គ្រោះ​ធម្មជាតិ​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា គិត​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៦​នេះ គ្រោះ​ធម្មជាតិ​ផ្សេង​ៗ​បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស​មាន​ចំនួន​៣៤០៧​នាក់ បំផ្លាញ​ផ្ទះ​អស់​ជិត​៨​ពាន់​ខ្នង គោ​-​ក្របី​ងាប់​ចំនួន​៦០​ក្បាល បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ គឺ​មានការ​កើនឡើង ។

លោក​កែវ វី នាយខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កក្កដា នេះ​ថា គិត​ចាប់ពី​ខែមករា រហូត​មក​ដល់​ខែកក្កដា ឆ្នាំ​២០១៦ នេះ កម្ពុជា​បាន​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​ផ្គរ​ភ្លៀង កើតឡើង​ចំនួន​២០១​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ រង​របួស​ចំនួន​១៦១​នាក់ ផ្ទះសម្បែង​ខូចខាត​ទាំងស្រុង មាន​ចំនួន​១៤៤៦​ខ្នង ខូច​មធ្យម​ចំនួន​៦៤១៥​ខ្នង សាលារៀន​៣៩​ខ្នង និង​អគារ​ផ្សេង​ៗ​ចំនួន​៣៣​ខ្នង ។

លោក​បន្ត​ថា សម្រាប់​គ្រោះ​ធម្មជាតិ​ដោយ​រន្ទះបាញ់​វិញ បាន​សម្លាប់​មនុស្ស​ចំនួន​៧៨​នាក់ របួស​៩៦​នាក់ ព្រមទាំង​សត្វពាហនៈ មាន​គោក្របី​ចំនួន​៦០​ក្បាល ប៉ុន្តែ​ករណី​រន្ទះបាញ់​នេះ ភាគច្រើន​បាន​កើតឡើង​នៅ​តាម​ទី​ជនបទ និង​ទី​ដាច់​ស្រយាល​តែ​ម្តង ដែល​គ្រោះ​ធម្មជាតិ​នេះ មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ ។

លោកនាយ​ខុទ្ទកាល័យ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ខ្លួនឯង  ពិសេស​គប្បី​កុំ​ប្រើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿង​ផ្សេង​ៗ ខណៈ​ដែល​មេឃ​កំពុង​រក​ភ្លៀង​នោះ ព្រោះ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ករណី​គ្រោះ​ធម្មជាតិ​តែង​កើត​ឡើងជា​ញឹកញាប់​ណាស់ ៕