ខំ​នាំ​កូនមករក​ប្រពន្ធ​ បើកទ្វារ​ផ្ទះឃើញកំពុង​ដេក​​អោប​​​​សហាយ

រាជ​ធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​បុរស​ចំណាស់​ម្នាក់ត្រូវ​គេ​​ដឹង​ថា ជា​ប្តី​បាន​នាំ​កូនប្រុស​​មក​​តាម​រកប្រពន្ធ​ដល់​ផ្ទះ​​ជួល ស្រាប់តែ​មក​ដល់ ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​​ទៀត (​ជា​សហាយ​) កំពុង​ដេកអោប​ប្រពន្ធ​​ក្នុង​បន្ទប់​ជួល​​​​​នោះ ធ្វើ​ឱ្យ​បុរស​​ជា​​ប្តី​​ព្យា​យាម​ទប់កំហឹង​ មិន​ហ៊ាន​ធ្វើអ្វីទាំងអស់ ​បានត្រឹម​​តែ​ទាញ​ទ្វារ​បិទ​វិញនិង​​ចង​ចម្រឹង​លួស​​ពី​ខាង​​ក្រៅ រួច​ហើយ​​ទៅ​ប្តឹង​សមត្ថកិច្ច​​ឱ្យ​ចុះ​​មក​ជួយ​​អន្តរាគមន៍​ភ្លាមៗ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ​កែវ ឈួ​ន អាយុ​៥៣​ឆ្នាំ ជា​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​តា​សួរ ឃុំ​សារិកា ស្រុក​ល្វាឯម ខេត្តកណ្តាល រីឯ​ប្រពន្ធ​ឈ្មោះ​ឡេ​ង សុខ​ចាន់ អាយុ​៤៨​ឆ្នាំ ទាំង២នាក់​មាន​កូន​ចំនួន៥នាក់ ព្រមទាំង​មានចៅទៀតផង ។ ចំណែក​ឯ​​​បុរស​​ជា​សហាយស្មន់ ​ឈ្មោះ​វណ្ណ ណា​រ៉ាត់ អាយុ​៤៧​ឆ្នាំ ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ។

បើ​តាម​ការ​អះអាង​ពី​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​​សមត្ថកិច្ចដឹង​​​​ថា រូប​ខ្លួន​​​បាន​លែងលះ​ជាមួយ​បុរស​ប្តី​នោះ​រួច​ហើយ ​គ្រាន់តែ​មិន​ទាន់​ដាច់​ស្រេច​​គ្នា​ប៉ុណ្ណោះនៅឯ​សាលា​ឃុំ ។

ទោះបីជា​យ៉ាងណា ក្រោយ​កើតហេតុ ករណី​នេះ​ត្រូវ​បាន​​ដោះស្រាយ​គ្នា​តាម​នីតិវិធី ដោយ​ភាគី​​​ខាង​​ប្តីព្រមយក​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ចាស់​១​គ្រឿងជិះ​ចេញ​​​​​ទៅ​​វិញ ។