តិកនិចញ៉ាំអាហារប៊ូហ្វេ យ៉ាងណាទើបចំណេញលុយ និងសប្បាយក្នុងការញ៉ាំ

ភ្នំពេញ៖ ជាទូទៅសម្រាប់យុវវ័យភាគច្រើន ដែលក្រោយពីពេលពួកគេសម្រាកពីការងារ ឬពីការសិក្សា នៅពេលទំនេរ ដែលជាពិសេសទៀតនោះ គឺពេលល្ងាចតែម្តង ពួកគេចូលចិត្ត ជួបជុំមិត្តភក្តិ ទទួលទានអាហារនៅខាងក្រៅជុំគ្នា ដូចជា សាច់អាំង ស៊ុប អាហារប៊ូហ្វេ រឺអាហារតាមចញ្ចើមផ្លូវ ជាដើម ដែលញ៉ាំងឲ្យការជួបជុំរឹតតែមានភាពអូ៊អរ និងសប្បាយរីករាយ។

ជាការពិតណាស់ មិនថាយ៉ាងណា យើងអាចសង្កេតឃើញថា បច្ចុប្បន្ននេះយុវវ័យសម័យទំនើបមួយចំនួន ចូលចិត្តទទួលទាននូវប្រភេទ អាហារប៊ូហ្វេ ដែលជាប្រភេទអាហារ ដែលបង់ប្រាក់តែមួយដង តែអាចឲ្យពួកគេទទួលទាន បានច្រើនមុខ ដូចជា ត្រី សាច់ បង្គា មឹក ក្តាម ស៊ុប សាច់អាំង ។ល។ ទៅតាមគោលការណ៍របស់ភោជនីយដ្ឋាននោះ  ដោយអាចឲ្យពួកគេញ៉ាំបានមួយសេរី និងមួយចំអែត។

ទន្ទឹមនឹងនេះផងដែរ ថ្ងៃនេះ ខ្មែរឡូត ក៏បានសាកសួរពីតិកនិចមួយចំនួន នៃការទទួលទានអាហារប៊ូហ្វេ របៀបណាទើបចំណេញលុយ និងសាកសមទៅនឹងតម្លៃដែលយើងបង់? ពីព្រោះថា មុខម្ហូបតូចៗនៅក្នុងអាហារប៊ូហ្វេ គឺមានច្រើនមុខ ដែលពេលខ្លះយើងសឹងតែមិនអាចញ៉ាំ វាបានគ្រប់មុខថែមទៀតផង ដោយសារតែយើងមិនសូវដឹងពីតិកនិច នៃការញ៉ាំអាហារអស់ទាំងនេះ។   

មិនថាយ៉ាងណា ថ្ងៃនេះ ខ្មែរឡូតបានធ្វើការសម្ភាស៍ផ្ទាល់ ជាមួយនឹងអ្នកដែលមានបទពិសោធន៍ចូលចិត្ត ទទួលទានអាហារប៊ូហ្វេជាច្រើនកន្លែង ដែលពួកគេនឹងបង្ហាញ ពីតិកនិចពិសេស ដែលជួយឲ្យអ្នកចូលចិត្ដទទួលទាន អាហារប៊ូហ្វេ មានភាពជោគជ័យក្នុងការទទួលទាន ដូចនេះកុំឲ្យខាតពេលយូរ សូមស្វែងយល់ទាំងអស់គ្នា៖

ជួបជាមួយ កញ្ញា ឈឹម ស្រីនាថ អាយុ ២១ឆ្នាំ ជានិស្សិតនៃ វិទ្យាស្ថានស៊ីតិក ផ្នែកពាណិជ្ជកម្មព័ត៌មានវិជ្ជា។ ចំណង់ចំណូលចិត្ត នោះគឺចូលចិត្តទទួលទាន ប្រភេទអាហារប៊ូហ្វេបំផុត ឬក៏អាចនិយាយបានថា ញៀននឹងញ៉ាំអាហារប៊ូហ្វេ ផងដែរ ។ 

ដោយក្នុងនោះផងដែរ ស្រីនាថក៏បាន ចែករំលែកនូវ បទពិសោធន៍ និងតិកនិចមួយចំនួន ប្រាប់មកកាន់ខ្មែរឡូតផងដែរ ដោយនាងបានរៀបរាប់ថា៖ 

« ដើម្បីញ៉ាំអាហារប៊ូហ្វេឲ្យចំណេញ ដំបូងបើយើងមានគម្រោងថា នឹងទៅញ៉ាំអាហារប៊ូហ្វេនៅពេលល្ងាច ដូចនេះយើងគប្បីកុំទាន់អាលញ៉ាំអ្វីមកពីផ្ទះជាមុនអី ជាពិសេសនោះគឺ អាហារថ្ងៃត្រង់យើងមិនគួរញ៉ាំវាទេ យើងគួរតែទុកពោះឲ្យនៅទំនេរ ឲ្យឃ្លាន ដើម្បីញ៉ាំសរុបនៅពេលល្ងាច ប៉ុន្តែមិនថាយ៉ាងណា សម្រាប់អាហារពេលព្រឹកវិញយើងត្រូវតែញ៉ាំ ព្រោះវាជាអាហារដ៏សំខាន់សម្រាប់សារពាង្គកាយ។ រីឯវិធីញ៉ាំវិញ

-ទី១ យើងមិនគួរផឹកទឹកច្រើនពេកនោះទេ ព្រោះវាធ្វើឲ្យយើងឆាប់ឆ្អែត ហើយបើយើងស្រេកទឹក គួរណាញ៉ាំអ្វីផ្សេងជាការបន្លប់វិញទើបប្រសើរ។

-ទី២ បើចៀសវាងបាន សូមកុំញ៉ាំអាហារណា ដែលមានជាតិទឹកច្រើន ដែលជាធម្មតាអាហារប៊ូហ្វេភាគច្រើន ជាប្រភេទស៊ុប ដូចនេះ យើងគប្បីស្រង់ញ៉ាំតែកាកៗឲ្យបានច្រើនវិញទើបល្អ។

-ទី៣ បើយើងញ៉ាំ ហើយមានអារម្មណ៍ថាឆ្អែត យើងគួរណាអង្គុយសម្រាកសិន ឬអង្គុយជជែកគ្នា ដើម្បីឲ្យរំលាយអាហារ ឬអាចនិយាយបានថា ឲ្យស្រកពោះសិន លើសពីនេះ ខ្ញុំសូមណែនាំថា គួរតែទៅជាលក្ខណៈក្រុមមិត្ដភិក្ដ ឬគ្រួសារទើបល្អ ដើម្បីសំបូររឿងជជែកគ្នាពីនេះពីនោះ ពីព្រោះថា កាលណាដែលយើងនិយាយច្រើន វាធ្វើឲ្យយើងបញ្ចេញកំលាំង និងបញ្ចេញថាមពលអស់ច្រើន ដូចនេះវាធ្វើឲ្យយើងឆាប់ឃ្លានវិញ បន្ទាប់មកយើងក៏បន្តញ៉ាំបន្ថែមទៀត។

-ទី៤ យើងគួរណា ចំណាយពេលពី២ម៉ោង ទៅ៣ម៉ោង ដើម្បីញ៉ាំវា ទើបជាការល្អប្រសើរ។

ម៉្យាងវិញទៀត សម្រាប់នាងខ្ញុំផ្ទាល់ ខ្ញុំគិតថា ការញ៉ាំអាហារប៊ូហ្វេ គ្មានអ្វីដែលត្រូវប៉ះពាល់ ចំពោះសុខភាពឡើយ ព្រោះវាត្រឹមតែជារបស់ញ៉ាំតែប៉ុណ្ណោះ ដូចនេះវាគ្មានអ្វីប៉ះពាល់ ដល់របស់សុខភាពនោះទេ ប៉ុន្តែមិនថាយ៉ាងណា វាអាចប៉ះពាល់សម្រាប់អ្នកដែលចង់សម្រកទម្ងន់ តែប៉ុណ្ណោះ បើខ្លាចធាត់ ឬក៏ខ្លាចឡើងទម្ងន់មិនបាច់ញ៉ាំអាហារប៊ូហ្វេល្អជាង។ រីមួយក៏មិនចង់ឲ្យឡើងទម្ងន់បន្ទាប់ពីញ៉ាំអាហារប៊ូហ្វេរួច យើងគួរណាតែធ្វើការហាត់ប្រាណខ្លះៗទៅ ក៏ប្រសើរដែរ។» 

ទន្ទឹមនឹងនេះផងដែរ យុវជន ឈ្មោះ ថៃ ផេង មកពីវិទ្យាស្ថានស៊ីតិកដូចគ្នា ក៏បានបង្ហើបពីតិកនិចខ្លះៗផ្សេងទៀត ពីការទទួលទានអាហារប៊ូហ្វេឲ្យចំណេញផងដែរ ដោយក្នុងនោះបានលើកឡើងថា៖ 

«ជាធម្មតាការញ៉ាំអាហារប៊ូហ្វេ ដាច់ខាតអ្នកកុំខ្លាចថា “អឺ!យើងញ៉ាំច្រើនពេក តិចអ្នកលក់ខាតទៅ” ទេ!ទេ! តាមពិតទៅ មុននឹងគេរៀបចំ អាហារជាមួយនឹងការកំណត់តម្លៃទាំងនេះ គេបានគិតគូរ ពីបរិមាណដែលយើងញ៉ាំរួចរាល់អស់ទៅហើយ ដូចនេះកុំទៅគិតអ្វីបែបនោះ។

មិនថាយ៉ាងណា ការញ៉ាំអាហារប៊ូហ្វេឲ្យមានការចំណេញ គឺងាយស្រួលបំផុត ដំបូងយើងត្រូវជ្រើសរើស យកម្ហូបអាហារណាដែលថ្លៃៗមកញ៉ាំបានហើយ ដូចជា សាច់គោ បង្កា មឹក ក្តាម ព្រុយត្រីសាមុង ជាដើម ហើយកុំផឹកទឹកច្រើនពេក ព្រោះវាធ្វើឲ្យយើងឆាប់ឆ្អែត។

ចំណែកឯ ផលប៉ះពាល់ពីការញ៉ាំអាហារប៊ូហ្វេនេះ គឺវាគ្មានអ្វីច្រើននោះទេ បើសិនណាជាយើងញ៉ាំតិច វាធ្វើឲ្យយើងខាតលុយ ហើយជាទូទៅ ការញ៉ាំអាហារបែបនេះ វាធ្វើឲ្យរាងកាយរបស់យើង ឡើងជាតិ កូឡេស្តូរ៉ល់ច្រើន ដូចនេះ ហាត់ប្រាណបន្តិចបន្តួចទៅជាការស្រេច។

ហើយជាធម្មតា ការញ៉ាំអាហារប៊ូហ្វេ យើងត្រូវចំណាយពេលពេលវេលាយ៉ាងយូរ ពី២ម៉ោងកន្លះ ទៅ ៤ម៉ោង ទើបជាការល្អ។ » 

យ៉ាងណាមិញ ការទទួលទានអាហារប៊ូហ្វេច្រើនពេក ក៏មិនសូវល្អសម្រាប់សុខភាពប៉ុណ្ណាដែរ  វាអាចធ្វើឲ្យយើងឡើងជាតិកូឡេស្តេរ៉ូលខ្ពស់ លើសជាតិសាច់ និងលើសជាតិខ្លាញ់ជាដើម។ ប៉ុន្តែមិនថាយ៉ាងណា ការទទួលទានអាហារប៊ូហ្វេ ក៏អាចឲ្យយើងចំណេញច្រើនដែរ ដូចជាយើងបង់ប្រាប់តែមួយដង ប៉ុន្តែញ៉ាំបានមួយឆ្អែត ញ៉ាំបានច្រើនមុខ ព្រមទាំងសប្បាយរីករាយ ដែលជាពិសេសទៀតនោះ គឺពេលវេលាទទួលទាន អាហារជួបជុំមិត្តភក្កិបងប្អូនតែម្តង។

ចុះសម្រាប់ប្រិយមិត្ដយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិកនិចញ៉ាំអាហារប៊ូហ្វេ យ៉ាងណាទើបចំណេញលុយ និងសប្បាយក្នុងការញ៉ាំ

តិកនិចញ៉ាំអាហារប៊ូហ្វេ យ៉ាងណាទើបចំណេញលុយ និងសប្បាយក្នុងការញ៉ាំ

តិកនិចញ៉ាំអាហារប៊ូហ្វេ យ៉ាងណាទើបចំណេញលុយ និងសប្បាយក្នុងការញ៉ាំ

តិកនិចញ៉ាំអាហារប៊ូហ្វេ យ៉ាងណាទើបចំណេញលុយ និងសប្បាយក្នុងការញ៉ាំ