បទល្មើស​ឃុបឃិត​លក់​ដីព្រៃ​សហគមន៍​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ត្រូវបាន​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​រក្សា​ភាព​ស្ងៀមស្ងាត់​

បើទោះបី​មាន​ក្រុម​ជនល្មើស​ឃុបឃិត​គ្នា​លក់​ដីព្រៃ​សហគមន៍​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស យ៉ាង​អនាធិបតេយ្យ​ក៏ដោយ ក៏​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​អភិបាលខេត្ត​កំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​។ ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ ដី​ព្រៃឈើ​សហគមន៍​ភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ ទំហំ​៤០០​ហិកតា​ត្រូវ​ក្រុមប្រឹក្សាឃុំ​ក្រាំង​ស្គារ និង​ប្រធាន​សហគមន៍​ព្រៃឈើ​ភ្នំ​តា​សាំ ឃុបឃិត​គ្នា​លើក​ភ្លឺ​ក្រវាត់​ជា​ព្រំដី​លក់​ទៅ​ឲ្យ​ឈ្មួញ​ម្នា​ក់នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុង​១​ហិកតា​តម្លៃ​៧៥០​ដុល្លារ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ទឹកផុស ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ហិនហោច​ព្រៃ​សហគមន៍​ភ្នំ​តា​សាំ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គ្រោង​ឃុបឃិត​គ្នា​រៀបចំ​ឯកសារ​លក់​ដីព្រៃ​ទំហំ​១០០០​ហិកតា​បន្ថែមទៀត​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មេឃុំ​ក្រាំង​ស្គារ ឈ្មោះ គង់ សំ​អ៊ី​ម ដែល​ឃុបឃិត​ជាមួយ​ឈ្មោះ សុខ សុវណ្ណ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ និង​ឈ្មោះ សៅ ខេ ប្រធាន​សហគមន៍​ព្រៃឈើ​ភ្នំ​តា​សាំ បាន​រត់ការ​លក់​ដី​ឲ្យ​ឈ្មួញ​ម្នា​ក់នៅ​ស្រុក​បរិបូរណ៍ ទំហំ​៤០០​ហិកតា​។ ឈ្មួញ​ទិញ​ដី​នោះ​ត្រូវគេ​ស្គាល់​ថា​ជា​ស្ត្រី​ម្នាក់ នៅ​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ ហើយ​ឈ្មួញ​រូបនេះ​តាមរយៈ​អ្នក​គួ​ក​ជេ​ឈ្មោះ ម៉ាត់ រ័ត្ន បានក​ក់លុយ​២​ម៉ឺន​ដុល្លារ​ឲ្យ​មនុស្ស​៣​នាក់​ខាងលើ​។ បញ្ហា​នេះ​អភិបាលស្រុក​ទឹកផុស ក៏ដូចជា​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​រក្សា​ភាពស្ងប់ស្ងាត់​បើទោះបី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំង​ស្គារ សុំ​អន្តរាគមន៍​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ក៏ដោយ​។

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ភ្នំ​តា​សាំ ព្រោះ​ក្រុម​ជនល្មើស​ឃុបឃិត​គ្នា​លក់​យកលុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម ក្នុងខណៈដែល​ព្រៃឈើ​រាប់ពាន់​ហិកតា​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​លើកឡើង​ដែរ​ថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស និង​លោក គង់ សំ​អ៊ី​ម មេឃុំ​ក្រាំង​ស្គារ​ទេនោះ គឺ​បទល្មើស​ទន្ទ្រាន​កាន់កាប់​និង​លក់​ដីព្រៃ​សហគមន៍​មិនអាច​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បានឡើយ​។ ដូច្នេះ​វិធានការ​ច្បាប់​ទៅលើ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់នោះ គឺជា​ប្រការ​ដ៏​សំខាន់បំផុត​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ភ្នំ​តា​សាំ ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

WAT-2907k​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស WAT-2907M WAT-2907L