បើក​ឡានតែ​រវល់ងាក​មើល​មនុស្ស​ខ្យល់.គរ ​ដឹង​អី​​មានក្មេង​​ខាង​​មុខ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​ម្នាក់ ត្រូវ​រថយន្ត​ម៉ាក​PAJERO​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​០៦​យប់​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦៩ ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដោយសារ​តែ​អ្នក​បើករថយន្ត​មានការ​ធ្វេសប្រហែស ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ហ៊ួ ម៉េ​ង​សឺ អាយុ​៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ រីឯ​ភាគីរ​ថយ​ន្ក​ម៉ាក PAJERO​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-6848 អ្នកបើកបរ​ឈ្មោះ​លាង ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។

ប្រភព​បន្ត​ថា រថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​អ្នក​បើករថយន្ត​នោះ​បាន​បន្ថយល្បឿន​ដែរ ប៉ុន្តែ​បាន​ងាក​មើលទៅ​ម្ខាង​ថ្នល់ ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ចោមរោម​មើល​មនុស្ស​ខ្យល់​.​គរ​ ដោយ​មិន​បាន​មើលផ្លូវ​ខាង​មុខ​ទេ ។ ពេល​នោះ ក៏​បុក​ក្មេង​ប្រុស​ដែល​កំពុង​ដើរ​ឆ្លងថ្នល់​តាម​ឪពុក បណ្ដាល​ឱ្យ​ស្លាប់​ៗ​តែ​ម្ដង ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត និង​អ្នក​បើក​បាន​ភ្លាម​ៗ ៕