គ្រាប់ពេជ្រមួយគ្រាប់

គ្រាប់ពេជ្រមួយគ្រាប់ធ្លាប់ចាំងពន្លឺ កម្ចាត់ជំងឺនៃភាពអន្ធការ បញេ្ចញសូរ្យសែងសម្ដែងបញ្ញា ដាក់អសុរាទោសាក្នុងចិត្ត

អសុរអស់ឫទ្ធិគិតលួចលេងកល បញ្ញាមិនដល់សែនខ្វល់គំនិត ប្រើល្បិចគំរាមបឺតឈាមជីវិត គ្រាប់ពេជ្របណ្ឌិតគិតថាមិនថ្វី។

នឹកស្មានមិនដល់អសុរកំណាច កោតខ្លាចអ្នកប្រាជ្ញនៅក្នុងលោកិយ មិនហ៊ានប្រឆាំងតតាំងសម្ដី ព្រោះប្រាជ្ញាខ្លីស្រដីមិនដល់។

បែរជាប្រើល្បិចសែនខ្មៅបំផុត លួចប្រើអាវុធតាមឧបាយកល លបបាញ់ប្រហារគ្រាប់ពេជ្រដាច់ខ្យល់ លោហិតស្រោចថ្នល់ដល់នូវមរណា។

គ្រាប់ពេជ្រភ្លេចប្រាណបានដៃអសុរ ចិត្តខ្មៅមិនខ្វល់សន្ដានយក្សា មិនគិតបុណ្យបាបលោភលន់តណ្ហា អាងអីប្រហារបំបាត់ជីវិត។

ឪះ ឪ! អនិច្ចាជីវាគ្រាប់ពេជ្រ ធ្លាប់ចាំងព្រិចៗរំលេចគំនិត ធ្លាប់រួតវាំងននឲ្យឃើញការពិត ស៊ូស្លាប់មិនគិតជីវិតអាត្មា។

រាងកាយស្ដូកស្ដឹងគេងកើយធរណី បាត់បង់ជីវីគួរឲ្យអនិច្ចា ពន្លឺធ្លាប់តែរះឡើងភ្លឺថ្លា មិនគួរអសុរាប្រហារទាំងស្រស់។
បូជាជីវិតទូលជ្រែកផែនដី តតាំងអសុរីមានចិត្តមិនស្មោះ សង្គ្រោះអ្នកត្រង់ស្រោចស្រង់រំដោះ ជីវិតត្រូវរស់យ៉ាងមានសេរី។

ឪ! គ្រាប់ពេជ្រអើយ ខ្ញុំស្ដាយអ្នកណាស់ ហេតុម្ដេចកម្មក្រាស់អាយុអ្នកខ្លី អត់ព៉លោកទៅ តើរំពឹងអ្វី បើអសុរីនៅតែមានស្នៀត។

សូមដួងវិញ្ញាណឈានចាប់ជាតិថ្មី កុំអាយុខ្លីដូចជាតិនេះទៀត ឆាប់កើតជាខ្មែរកុំប្រែសញ្ជាតិ ជួយខ្មែរម្ដងទៀតឲ្យផុតទុក្ខា។

ប្រភព៖ ហ្វេសប៊ុក


Related Posts