​ចឹងតើ! បាន​ហៅឈប់​យ៉ាងណា ក៏មិន​ព្រម

ស្រុក​ពញាក្រែក​ ៖ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ក្រុម​ឈ្មួញ​ដែល​ធ្លាប់​តែងតែ​រកស៊ី​ដឹកឈើ​ប្រណីត​ ចេញ​ទៅ​កាន់​ប្រទេស​វៀត​ណាម ​តាម​រថយន្ត​ធំ​ៗ បែរជា​បង្វែរ​មក​លួចលាក់​ដឹក​តាម​រថយន្ត​តូច​ៗវិញ​ម្តង ​​ដោយ​​ឈ្មួញ​ទាំងនោះ​ គឺ​មុខ​ដដែល​ៗ​ ។

ជាក់ស្តែង​ កាលពីវេលា​​ម៉ោងជាង​​០​៩​យប់ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ​រថយន្ត​កាម​រី​ឆ្លាម​​មួយ​​គ្រឿង មាន​ដឹកឈើ​ប្រភេទឈើ​​នាងនួន​ពេញ ចេញពី​ទឹកដី​ខេត្តក្រចេះ​ លុះ​មកដល់​ត្រង់​ស្ពាន​ជ្រាវ​ព្រំប្រទល់​ (មេមត់​-​ក្រចេះ) ក៏​ត្រូវ​​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដេញ​ស្ទាក់​ចាប់​ក្នុងចម្ងាយ​​​​៥០​គីឡូម៉ែត្រ​ ទើប​ចាប់​បាន ។

លោក​វរ​សេនី​យ៍​​ត្រី ឈុ​ន សំ​អូន មេបញ្ជាការ​ស្នាក់​ការ​សន្តិសុខ​៧០១ ប្រចាំការ​​នៅ​ស្រុក​ពញា​ក្រែកបាន​ឱ្យ​​ដឹងថា ដំបូង​​ពេល​ដែល​រថយន្ត​ខាងលើ​នេះ បើក​ឆ្លងកាត់​ស្ពាន​ជ្រាវ មាន​សភាព​ធ្ងន់ខុស​ប្លែក​ពី​ធម្មតា​នោះ​ សមត្ថកិច្ច​ដាក់​​ការ​សង្ស័យ​​អាច​មាន​ផ្ទុក​បទ​ល្មើស​​អ្វីមួយ ក៏​បាន​លើក​សញ្ញាឱ្យ​​ឈប់​ដើម្បី​​ត្រួតពិនិត្យ  តែ​រថយន្ត​នោះ​មិន​ព្រម​​ឈប់​ទេ គឺ​រឹត​តែ​បន្ថែម​ល្បឿន​ ទៅ​មុខ​ទៀត ។

ប​ន្ទាប់​មក ក៏មាន​​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ​​ក្នុង​នោះ​មាន​អាវុធហត្ថ រដ្ឋបាល​ព្រៃឈើ នគរបាល​សេដ្ឋកិច្ច បាន​ពង្រា​យកម្លាំ​ង​តាម​គោលដៅ​​នីមួយ​ៗ​ ដើម្បី​ស្ទាក់​ចាប់ ។ តែ​អ្នកបើកបរ​រថយន្ត​កាម​រី​ឆ្លាម ទោះបីជា​ហៅ​យ៉ាងណា​ ក៏​មិន​ព្រម​ឈប់​ដែរ គឺ​នៅ​​តែ​បន្ត​ដំណើរ​បើក​​ទៅ​មុខ​ទៀត ។

​ដល់​វេលា​ម៉ោង​ជិត​១១​យប់​​ ស្របពេល​ដែល​​បើ​​មក​ដល់​ត្រង់​ម្តុំ​ហាង​កណ្តៀង​​ស្រស់ ក្នុង​ឃុំ​កោង​កាង ស្រុក​ពញាក្រែក ក៏​ត្រូវ​បាន​អា​វុ​ធ​ហត្ថ​ស្នាក់​ការ​៧០១ ​របស់​លោក​ស្ទាក់​ចាប់​ជាប់​​ដោយ​ឃាត់​បាន​មនុស្ស​៣​នាក់ ​ក្នុង​នោះ​មាន​អ្នក​បើក​រថ​យន្ត​ម្នាក់ ស្ត្រី​ម្នាក់ និង​កូន​​ក្មេង​ម្នាក់ រួម​ទាំង​វត្ថុ​តាង​ឈើ​នាងនួន​ ហើយ​បាន​ប្រគល់បន្ត​​ទៅ​​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​មេមត់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។