ជំនួប​ជា​វិជ្ជមាន​រវាង​លោកស្រី​ស៊ូជី និង​ក្រុមប្រដាប់​អាវុធវ៉ាដ៏​មាន​អំណាច នៅភូមា

ក្រុមឧទ្ទាមប្រដាប់អាវុធដ៏មានអំណាចបំផុតរបស់ភូមា បានអះអាងនៅថ្ងៃសុក្រនេះ ថាបានជួបសន្ទនាជាមួយលោកស្រីប្រធានដឹកនាំរដ្ឋាភិបាល អ៊ុង សានស៊ូជី ប្រកបដោយទស្សនៈជាវិជ្ជមានបំផុត។ ក្រុមឧទ្ទាមនេះបានបង្ហាញជំហរគាំទ្រសន្និសីទបាងឡុង ស្នើឡើងដោយលោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាព ដើម្បីស្វែងរកសន្តិភាពឱ្យភូមា។ ដំណើរស្វែងរកសន្តិភាពជាអាទិភាពដ៏ចម្បងមួយរបស់រដ្ឋាភិបាល។

តាំងពីបានឯករាជ្យនៅឆ្នាំ១៩៤៨មក ភូមាដែលមានជនជាតិភាគតិចរស់នៅចម្រុះគ្នាដល់ទៅជាង១៣០ជាតិពិន្ធុ ត្រូវប្រឈមនឹងការប៉ះបោរទាមទារស្វ័យភាព យ៉ាងតានតឹងបំផុត ពីសំណាក់ក្រុមប្រដាប់អាវុធផ្សេងៗ។ នៅតាមតំបន់ព្រំដែន មានការប្រយុទ្ធបង្ហូរឈាមគ្នាឥតឈប់មកទល់បច្ចុប្បន្ននេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមប៉ះបោរ ទាំងនោះ។

នៅក្នុងចំណោមនោះ ក្រុមប្រដាប់អាវុធដ៏មានអំណាចមួយក្រុមឈ្មោះថា “យោធារួមរដ្ឋវ៉ា UWSA” បានបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលភូមាតាំងពីឆ្នាំ១៩៨៩មក ជាថ្នូរនឹងការគ្រប់ដែនដីមួយភាគ នៅតំបន់ព្រំដែនជាប់ប្រទេសចិន ដែលល្បីថាជាដែនដីរត់ពន្ធគ្រឿងញៀន។ ក្រុមវ៉ា ជាប់ចោទជាអ្នកជួញដូរគ្រឿងញៀន ដូចជាអាភៀន និងអំហ្វេតាមីន ដើម្បីយកលុយមកទិញអាវុធ។ ក្រុមនេះមានទាហានជាអចិន្ត្រៃយ៍ប្រមាណពី ២ម៉ឺន ទៅ២៥០០០នាក់ និងត្រូវបានចាត់ជាភាគីដ៏សំខាន់មួយ នៃដំណើរការចរចាឈប់បាញ់ ស្នើឡើងដោយរដ្ឋាភិបាល។

នៅថ្ងៃសុក្រនេះ មេដឹកនាំយោធារួមរដ្ឋវ៉ា បានជួបពិភាក្សាជាមួយលោកស្រី អ៊ុង សានស៊ូជី ក្នុងអត្ថន័យជាវិជ្ជមានណាស់ ព្រោះជាដំណាក់កាលដំបូងនៃការស្ថាបនាទំនុកចិត្តរវាងគ្នា។ នេះបើតាមអ្នកនាំពាក្យក្រុមវ៉ា។

លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្ត្រីក្រសួងការបរទេសនិងជាទីប្រឹក្សាពិសេសរបស់រដ្ឋ មានកម្មវត្ថុប្រមូលផ្តុំក្រុមឧទ្ទាមប្រដាប់អាវុធនៅភូមាទាំងអស់ឱ្យមកចូលតុចរចាសន្តិភាព ក្នុងសន្និសីទបានលុងសតវត្សរ៍ទី២១ តាមគំរូចរចាដែលឪពុកលោកស្រីធ្លាប់ដឹកនាំធ្វើកាលពីឆ្នាំ១៩៤៧។

លោកស្រី ស៊ូជី មិនទាន់បានកំណត់កាលបរិច្ឆេទនៃជំនួបប្រជុំនេះទេ ប៉ុន្តែបានបង្កើនកិច្ចពិភាក្សាជាមួយក្រុមប្រដាប់អាវុធៗ ជាច្រើននារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីធានាអះអាថាពិតជានក្រុមឧទ្ទាមចូលរួមច្រើន។ ក្រុមយោធាបានបង្ហាញជំហរគាំទ្រសន្និសីទបានលុងនេះ ហើយសន្យាប្រឹងប្រែងចូលរួមប្រជុំទៀត ដើម្បីបានសន្តិភាព។

ថ្វីបើលោកស្រីបានបង្កើនការអំពាវនាវរកសន្តិភាព ដោយបង្ហើបលទ្ធភាពបង្កើតជារដ្ឋសហព័ន្ធដើម្បីផ្តល់អំណាចដល់តំបន់នីមួយក្តី ក៏ ក្រុមប្រដាប់អាវុធជាច្រើនផ្សេងទៀត នៅតែច្បាំងជាមួយរដ្ឋាភិបាល ជាពិសេសនៅតំបន់កាជិន ភាគខាងជើង និងសាន ភាគខាងកើតប្រទេស៕

ប្រភព៖ RFI


Related Posts