រដ្ឋ​អឺរ៉ុប​ខ្លះ​ស្ទាក់ស្ទើរ​ទទួលយក​ជន​ភៀសខ្លួន ព្រោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​? និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-30-2016, 10:03 am         165

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋ​អឺរ៉ុប​ខ្លះ​ស្ទាក់ស្ទើរ​ទទួលយក​ជន​ភៀសខ្លួន ព្រោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​?ការវាយប្រហារ​ជា​បន្តបន្ទាប់ បើទោះជា​មាន​លក្ខណៈ​ជា​អំពើ​ភេរវកម្ម​ក្ដី ឬ​មិនមែន​ក្ដី កំពុងតែ​អង្រួន​តំបន់​អឺរ៉ុប​យ៉ាងខ្លាំង​។  ការវាយប្រហារ​កើតឡើង​ចាប់ពី​បារាំង ដល់​បែលហ្ស៊ិក បន្ត​ដល់​អាល្លឺម៉ង់ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​បាត់​បង់ជីវិត និង​របួស ហើយ​បញ្ហា​នេះ​បង្ក​ជាការ​សង្ស័យ​ទៅលើ​គោលនយោបាយ​ទទួលយក​ជនភៀសខ្លួន​របស់​អឺរ៉ុប​ផង​។ នេះ​ក៏ដោយ​សារ​ជនដៃដល់​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​នេះ ភាគច្រើន​ជា​ជនភៀសខ្លួន​ស្វែងរក​សិទ្ធិ​ជ្រកកោន​។ ទោះយ៉ាងណា​ក្ដី បន្ទាប់ពី​ការវាយប្រហារ​នេះ ក៏​នៅតែមាន​រដ្ឋ​អឺរ៉ុប​ខ្លះ បន្ត​ជំហរ​ទទួលយក​ជនភៀសខ្លួន​ដដែល​។​

សំឡេង


គោលនយោបាយ​បែងចែក​ជនភៀសខ្លួនរ​បស់​សហភាព​អឺរ៉ុប ទំនងជា​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ នៅក្រោយ​ការវាយប្រហារ​ជាច្រើនលើក​នៅក្នុង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​។ បារាំង និង​អាល្លឺម៉ង់  ជា​រដ្ឋ​ដែលមាន​តួនាទី​នាំមុខ​ក្នុង​ដំណើការ​របស់​អឺរ៉ុប​។ ប៉ុន្តែ​ការវាយប្រហារ​ញឹកញយ​ពី​សំណាក់​ជនភៀសខ្លួន កំពុងតែ​ធ្វើ​រដ្ឋ​អឺរ៉ុប​មួយចំនួន​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុងការ​ទទួលយក​ជន​ភៀស​តាម​កូតា​ដែល​អឺរ៉ុប​ដាក់​ឲ្យ​។

​ការវាយប្រហារ​នៅ​ទីក្រុង Nice របស់​បារាំង និង​ការ​ប្រហារ​បួន​លើក​ក្នុងពេល​មួយ​សប្ដាហ៍​នៅ​អាល្លឺម៉ង់ ត្រូវគេ​ចាត់ទុកជា​សកម្មភាព​ភេរវកម្ម ដែលជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អឺរ៉ុប​។ ហើយ​នេះ​ក៏​ទំនងជា​មូលហេតុ ដែល​នាំ​ឲ្យ​រដ្ឋ​អឺរ៉ុប​ដទៃទៀត ពិចារណា​ទទួលយក​ជ​ន​ភៀសខ្លួន​ផងដែរ ខណៈ​ប្រទេស​មួយចំនួន​កំពុង​រអា​ចិត្ត​ស្រាប់​ហើយ​នោះ ប៉ុន្តែ​ប្រទេស​ទាំងនោះ ក៏ត្រូវ​គិតគូរ​ពី​កា​ត្វ​កិច្ច​ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​។​

​បើតាម​សារព័ត៌មាន BBC ការវាយប្រហារ​ទាំង​បួន​លើក​នៅ​អាល្លឺម៉ង់ មាន​បី​ករណី​ទៅហើយ ដែល​បង្កដោយ​ជន​ភៀស​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប​។ ការវាយប្រហារ​ចំនួន​ពីរ​នៅ​រដ្ឋ Bavaria គឺ​សុទ្ធតែ​ធ្វើ​ដោយ​ជនភៀសខ្លួន​មកពី​មជ្ឈិមបូព៌ា​។ ជនភៀសខ្លួន​ជាតិ​ស៊ី​រី ស្ថិតនៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ធ្វើ​ឲ្យ​មនុស្ស​១៥​នាក់​របួស ខណៈ​ការវាយប្រហារ​ដោយ​កាំបិត​លើ​រថភ្លើង បង្កឡើង​ដោយ​ជនជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ 

​តាមពិតទៅ​គម្រោង​បែងចែក​ជនភៀសខ្លួន​តា​ម​កូតា​របស់​អឺរ៉ុប មិនសូវ​ជា​ទទួលបាន​ការពេញចិត្ត​ពី​រដ្ឋ​សមាជិក​អឺរ៉ុប​ប៉ុន្មាន​ទេ​។ បញ្ហា​សន្តិសុខ និង​នយោបាយ​ក្នុងស្រុក បង្កើតជា​ការជជែក​ដេញដោល​យ៉ាងច្រើន​ជុំវិញ​ការទទួលយក​ជនភៀសខ្លួន​នេះ​។ រដ្ឋ​អឺរ៉ុប​ខ្លះ បាន​បន្ត​ជំហរ​អនុវត្តតាម​ការសម្រេច​របស់​អង្គការ​តំបន់​មួយ​នេះ ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ជនភៀសខ្លួន ដែល​ខំ​រត់​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ទម្រាំ​មកដល់​ទឹកដី​អឺរ៉ុប ជាមួយនឹង​ក្ដីសង្ឃឹម​ពី​ជីវិត​ល្អប្រសើរ​។

​យ៉ាងណាមិញ ប្រទេសមួយ​ចំនួន​ដូចជា ហុង​គ្រី រូ​ម៉ា​នី ជាដើម​នោះ ប្រឆាំងនឹង​ផែនការ​នេះ ដោយ​លើក​ពី​ហេតុផល​សន្តិសុខ​របស់​ខ្លួន​ផ្ទាល់ ដ្បិត​ពួកគេ​មើលឃើញ​ពី​ការវាយប្រហារ​ជា​ញឹកញយ​នៅ​ប្រទេស​ដទៃ ដែល​សម្បូរ​ជនភៀសខ្លួន​។ ជារឿយៗ បន្ទាប់ពី​ការ​ប្រហារ​ហើយ​នោះ ជនដៃដល់​តែងតែ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ជា​ជនភៀសខ្លួន និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវ​ករ​ជ្រុលនិយម ជាពិសេស​នោះ​ក្រុម​រដ្ឋ​ឥស្លាម​តែម្ដង​។ 

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សកម្មភាព​មួយចំនួនទៀត​ដូចជា ការរំលោភបំពាន​ផ្លូវភេទ​ពី​សំណាក់​ជនភៀសខ្លួន​លើ​ជន​ម្ចាស់​ស្រុក ក៏ដូចជា​សកម្មភាព​ហិង្សា​នានា​នោះ ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​គោលនយោបាយ​បែងចែក​ជនភៀសខ្លួន មាន​បញ្ហា​ដែរ​។ ប្រជាជន​នៅ​ប្រទេស​ដែល​ត្រូវ​ទទួល​ជនភៀសខ្លួន ពិតជា​មិន​សប្បាយចិត្ត​នោះទេ នៅពេលដែល​ត្រូវ​ប្រឈមមុខ​នឹង​ជនភៀសខ្លួន ដែល​ពេលខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនោគមន៍វិជ្ជា​របស់​ក្រុម​ជ្រុលនិយម​ដែរនោះ​។ 

​អាល្លឺម៉ង់ មិន​កែប្រែ​នយោបាយ​ទទួល​ជនភៀសខ្លួន​ទេ​
​អាល្លឺម៉ង់​ដែល​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ជាច្រើនលើក ក្នុងពេល​ចុងក្រោយ​នេះ នឹង​នៅតែ​បន្ត​គោលនយោបាយ​ទទួលយក​ជនអន្តោប្រវេសន៍​របស់ខ្លួន​ដដែល​។ អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel ដែល​បាន​កាត់បន្ថយ​វិស្សមកាល​របស់លោក​ស្រី បាន​ទាត់ចោល​ការស្នើ​ឲ្យ​លោកស្រី​ផ្លាស់ប្ដូរ​ជំហរ​ទទួលយក​ជនភៀសខ្លួន ដ្បិត​ការវាយប្រហារ​ច្រើនដង​មកនេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ដែល​លោកស្រី​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​អាល្លឺម៉ង់​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋធានី​បែរ​ឡាំង អធិការបតី​អាល្លឺម៉ង់​បញ្ជាក់ថា ការវាយប្រហារ​កន្លង​មក ពិតជា​គួរ​ឲ្យ​តក់ស្លុត និង​ជា​រឿង​សង្កត់សង្កិន​មួយ​។ លោកស្រី​បន្តថា ជនដៃដល់​ទាំងនោះ ចង់​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សហគមន៍​ទាំងមូល ក៏ដូចជា​ឆន្ទៈ និង​ការបើកចំហ​ចំពោះ​អ្នក​ដែល​ត្រូវការ​ជំនួយ ប៉ុន្តែ​លោកស្រី​ក៏​បញ្ជាក់ដែរថា បញ្ហា​ដែល​កើតឡើង​នាពេល​កន្លងមក មិនមែន​មានន័យថា អាជ្ញាធរ​បាត់បង់​ការ​គ្រប់គ្រង​ទេ​។​

​យ៉ាងណាក្ដី ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្រុម​បក្សប្រឆាំង និង​អ្នក​នៅក្នុង​បក្ស​លោកស្រី Merkel ខ្លះ​បាន​ចោទ​លោកស្រី​ថា ទុក​ឲ្យ​អាល្លឺម៉ង់​រងគ្រោះ​ដែល​មិនអាច​ទទួលយកបាន និង​ទាមទារ​ឲ្យ​មានការ​រឹតបន្តឹង​គោលនយោបាយ​ចំពោះ​ការទទួលយក​ជនភៀសខ្លួន​។ ចំណែក​លោកស្រី Merkel ក៏បាន​ប្រកាស​ពី​ប្រព័ន្ធ​វិធានការ​សន្តិសុខ​ថ្មី ដើម្បី​ដោះស្រាយ​ការ​គំរាម​ចេញពី​ជនភៀសខ្លួន ដោយ​រួមទាំង​ប្រព័ន្ធ​ព្រមាន​ទុក​មុន ក៏ដូចជា​ការហ្វឹកហាត់​ទាហាន ឆ្លើយតប​នឹង​ការវាយប្រហារ​ផងដែរ​៕