​ច្រក​​សឹង​សម្លាប់​ខ្លួន

 

Lam Chi Chung ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​រហស្សនាម “សិស្ស​ប្អូន​ទី​៦” នៅ​ក្នុង​ភាពយន្ត “បាល់ទាត់​សៅលិញ”។ ថ្មី​ៗ​នេះ​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​សារ​ជា​ថ្មី​ពេល​ចូល​លេង​ក្នុង​រឿង “The Mermaid” ក្រោម​ការ​ដឹក​នាំ​របស់​តារា​សម្ដែង​ទិន ហ្វី។ តាម​បណ្ដាញ​ព័ត៌មាន Sam Dong នៅ​ពេល​ឆ្លើយ​នឹង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា​មុន​នេះ លោក​បាន​ផ្ញើ​ពាក្យ​អរគុណ​ទៅ​កាន់​ស្ដេច​កំប្លែង​ហុងកុង។

 

“ពួក​ខ្ញុំ​ជា​បង​ប្អូន​ល្អ​នឹង​គ្នា គាត់​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ប្អូន​បង្កើត។ ខ្ញុំ​មាន​ថ្ងៃ​នេះ​ក៏​ដោយ​សារ Stephen Chow ដែរ”។

 

“សិស្ស​ប្អូន​ទី​៦” ​របស់ទិនហ្វី​និយាយ​រឿង​ជីវិត​ទាល់​ច្រក​​សឹង​សម្លាប់​ខ្លួន

 

Lam Chi Chung បាន​ឲ្យ​ដឹង​ថា​ទស្សនិកជន​ធ្លាប់​តែ​ឃើញ​រូបភាព​កំប្លែង​របស់​លោក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ទាំង​មិន​ដឹង​ជីវិត​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ​នៅ​ខាង​ក្រោយ​ឆាក​របស់​លោក។ តារា​សម្ដែង​កើត​ឆ្នាំ ១៩៧៦ ធ្លាប់​ជំពាក់​បំណុល​គេ​វ័ណ្ឌក រស់​នៅ​ក្នុង​ស្ថាន​ភាព​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ។​​

 

“ឆ្នាំ ២០០១ ខ្ញុំ​ជោគជ័យ​ជាមួយ​រឿង “បាល់ទាត់​សៅលិញ” បន្ទាប់​មក​ក៏​បាន​ចូល​រួម​ក្នុង​រឿង​មួយ​ចំនួន​ទៀត។ ឆ្នាំ ២០១១ ខ្ញុំ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្រោយ​ពេល​ផលិត​រឿង​ឡុងចុង​។ ខ្ញុំ​ត្រូវ​សង​បំណុល​គេ ទ្រព្យ​សម្បត្តិ​ទាំង​អស់​ត្រូវ​បាត់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ ពេល​នោះ​ខ្ញុំ​ក្រ​ដល់​ថ្នាក់​គ្មាន​បាយ​ហូប។ មួយ​ថ្ងៃ​ៗ​មិន​ហ៊ាន​ឈាន​​ចេញ​ពី​ផ្ទះ ព្រោះ​ខ្លាច​គេ​មក​ទារ​បំណុល”។ Lam Chi Chung នឹក​ឡើង​វិញ។

 

“សិស្ស​ប្អូន​ទី​៦” ​របស់ទិនហ្វី​និយាយ​រឿង​ជីវិត​ទាល់​ច្រក​​សឹង​សម្លាប់​ខ្លួន

 

“បើ​គ្មាន​បង​ទិន ហ្វី​ ហៅ​ខ្ញុំ​ថត​រឿង​ដើម្បី​សង​លុយ​គេ មិន​ដឹង​ជីវិត​មួយ​នេះ​ត្រូវ​រសាត់​ទៅ​ដល់​ណា​នោះ​ទេ”។ លោក​ចែក​រំលែក។ពេល​ភាព​លំបាក​ឡើង​ដល់​កំពូល តារា​សម្ដែង​អាយុ ៣៩​ឆ្នាំ​ធ្លាប់​គិត​ដល់​ការ​បញ្ចប់​អាយុ​ជីវិត​ខ្លួន​ឯង​​ព្រោះ​រក​ដំណោះ​ស្រាយ​មិន​បាន។ “សំណាង​ល្អ​ ខ្ញុំ​មាន​មិត្ត​ស្រី​ល្អ​តែង​នៅ​ក្បែរ​លើក​ទឹក​ចិត្ត”។ Lam Chi Chung និង​មិត្ត​ស្រី​បាន​រៀបការ​ក្នុង​ឆ្នាំ ២០១២ និង​ទទួល​បុត្រ​ដំបូង​ក្នុង​ឆ្នាំ ២០១៥។

 

“ជីវិត​ប្រៀប​ដូច​រលក​សមុទ្រ មាន​ឡើង​មាន​ចុះ។ ខ្ញុំ​ដឹង​ថា Stephen Chow ​ក៏​ទទួល​រង​រឿង​អាស្រូវ​មិន​តិច​ដែរ។ តែ​សូម​ជឿ​ខ្ញុំ ទិន ហ្វី​មិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​អាន​នោះ​ទេ”។ Lam Chi Chung បញ្ជាក់៕

 

ចុចអាន៖“The Mermaid” របស់​ទិន ហ្វី បន្ត​ដាក់​បញ្ចាំង​៣​ខែ​ទៀត​ក្រោយ​រក​បាន៥០០​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing