ការ​ចំណាយ​លើ​យោធា​អាច​នឹង​កើន​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបន្ថែម​​ការ​គ្រប់គ្រង​លើ​សមុទ្រ​ចិន​ខាង​ត្បូង

គេរំពឹងថា ប្រទេសចិននឹងបង្កើនការវិនិយោគលើវិស័យយោធានៅក្នុងសមុទ្រចិនខាងត្បូង និងបង្កើនថវិកាសម្រាប់ការការពារប្រទេសរបស់ខ្លួនយ៉ាងច្រើន ដើម្បីអះអាងការទាមទាររបស់ខ្លួនទៅលើតំបន់មួយនេះ។

ប៉េកាំង — កងទ័ពជើងទឹកនៃសេរីភាពប្រជាជន (PLAN) បានដំណើរការនាវាកម្ទេចមីស៊ីលថ្មីមួយឈ្មោះ Yinchuan កាលពីថ្ងៃទី១២ ខែកក្កដា គឺថ្ងៃដែលតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេប្រកាសថា ការទាមទាររបស់ចិនទៅលើសមុទ្រចិនខាងត្បូងភាគច្រើនគឺមិនត្រឹមត្រូវនោះទេ។

តុលាការដែលបង្កើតឡើងដោយអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ បានកាត់ក្តីសម្រេចគាំទ្រប្រទេសហ្វីលីពីន ដែលបានប្តឹងថាចិនកំពុងតែទាមទារនូវចំណែកដែនដីរបស់ខ្លួន។

នៅថ្ងៃបន្ទាប់ ប្រទេសចិនបានសាកល្បងនូវអាកាសយានដ្ឋានថ្មីពីរ ដែលខ្លួនបានសាងសង់នៅលើកោះ Nansha នៅសមុទ្រចិនខាងត្បូង។ សារព័ត៌មានរបស់រដ្ឋបានបង្ហាញពីការហោះហើររបស់ពលរដ្ឋស៊ីវិលពីអាកាសយានដ្ឋានទាំងពីរនេះ ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃការគ្រប់គ្រងរបស់ចិនទៅលើផ្នែកទាំងនោះ។ ប្រទេសចិនបានបំពាក់បង្គោលភ្លើងហ្វារចំនួន៤ នៅតំបន់នេះកាលពីប៉ុន្មានថ្ងៃមុន។

ចិនបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយដើម្បីសាងសង់កោះសិប្បនិម្មិតភ្លាមៗ ព្រមទាំងកន្លែងស្នាក់នៅសម្រាប់ពលករ និងនាវិករដ្ឋាភិបាលនៅលើកោះទាំងនោះ។ ប្រទេសនេះក៏បានបង្កើតមន្ទីរពេទ្យអណ្តែតទឹកនៅលើសមុទ្រ និងដាក់នាវាមុជទឹកមួយចំនួននៅក្នុងតំបន់នេះផងដែរក្នុងប៉ុន្មានខែចុងក្រោយនេះ។

ការត្រៀមខ្លួនផ្នែកយោធា

អ្នកវិភាគការស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានការពារ និងសិក្សាយុទ្ធសាស្រ្តក្នុងប្រទេសសិង្ហបុរីឈ្មោះ Lee Ying Hui បាននិយាយថា «ទំនោរក្នុងការពង្រាយយោធានៅក្នុងសមុទ្រចិនខាងត្បូងនេះត្រូវបានគេរំពឹងថា នឹងនៅតែបន្ត និងពង្រីកបន្ទាប់ពីមានការប្រកាសសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ»។

កងទ័ពនៃសេរីភាពប្រជាជនធានាទៅកាន់ប្រជាជាតិមុនការប្រកាសនេះថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីប្រឈមនឹងបញ្ហានានាដែលកើតចេញពីសមុទ្រចិនខាងត្បូង។ លោក Yang Yujun អ្នកនាំពាក្យរបស់កងទ័ពនេះនិយាយនៅក្នុងសន្និសីទកាសែតមួយថា «កងទ័ពចិនមិនដែលមានការភ័យខ្លាចនោះទេ»។

លោក Yang បានបន្ថែមថា ប្រសិនបើនាវាចម្បាំងបរទេសចង់ «បង្កបញ្ហាដោយមិនមានហេតុផលអ្វីទាល់តែសោះ» នៅក្នុងសមុទ្រចិនខាងត្បូង នោះ «ច្បាស់ណាស់ យើងមានវិធីទប់ទល់»។

អ្នកវិភាគនៅក្នុងតំបន់មួយចំនួនគិតថា ចិនមិនចាំបាច់បារម្ភអំពីបញ្ហាប្រឈមនៅក្នុងតំបន់នេសាទ និងផ្លូវទឹកសំខាន់ៗនោះទេ។

Lee និយាយថា «ចិននឹងបន្តមានអំណាចកំពូលផ្នែកយោធា នៅក្នុងសមុទ្រចិនខាងត្បូងក្នុងរយៈពេលវែងខាងមុខទៀត ដោយសារតែភាពដាច់ស្រយាលរបស់កងទ័ពជើងទឹកហ្វីលីពីន»។

«កងទ័ពចិនក៏នឹងទទួលបានប្រយោជន៍ជាងកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង ដោយសារអំណោយផលទឹកដីរបស់ខ្លួន» Lee និយាយដោយសំដៅដល់វត្តមានកងទ័ពជើងទឹកអាមេរិកដែលអ្នកខ្លះជឿថាបានលើកទឹកចិត្តហ្វីលីពីនឲ្យដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងប្រទេសមហាអំណាចនៅអាស៊ីមួយនេះ។

អនុរដ្ឋមន្រ្តីការបរទេសចិន លោក Liu Zhenmin និយាយថា ចិនមានសិទ្ធិដាក់តំបន់សមុទ្រចិនខាងត្បូងជាតំបន់ការពារផ្លូវអាកាស ដោយសារតែវាជាកម្មសិទ្ធិរបស់ចិន។ តំបន់ការពារផ្លូវអាកាសនេះនឹងអនុញ្ញាតឲ្យចិនត្រួតពិនិត្យ ហើយបើចាំបាច់ត្រួតត្រា ការហោះហើរដែលឆ្លងកាត់តំបន់សមុទ្រនេះ។ ទោះយ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំង នឹងត្រូវបន្ថែមថវិកាចំណាយលើការពារប្រទេសរបស់ខ្លួនដើម្បីពង្រឹងតំបន់ការពារផ្លូវអាកាសនេះបាន។

ការបន្ថយថវិកាការពារប្រទេស

ចិនបានធ្វើឲ្យអ្នកជំនាញខាងការការពារអន្តរជាតិមានការភ្ញាក់ផ្អើលនៅឆ្នាំនេះ នៅពេលខ្លួនប្រកាសថា ថវិកាយោធារបស់ខ្លួននឹងកើនក្នុងកម្រិតទាប ចំនួន ៧,៥% បន្ទាប់ពីការកើនឡើងជាង ១០% អស់រយៈពេល៥ឆ្នាំ។ គេយល់ថា នេះគឺដោយសារសេដ្ឋកិច្ចចិនមានកំណើនយឺត។

ទោះជាយ៉ាងណា អ្នកវិភាគខាងការពារជាតិជាច្រើននិយាយថា ថវិកាផ្លូវការមិនបានឆ្លុះបញ្ចាំងពីការចំណាយដ៏ច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងវិស័យយោធា ដូចជាកំពង់ផែ អាកាសយានដ្ឋាន បណ្តាញផ្លូវរថភ្លើងនៅតំបន់ព្រំដែន និងការសាងសង់កោះនោះទេ។

អ្នកជំនាញខាងការពារជាតិនៅក្នុងតំបន់និយាយថា ការសម្រេចរបស់តុលាការអាចធ្វើឲ្យប្រទេសដែលទាមទារសមុទ្រចិនខាងត្បូងផ្សេងទៀត បង្កើនការចំណាយផ្នែកការពារជាតិរបស់ខ្លួន។ វៀតណាម កោះតៃវ៉ាន់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន សុទ្ធតែទាមទារចំណែកនៃផ្លូវទឹក ដែលសម្បូរត្រី និងត្រូវបានគេជឿថា មានធនធានរ៉ែក្រោមទឹកយ៉ាងច្រើន។

លោក Jonathan Spangler នាយកនៃក្រុមអ្នកវិភាគបញ្ហាសមុទ្រចិនខាងត្បូងដែលមានឈ្មោះថា South China Sea Think Tank នៅក្នុងក្រុងតៃប៉ិនិយាយថា «នៅពេលដែលការប្រកែកគ្នាទៅលើបញ្ហាអធិបតេយ្យភាព ដែលបានបង្កើនការចំណាយដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន វិស័យការពារជាតិជាសកលជាអ្នកទទួលបានប្រយោជន៍ពិតប្រាកដពីសមុទ្រចិនខាងត្បូង៕

ប្រភព៖ VOA


Related Posts