១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​កង់​នោះ វា​មាន​តម្លៃ​ណាស់​ទៅ​ឬ​សម្រាប់​គាត់ ? បើ​ទោះបីជា​វា​មិន​មាន​តម្លៃ​មហាសាល តែបើ​គិត​ពី​អនុស្សាវរីយ៍​ដែល​វា​នៅ​ជាមួយ​គឺ​អាច​និយាយ​បាន​ថា វា​និង​លោក Shun គឺ​ពិតជា​យល់ចិត្ត​គ្នា​ល្អ​ណាស់ រក​អ្វី​មក​ប្រៀប​មិន​បាន​ឡើយ ដូច្នេះ​វា​ពិតជា​មាន​តម្លៃ​សម្រាប់​លោក ។

គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​បុរស​ជនជាតិ​ជប៉ុន​ឈ្មោះ Shun Yanagisawa បាន​បាត់​កង់​របស់​គាត់​នៅ​ទឹកដី​ទីក្រុង​ភ្នំពេញ ។ បើ​ទោះបីជា​លោក​ពុំ​មាន​សង្ឃឹមថា នឹង​រក​ឃើញ​វា​វិញ​ក៏ដោយ តែ​ចាប់តាំងពី​ថ្ងៃ​បាត់​រហូត​ដល់​ថ្ងៃ​ទី​២៩ កក្កដា នេះ លោក​មិន​បាន​បោះបង់​ការ​ព្យាយាម​តាម​រក​នោះ​ទេ គឺ​នៅ​តែ​ចេញ​ដើរ​រក​ត្រុ​ក​ៗ​នៅ​តំបន់​ជុំវិញ​ផ្សារ​កណ្ដាល និង​ផ្សារ​អូរ​ឬ​ស្សី ដើម្បី​ឱ្យ​អស់ចិត្ត មុន​នឹង​លោក​ត្រូវ​ជិះ​រថយន្តក្រុង​ឆ្ពោះទៅ​ប្រទេស​ថៃ និង​បន្ដដំណើរ​ទៅ​ប្រទេស​របស់​ខ្លួន​វិញ នៅ​ថ្ងៃ​ទី​៣០ កក្កដា ដែល​ធ្វើ​ឱ្យ​មហាជន​សម្ដែង​ការ​ចូលរួម​សោកស្ដាយ អាណិតអាសូរ​ក្រៃ​លែង ក្រោយ​ពី​កោះសន្ដិភាព​បាន​ចុះ​ផ្សាយ​អំពី​ព័ត៌មាន​នេះ ។

នៅ​ព្រឹក​ថ្ងៃនេះ ​ថ្ងៃ​ទី​៣០ ខែកក្កដា ២០១៦ មុន​ចាក​ចេញពី​កម្ពុជា លោក​បាន​រៀបរាប់​ថា «​ខ្ញុំ​នឹង​ចាក​ចេញពី​កម្ពុជា ហើយ​សង្ឃឹមថានឹង​មាន​តម្រុយ​ខ្លះ​ពី​កង់​របស់ខ្ញុំ បើ​ទោះបី​ខ្ញុំ​ទៅ​ដល់​ជប៉ុន​ក៏​ដោយ​។ ប្រសិនបើ​សមត្ថកិច្ច ឬ​បងប្អូន​ខ្មែរ​បាន​រក​ឃើញ​វិញ សូម​មេត្តា​ផ្ដល់​ដំណឹង មក​សារព័ត៌មាន «​កោះសន្ដិភាព​» យ៉ាង​យូរ​២​ស​ប្ដា​ហ៍​ក្រោយ ខ្ញុំ​នឹង​មក​យក​វា​វិញ​» ។ ទន្ទឹម​នឹង​នេះ លោក​ក៏​សូម​អរគុណ​សារព័ត៌មាន​កោះសន្ដិភាព​ដែល​បាន​ជួយ​ចុះ​ផ្សាយ​ពី​ព័ត៌មាន​របស់​លោក និង​អរគុណ​ដល់​ទឹកចិត្ត​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​បាន​អាណិតអាសូរ​ដល់​រូប​លោក ។

ជាមួយ​គ្នា​នេះ កោះសន្ដិភាព​សូម​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀង ចំពោះ​បងប្អូន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រសិនបើ​ប្រទះ​ឃើញ និង​បាន​ស្គាល់​កង់​ដូច​មាន​ភិនភាគ​ក្នុង​រូបថត​នេះ សូម​ជួយ​ផ្ដល់​ដំណឹង​មក​សារព័ត៌មាន​«​កោះសន្ដិភាព​»​ផង តាម​រយៈ​លេខ​ទូរស័ព្ទ ០១៧ ៤៤៩ ០១៧ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ខ្មែរ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា និង​ស្រឡាញ់​មុខមាត់​ប្រទេស​ជាតិ ។ ចំពោះ​រង្វាន់​លើកទឹកចិត្ត គឺ​កោះសន្តិភាព​បាន​សម្រេច​ចេញ​ជំនួស​ម្ចាស់​កង់ ។

គួរ​បញ្ជាក់​ថា លោក Shun Yanagisawa បាន​ជិះ​កង់​ចាក​ចេញពី​ជប៉ុន ឆ្លងកាត់​ជា​ច្រើន​ប្រទេស ទើប​មក​ដល់​កម្ពុជា ដូច​ជា កោះ​តៃ​វាន់​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី ម៉ា​ឡេ​ស៊ី​, ថៃ ដែល​គិត​ចាប់ពី​ធ្វើ​ដំណើរ​មក​ដល់​ពេល​នេះ​ជិត​១​ឆ្នាំ​ហើយ ។ ជា​អកុសល កាលពី​ថ្ងៃ​ទី​១៨ កក្កដា នៅ​ពេល​លោក​មក​ស្នាក់​នៅ​សណ្ឋាគារ Aura Thematic Hostel ស្ថិត​នៅផ្ទះ​លេខ​២០៥ ផ្លូវ​លេខ​១៩ ក្រោយ​ព្រះ​បរមរាជវាំង កង់​របស់​គាត់​ក៏​ត្រូវ​ចោរលួច​បាត់ ។ សណ្ឋាគារ​តូច​មួយ​នេះ សមត្ថកិច្ច​និយាយ​ថា បាត់បង់​របស់​ភ្ញៀវ​ច្រើន​ដង​ហើយ កន្លង​មកនេះ ។

គួរ​កត់​សម្គាល់ថា នៅ​តំបន់​លក់​កង់​ផ្សារ​អូរ​ឫស្សី គ្រាន់តែ​ឃើញ​ជនជាតិ​ជប៉ុន​រូប​នេះ​ដើរ​មើល​ពួក​គេ​ស្គាល់​ភ្លាម ហើយ​និយាយ​ថា នោះ​«​ជប៉ុន​បាត់​កង់​» ។ អ្នកលក់​កង់​ញញឹម​ស្វាគមន៍ ព្រោះ​ពួក​គេ​បាន​ស្គាល់​មុខ​តាម​រយៈ​ការ​ផ្សាយ​របស់​សារព័ត៌មាន និង​គេហទំព័រ​កោះសន្តិភាព​។ តាម​រយៈ​ការ​ផ្សាយ​របស់​កោះសន្តិភាព ទោះ​គាត់​ដើរទៅ​ទីណា ដូច​ជា​តំបន់​ផ្សារ​ចាស់ ផ្សារ​កណ្តាល ត្រូវ​បាន​គេ​ស្គាល់ និង​គេ​ហៅ​ថា «​ជប៉ុន​បាត់​កង់​» ដែរ ។

សោកស្ដាយ​ណាស់ មិនដឹង​ថា តើ​កង់​នោះ ត្រូវ​គេ​លួច​យក​ទៅ​លាក់​នៅ​ទីណា​នៅឡើយ​ទេ​។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​រក​ឃើញ​នៅឡើយ ។ មាន​តែ​ការ​ឆ្លើយ​តប​តាម​ទូរស័ព្ទ សម្ដែង​នូវ​ការ​សោកស្ដាយ​ប៉ុណ្ណោះ ។

ដូច្នេះ បងប្អូន​ណា​ដែល​បាន​យក​កង់​នេះ​ទៅ ដោយ​ប្រការ​ណាមួយ​នោះ គួរ​ប្រគល់​ឱ្យ​វិញ តាម​រយៈ​កោះសន្ដិភាព ដែល​យើងខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សង្ឃឹមទុក​មុន នូវ​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត រួមចំណែក​រក្សា​មុខមាត់ សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ​យើង ព្រមទាំង​មានការ​ជូន​រង្វាន់​សមរម្យ​ទៀត​ផង ៕