ឥណ្ឌូណេស៊ី​​​ប្រហារជីវិត​អ្នក​ទោស​ដោយ​មិន​ខ្វល់​ស្តាប់​អន្តរជាតិ

នៅថ្ងៃសុក្រនេះ ឥណ្ឌូណេស៊ី បានប្រហារជីវិតអ្នកទោសគ្រឿងញៀន អ្នកទោសបួននាក់ ក្នុងបីនាក់ជាជនបរទេស។ ប៉ុន្តែ១០នាក់ផ្សេងទៀត ត្រូវបានលើកពេលប្រហារជីវិត ដោយគ្មានបញ្ជាក់មូលហេតុ។ នេះជាលើកទីបីហើយ គិតចាប់តាំងពីលោក ហ្សូកូ វីដូដូ បានឡើងកាន់អំណាចជាប្រធានាធិបតីមក ដែលឥណ្ឌូណេស៊ីអនុវត្តទោសប្រហារជីវិតអ្នកទោសជាទ្រង់ទ្រាយធំ មិនខ្វល់ស្តាប់ការអំពាវនាវរបស់អង្គការការពារសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ឬសហភាពអឺរ៉ុបឡើយ។

បើតាមការជូនដំណឹង កាលពីប៉ុន្មានថ្ងៃមុន ឥណ្ឌូណេស៊ី ត្រូវធ្វើការប្រហារជីវិតនៅថ្ងៃទី ២៨កក្កដា អ្នកទោសអស់ជីវិត ក្នុងបទគ្រឿងញៀន ចំនួន១៤នាក់។ ប៉ុន្តែនៅអាធ្រាត្រយប់មិញ មានអ្នកទោសតែបួននាក់ប៉ុណ្ណោះ ក្នុងនោះបីនាក់ជាជនជាតិនីហ្សេរីយ៉ា និងម្នាក់ជាឥណ្ឌូណេស៊ី ត្រូវបានប្រហារជីវិតដោយបាញ់សម្លាប់។ សពអ្នកទោសនីហ្សេរីយ៉ាម្នាក់ត្រូវបានយកទៅដុត នៅពីរបីម៉ោងក្រោយ ឯបីនាក់ទៀតកំពុងរៀបចំយកទៅកប់។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋអាជ្ញាឥណ្ឌូណេស៊ីទៅកាន់អ្នកសារព័ត៌មាន។

ដំណើរការប្រហារជីវិតច្របូកច្របល់

ចំណែកអ្នកទោស១០នាក់ផ្សេងទៀត (ជាតិប៉ាគីស្ថានពីរនាក់ ឥណ្ឌា ហ្ស៊ីមបាវ៉េ និងឥណ្ឌូណេស៊ី) ដែលបានបញ្ជូនទៅចងនឹងសរសរលើវាលពិឃាត ក្នុងព្រៃ ស្រាប់តែព្រលែងវិញ ដោយថានឹងត្រូវលើកពេលទៅប្រហារជីវិតនៅពេលក្រោយវិញ តែមិនដឹងនៅពេលណាឱ្យប្រាកដទេ។ អ្វីជាការកត់សម្គាល់ នៅពេលម៉ោងប្រហារជីវិតនោះ មេឃហាក់ដូចជាខឹងសម្បារខ្លាំង មានព្យុះភ្លៀងយ៉ាងកំណាចបោកបក់ និងធ្លាក់ដូចគេចាក់ទឹកសង្គប់លើវាលពិឃាតអ្នកទោស។ ស្ថានភាពនេះអាចជាមូលហេតុនៃការខកខានមិនប្រហារជីវិត។

ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ីមិនបញ្ជាក់អ្វីទាំងអស់ មិនបញ្ជាក់ថាលើកពេលទៅថ្ងៃណា ហើយក៏មិនបានពន្យល់ថាតើហេតុអ្វីបានជាអ្នកទោសទាំង១៤នាក់នោះមិនត្រូវបានប្រហារជីវិតក្នុងពេលជាមួយគ្នា។ គ្រាន់តែបានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីមិនដែលបញ្ឈប់ការអនុវត្តទោសប្រហារជីវិត លើទណ្ឌិតដែលរង់ចាំថ្ងៃទទួលទោសឡើយ។

មេធាវីរបស់ទណ្ឌិតទាំងអស់នោះ ក៏គ្មានបានទទួលព័ត៌មាន ឬត្រូវបានអាជ្ញាធរផ្តល់ព័ត៌មានទាក់ទងនឹងការប្រហារ រួចលែងប្រហារជីវិតកូនក្តីរបស់ខ្លួនដែរ។ អ្នកទោសនីហ្សេរីយ៉ាម្នាក់ កំពុងធ្វើបណ្តឹងឧទ្ធរណ៍ផង ក៏ត្រូវបានប្រហារជីវិតបាត់ទៅហើយ ដែលការនេះគឺជារំលោភលើដំណើរការច្បាប់ និងរំលោភសិទ្ធិមនុស្សស្រស់ៗ។ គ្មានការផ្តល់ដំណឹងទាក់ទងនឹងដំណើរការប្រហារជីវិត និងគ្មានជូនដំណឹងដល់គ្រួសារឱ្យតាមសមស្របដូចបានកំណត់ពីមុនឡើយ។

លោក បានគីមូន ស្នើឱ្យឥណ្ឌូណេស៊ីបញ្ឈប់ការកាត់ទោសប្រហារជីវិត

តាំងតែពីបានឃើញសេចក្តីជូនដំណឹងប្រាប់ថ្ងៃប្រហារជីវិតអ្នកទោសមក សហគមន៍អន្តរជាតិបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ ម្សិលមិញ លោកបានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថែមទាំងចេញសេចក្តីអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ឈប់ការអនុវត្តទោសប្រហារជីវិតភ្លាម និងបង្ខំឱ្យប្រធានាធិបតី ហ្សូកូ វីដូដូ សំឡឹងគិតគូរចេញក្រិត្យព្យួរការដាក់ទោសប្រហារជីវិត មុននឹងឈានបន្តិចម្តងៗ ទៅដល់ការរំលាយចោលច្បាប់កាត់ទោសប្រហារជីវិត។ សហភាពអឺរ៉ុបក៏បានស្នើឱ្យក្រុងហ្សារកាតា បោះបង់ទោសប្រហារជីវិត ដោយយល់ថាជាការដាក់ទោសដ៏ឃោរឃៅអមនុស្សពេក។

នៅក្នុងចំណោមទណ្ឌិតទាំង១០ដែលទើបបានរួចជីវិតយ៉ាងប្រផុតប្រផើយនេះ កាលពីយប់មិញនេះ មានពីរនាក់ដែលសហគមន៍អន្តរជាតិ និងអង្គការការពារសិទ្ធិមនុស្ស យកចិត្តទុកដាក់និងព្រួយបារម្ភខ្លាំងនោះ គឺករណីជនជាតិប៉ាគីស្ថានម្នាក់ ឈ្មោះ Zulfiquar Ali ដែលត្រូវតុលាការឥណ្ឌូណេស៊ីកាត់ទោសកាលពីឆ្នាំ២០០៥ ឱ្យជាប់ទោសប្រហារជីវិត។ ទណ្ឌិតនេះ បានរងការវាយដំ ទាត់ធាក់ ដោយដៃផងដោយជើងផង របស់ប៉ូលិស បង្ខំឱ្យសារភាពទទួលស្គាល់មានអាភៀននឹងខ្លួន ជាលាយលក្ខណ៍អក្សរ។

សម្រាប់ស្ថានទូតប៉ាគីស្ថាន ការលើកពេលមិនប្រហារជីវិតអាលីនៅថ្ងៃនេះ គឺជាជោគជ័យមួយ នៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងក្រុងអ៊ីស្លាម៉ាបាដនិងហ្សារកាតា។ ករណីទីពីរ គឺទណ្ឌិតស្រីជាតិឥណ្ឌូណេស៊ី មេរី ឧតាមី កាត់ទោសកាលពីឆ្នាំ២០០២ ពីបទមានគ្រឿងញៀនក្នុងកាបូបនៅវាលយន្តហោះ ដែលប៉ូលិសបានវាយ និងរំលោភបំពានផ្លូវភេទរហូតព្រមសារភាពកំហុស។

ទណ្ឌិត១៥២ ក្នុងបន្ទប់រង់ចាំប្រហារជីវិត

កាលពីខែមេសាឆ្នាំ២០១៥ ឥណ្ឌូណេស៊ីបានប្រហារជីវិតអ្នកទោសគ្រឿងញៀន ៨នាក់ ក្នុងនោះពីរនាក់ជាអូស្ត្រាលី ម្នាក់ប្រេស៊ីល នីហ្សេរីយ៉ាបួននាក់ និងម្នាក់ជាពលរដ្ឋឯង។ កាលណោះ សហគមន៍អន្តរជាតិបានបញ្ចេញប្រតិកម្មរិះគន់យ៉ាងសន្ធោសន្ធៅ។ អូស្ត្រាលីបានខឹងដល់ហៅឯកអគ្គរដ្ឋទូតខ្លួនឱ្យត្រលប់ចូលស្រុកវិញអស់មួយរយៈ។ កាលណោះប្រធានាធិបតីបារាំងបានថែមទាំងព្រមានអំពីផលវិបាកផ្សេង បើសិនឥណ្ឌូណេស៊ីសម្លាប់អ្នកទោសបារាំង។ នៅទីបំផុតទណ្ឌិតជាតិបារាំង ហ្វីលីពីន និងអង់គ្លេស ត្រូវបានដកចេញពីបញ្ជីត្រូវយកទៅប្រហារជីវិតវិញ។

ទោះបីមានការរិះគន់ និងអំពាវនាវយ៉ាងណាក្តី ក៏ឥណ្ឌូណេស៊ីហាក់បានត្រឹមតែបន្ថយសកម្មភាព តែនៅតែបន្តប្រហារជីវិតអ្នកទោសជានិច្ច។ ថ្ងៃនេះប្រហារបួននាក់ ហើយគេនៅរាប់ឃើញមានទណ្ឌិត១៥២នាក់ផ្សេងទៀត រាប់ទាំងទណ្ឌិតបារាំងម្នាក់ផង កំពុងស្ថិតក្នុងបន្ទប់រង់ចាំទៅប្រហារជីវិត៕

ប្រភព៖ RFI


Related Posts