ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​

ខេត្ត​បាត់ដំបង ៖ ​សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ជន​សង្ស័យ​​ជា​ម្ដាយ​​​និង​​កូន​ ត្រូវ​មន្ត្រី​ជំនាញ​​កសាង​សំណុំរឿង​ និងបញ្ជូន​ទៅ​​តុលា​ការហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ២០១៦ នេះ បន្ទាប់​ពី​ពួកគេ​​​​​បង្ខំ​នារី​វ័យ​ក្មេង​​ម្នាក់ ​(​ជាស​ង្សា​កូនប្រុស​ខ្លួន)​ ឱ្យទៅ​​​រំលូត​កូន​​ចោល ​ជាមួយនឹង​ការ​គំរាមកំហែង ​។

​ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យ​ជា​​ម្ដាយ​និង​កូនប្រុស​នោះត្រូវ​​ឃាត់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា ស្ថិតនៅ​ភូមិ​ដាច់​ព្រ័ត្រ ឃុំ​ប​វេ​ល ស្រុក​​ប​​វេ​ល ​ដែល​​ស្ត្រីជាម្តាយ​​ឈ្មោះ​ហ៊ា​ម សា​រឿ​ន អាយុ​៤០​ឆ្នាំ និង​​កូនប្រុស​ឈ្មោះ​ឥន ចាន់​ណា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ ​នៅ​វិទ្យាល័យ​ប​វេ​ល ​។ ចំណែក​នារីរង​គ្រោះ​​ឈ្មោះ​ឡាយ គឹ​ម​លាង អាយុ​១៧​ឆ្នាំ ​(ជាស​ង្សា​រ)​ ។​

​ប្រភពឱ្យ​ដឹង​​ទៀត​ថា ​ទាំង២នាក់ម្តាយនិងកូនប្រុសនេះ បាន​បង្ខំ​ឱ្យ​នារី​រងគ្រោះ​​រំលូតកូន​ចោល​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង​ ក្នុង​ភូមិ​ខាងលើ​ ​កាលពី​ថ្ងៃ​ទី​២១ ​កក្កដា ​ដើម្បី​គេច​​ពី​ការ​ទ​ទូល​ខុស​ត្រូវ ​។ ស្ត្រី​​សង្ស័យ​ឈ្មោះ​ហ៊ា​ម សា​រឿ​ន បាន​គំរាម​នារីរងគ្រោះ​ថា បើ​មិន​រំលូតកូន​ចោល​​ទេ គ្រូ​​មិន​​អនុញ្ញាត​ឱ្យ​កូន​ប្រុស​គាត់​​ចូល​រៀន​ថ្នាក់​ទី​១២​​នៅ​ឆ្នាំ​ក្រោយ​ទេ ថែម​​ទាំង​ហាម​មិន​ឱ្យ​​នាង​​និយាយ​រឿង​នេះ​ទៀត​ផង​ ។ ដូច្នេះ​ហើយ​ ទើប​​នាង​​សុខចិត្ត​រំលូតកូន​​ទាំង​ការ​​ឈឺចាប់ ប៉ុន្តែ​​រឿង​នេះ​ត្រូវ​​បែកការ​ណ៍​ដឹង​ដល់​​​អា​ណា​ព្យា​បាល​ខាង​នារីរងគ្រោះ មក​​​ប្ដឹង​​​សមត្ថកិច្ច​​ឱ្យ​​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​ ។ ​

ម្ដាយ​​និង​កូនប្រុស​នោះ​ ត្រូវជាប់ចោទ​ពី​​បទ​​​សមគំនិត​គ្នា​​ក្នុង​ការ​ប្រ​ព្រឹ​ត្ត​រឿង​នេះ ដើម្បី​គេចវេស​ពី​ការ​ទ​ទូល​ខុស​ត្រូវ ​។ ពេល​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ម្ដាយ​ និង​កូន​នោះ​ទៅ​ត​លា​ការ​ តែ​មិន​ទាន់​ដឹង​ថា តុលាការ​សម្រេច​វិនិច្ឆ័យ​​បែប​ណា​នោះ​​ទេ ព្រោះ​កំពុង​សួរនាំ​នៅឡើយ ។