ការបែកបាក់​ក្នុងសង្គម​កម្ពុជា ធ្វើ​ឲ្យ​មាន​អំពើ​ឃាតកម្ម​និង​សោដ​នាដកម្ម​កើត​ឡើងជា​បន្តបន្ទាប់​

ករណី​ឃាតក​បាញ់សម្លាប់​លោក កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ក៏បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។ ក្នុងនោះ​លោក Joachim von Marschall អតីត​ឯកអគ្គរដ្ឋទូត​អា​ល្លី​ម៉​ង់​ប្រចាំ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​កាលពី​សប្ដាហ៍​មុន​បាន​លើកឡើងថា បរិយាកាស​នយោបាយ​និង​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​លក្ខណៈ​បែកបាក់​ខ្លាំង​ដែលជា​កត្តា​ជំរុញ​ឲ្យ​មាន​ព្រឹ​ត្ត​ការណ៍​សម្លាប់​សកម្មជន​ដូចជា លោក កែម ឡី នាពេល​ថ្មីៗ​នេះ​ជាដើម​។

លោក Joachim von Marschall បានកត់សម្គាល់​អំពី​ភាព​អាប់អួរ​នៃ​ស្ថានភាព​នយោបាយ ក៏ដូចជា​បញ្ហា​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដោយ​លោក​បញ្ជាក់ថា បរិយាកាស​នយោបាយ​និង​សង្គម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មានការ​បែកបាក់​យ៉ាងខ្លាំង​ដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​ផ្សេងៗ​។ លោក Joachim von Marschall បានកត់សម្គាល់​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​ដែរ​ថា ថ្វីបើ​កម្ពុជា​បាន​ចូលក្នុង​ចំណាត់ថ្នាក់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្ដី ក៏​កិច្ចប្រឹងប្រែង​កែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងមក នៅ​មិនទាន់បាន​ដោះស្រាយ​បញ្ហា​គម្លាត​ទ្រព្យសម្បត្តិ​រវាង​អ្នកមាន​និង​អ្នកក្រ​ដែល​ត្រូវ​បង្ហាញ​ជាថ្មីទៀត​នៅក្នុង​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក​(Global Witness) នៅឡើយ​ទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បាន​ទទួលស្គាល់ថា ការកត់សម្គាល់​របស់​លោក Joachim von Marschall អតីត​ឯកអគ្គរដ្ឋទូត​អា​ល្លី​ម៉​ង់​ប្រចាំ​កម្ពុជា គឺ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង​។

សូមបញ្ជាក់ថា​លោក Joachim von Marschall បានមក​ធ្វើជា​ឯកអគ្គរដ្ឋទូត​អា​ល្លី​ម៉​ង់ កាលពី​ខែកញ្ញា ឆ្នាំ​២០១៣ គឺ​ក្នុងអំឡុង​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាព​រញ៉េរញ៉ៃ​ក្រោយ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ដែលជា​ប្រវត្តិសាស្ត្រ​មួយ​គណបក្សប្រឆាំង​បាន​កើន​ប្រជាប្រិយភាព​។ លោក Joachim von Marschall បានបញ្ចប់​បេសកកម្ម​ការទូត​របស់​លោក​ភ្លាមៗ​ក្រោយពេល​មាន​ហេតុការណ៍​បាញ់សម្លាប់​លោក កែម ឡី អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា​។ ក្នុង​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អា​ល្លី​ម៉​ង់​ប្រមាណ​៣​ឆ្នាំ លោក Joachim von Marschall បាន​ជួបប្រទះ​ការឡើង​កម្ដៅ​និង​ថយកម្ដៅ​នយោបាយ​នៅ​កម្ពុជា ក៏ដូចជា​ការបង្ក្រាប​កាន់តែខ្លាំង​ទៅលើ​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។

ទស្សនៈ​របស់លោក Joachim von Marschall នៅពេលដែល​លោក​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នោះ គឺ​លោក​អំពាវនាវ​ឲ្យ​មានការ​សន្ទនា​ផ្នែក​នយោបាយ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា គេ​មិនគួរ​មានការ​រំពឹងទុក​អ្វី​អំពី​ការផ្លាស់ប្ដូរ​នយោបាយ​ក​ម្ពុ​ជា​ឲ្យ​ហួស​ពី​លទ្ធភាព​ជាក់ស្ដែង​នោះទេ​។ លោក Joachim von Marschall បានបញ្ជាក់​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា មាន​មហិច្ឆតា​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​នៅ​កាន់អំណាច​ជាដាច់ខាត​។ ទោះជា​យ៉ាងណាក៏ដោយ​លោក Joachim von Marschall បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ការផ្លាស់ប្ដូរ​នឹងមាន​ជាដាច់ខាត ដែល​ការផ្លាស់ប្ដូរ​នេះ​តម្រូវ​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ធ្វើការ​ទាមទារ និង​ការរំពឹងទុក​ក្នុង​ជីវិត​ច្រើនជាង​មុន​។ ទស្សនៈ​របស់លោក Joachim von Marschall គឺជា​រឿង​មួយ​ដែល​មជ្ឈដ្ឋាន​នានា​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការបែកបាក់​ក្នុងសង្គម​កម្ពុជា និង​ផលវិបាក​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ផងដែរ​៕

daa785c541063942f4c7de7d51042619លោក Joachim von Marschall 13652558_164110990676536_1959308233_n