គួរចម្អិនអាហាររបៀបណា ទើបមិនបណ្តាលឱ្យ បាត់បង់សារធាតុចិញ្ចឹម?

និយាយដល់ការចម្អិនអាហារ ស្ដ្រីមេផ្ទះទាំងឡាយពិតជាស្ទាត់ជំនាញខ្លាំងណាស់ មិនថាតែ ឆា ចៀន ស្ងោរ ចំហុយ បំពង អាំង ឬក៏ដុតនោះទេ។ ប៉ុន្តែមិនមែនចេះតែ ចម្អិនឱ្យឆ្អិនរួចពីដៃនោះទេ ត្រូវប្រាកដថាវាក៏មានរសឆ្ងាញ់ សម្រាប់អ្នកបរិភោគ ផងដែរ។ អ្នកដែលចាប់អារម្មណ៍ទេថាក្រៅពី យកអាហារមកធ្វើឱ្យវាឆ្អិន និងមាន រសជាតិឈ្ងុយឆ្ងាញ់ ហើយក៏នៅមានរឿងមួយទៀតដែលត្រូវដឹងនោះ គឺការថែរក្សា សារធាតុចិញ្ចឹម ដែលនៅក្នុងបន្លែត្រីសាច់ ដែលលោកអ្នកតែងទទួលទានជាប្រចាំ។

ពិតមែនវិធីសាស្រ្តចម្អិនអាហារទាំងអស់ គួរតែមានក្បួនខ្នាតត្រឹមត្រូវ បើមិនដូច្នោះទេ ច្បាស់ជាបាត់បង់សារធាតុចិញ្ចឹម មួយផ្នែកធំជាមិនខាន។ តើត្រូវធ្វើដូចម្តេចដើម្បី ចម្អិនអាហារឱ្យរក្សាបាននូវប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដូចដើម? ថ្ងៃនេះខ្មែរឡូតមាន គន្លឹះសាមញ្ញៗ មួយចំនួនមកផ្ញើប្រិយមិត្តទាំងអស់គ្នាដែរគឺ៖

១.គន្លឹះនៅក្នុងការស្ងោរ៖ ដើម្បីស្ងោរត្រី សាច់ និងបន្លែផ្សេងៗឱ្យបានឆ្អិនល្អ និងមានរសជាតិឆ្ងាញ់ពិសារ អ្នកធ្វើម្ហូបត្រូវដឹងថា ម្ហូបអាហារទាំងនោះតម្រូវឱ្យមាន កំដៅខ្ពស់ដើម្បីឱ្យវាឆ្អិនល្អ ប៉ុន្តែបន្លែត្រីសាច់ប្រភេទខ្លះ បើអ្នកស្ងោរវាឱ្យឆ្អិនខ្លាំងពេក នោះវានឹងបណ្តាលឱ្យបាត់បង់ជាតិ វីតាមីនសំខាន់ៗ។ វិធីក្នុងការស្ងោរ ដើម្បីរក្សាវីតាមីនត្រូវរង់ចាំឱ្យទឹក ដែលដាក់ដាំនោះពុះជាមុនសិន សឹមដាក់គ្រឿងស្ងោរទាំងនោះចូល មិនគួរដាក់វាចូលត្រាំជាមួយទឹក ហើយដាំឱ្យពុះជាមួយគ្នាទេ។ ធ្វើបែបនេះអាហារក៏ ឆាប់ឆ្អិនលឿនជាងមុន ហើយនឹងមិនចំណាយពេលយូរ ឯតម្លៃនៃអាហាររូបត្ថម្ភក៏នៅ តែមានជាច្រើនដដែល។ ម្យ៉ាងទៀត អ្នកគួរហាន់ត្រីសាច់ជាបំណែកធំៗមុននឹងដាក់ ស្ងោរ ព្រោះសារធាតុចិញ្ចឹមនឹងថយបរិមាណ បើអ្នកហាន់វាជាចំណិតបន្ទះតូចៗ ឬស្តើងៗ។

២. គន្លឹះនៅក្នុងការឆា៖ ភាគច្រើន អ្នកប្រាកដជាចូលចិត្តញ៉ាំអាហារឆាណាស់  ព្រោះវាងាយចម្អិន ឆ្អិនទាន់ចិត្ត ឆាប់បានញ៉ាំ។ បើអ្នកនិយមបែបនេះ សូមធ្វើរឿងមួយចំនួននេះ នៅពេលដែលអ្នកធ្វើឆាបន្លែត្រីសាច់ គឺគួរហាន់សាច់ជា បន្ទះតូចៗវិញដើម្បីឱ្យវាឆ្អិនសព្វសាច់ ប៉ុន្តែពេលឆានៅលើភ្លើង គប្បីកូរវាឱ្យញាប់ដៃ បន្តិច និងប្រើគម្របដើម្បីគ្របផង ហើយមិនគួរដាក់វាចម្អិននៅលើចង្រ្កានយូរពេកទេ ព្រោះវានាំឱ្យបាត់បង់តម្លៃអាហារូបត្ថម្ភមួយចំនួនធំ និងវិធីល្អមួយទៀត គឺត្រូវជ្រើសរើសប្រភេទខ្លាញ់ឆា ដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ មិនសម្បូរដោយសារជាតិឆ្អែតជាដើម ទើបធ្វើឱ្យមានផលល្អ ចំពោះសុខភាពយើង។

៣.គន្លឹះនៅក្នុងការចំហុយ៖ អាហារដែលចម្អិនដោយការចំហុយ គឺវាបានមកពីការ ចំហាយទឹក និងកំដៅភ្លើង វាអាចជួយរក្សាសារធាតុចិញ្ចឹម បានល្អប្រសើរជាងវិធី ផ្សេងៗដូចជាការស្ងោរ ឬចៀនជាដើម ប៉ុន្តែក៏មិនគួរចំហុយយូរពេកនោះដែរ ព្រោះបើកាន់តែប្រើពេលចំហុយយូរ អាហារកាន់តែបាត់បង់គុណភាព។ ដូច្នេះសាច់ឬបន្លែដែលត្រូវបានចំហុយគួរប្រើ ពេលល្មមគួរសមបានហើយ។

៤.គន្លឹះនៅក្នុងការអាំង ឬដុត៖ ការអាំងចាត់ទុកថាជាការរក្សាគុណភាពរសជាតិ របស់អាហារមួយកម្រិតដែរ ហើយគន្លឹះសម្រាប់ការចម្អិនអាហារដោយអាំង ឬដុតនេះ គប្បីអាំងវាជាមួយនឹងកម្តៅភ្លើងតិចៗ មិនឱ្យឆាបខេះខ្លាំងពេក និងមិនគួរអាំងវាឱ្យ ក្រៀមខ្លោច ឬស្វិតពេកដែរ ព្រោះវាបណ្តាលឱ្យអាហារបាត់បង់សារធាតុចិញ្ចឹម និងអាចប្រឈមមុខជាមួយ ជម្ងឺមហារិកផង បើអ្នកញ៉ាំអាហារខ្លោចក្រៀមៗ។

លើសពីនេះទៀតអ្នកគួរទទួលទានផ្លែឈើស្រស់ និងទឹកដោះគោស្រស់ ដែលមាន សារធាតុចិញ្ចឹមផ្សេងៗផង ដើម្បីបន្ថែម DHA ជួយឱ្យមានសុខភាពរឹងមាំ ជាពិសេសគឺកុមារតូចៗ ដែលត្រូវការសារធាតុចិញ្ចឹមជាចាំបាច់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរចម្អិនអាហាររបៀបណា ទើបមិនបណ្តាលឱ្យ បាត់បង់សារធាតុចិញ្ចឹម?