ឈ្មួញ​អាច​ដឹកជញ្ជូន​ត្រី​រ៉ស់ ត្រី​ឆ្ដោ ពី​ព្រំដែន​យួន​ទៅ​លក់​ដល់ទី​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយសារតែ​សមត្ថកិច្ច​ពុករលួយ​

​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ធំៗ​មួយចំនួន​មិន​ត្រឹមតែ​អាច​ដឹកជញ្ជូន​ត្រី​ពី​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តតាកែវ ចូលមក​ចែកចាយ​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ពេញបន្ទុក​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​អាច​ដឹកជញ្ជូន​ទៅ​លក់​ដល់ទី​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទៀតផង​។ ការដែល​ឈ្មួញ​អាច​នាំចូល​ត្រី​ពី​ប្រទេស​យួន​យកទៅលក់​ដល់ទី​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​បែបនេះ គឺ​ដោយសារតែ​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ភាគច្រើន​ត្រី​រ៉ស់ ត្រី​ឆ្ដោ ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន​នោះ គឺជា​ត្រី​ខុសច្បាប់​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ មាន​រថយន្ត​យី​ឌុប​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-1815 បាន​ដឹក​ត្រី​រាប់សិប​តោន​ពី​ស្រុក​យួន មក​លក់​ចែកចាយ​យ៉ាង​រលូន​ក្នុង​ទីតាំង​ផ្សារ​រាត្រី​(TM) ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ មាន​ក្រុមអាជីវករ​មួយចំនួន​ដែល​មក​ទិញ​ត្រី​ពី​រថយន្ត​នោះ បាន​ឲ្យ​ដឹងថា​ជា​ត្រី​នាំចូល​ពី​ស្រុក​យួន ហើយ​មកពី​នៅ​ស្រុក​ខ្មែរ​គ្មាន​ត្រី​ប្រភេទ​នេះ​តទៅទៀត ទើប​ពួកគាត់​ទិញ​យកទៅលក់​បន្ត​នៅតាម​ទីផ្សារ​។ អាជីវករ​លក់​ត្រី​តាម​ទីផ្សារ​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ត្រី​រ៉ស់ ត្រី​ឆ្ដោ ក្នុង​បឹង​ទន្លេសាប​គ្មាន​សល់​តទៅទៀត​ទេ ទើប​ពួកគាត់​ទិញ​ត្រី​ដែល​ឈ្មួញ​នាំចូល​ពី​យួន​ទៅ​លក់​ឲ្យ​អតិថិជន​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ត្រី​រាប់សិប​តោន​តាម​រថយន្ត​យី​ឌុប​មក​បោះ​ដុំ​ក្នុង​ទីតាំង​ផ្សារ​រាត្រី សង្កាត់​ព្រះ​ពន្លា គឺអាច​មានការ​បើកដៃ​ពី​លោក ហ៊ី សេង​គ្រី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​សិរីសោភ័ណ និង​លោក ឡុ​ញ វុទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបន្ទាយមានជ័យ​។ ចំណែក​ក្រុមអាជីវករ​ដែល​ទិញ​ត្រី​យកទៅលក់​បន្ត ក៏បាន​ឲ្យ​ដឹង​ដែរ​ថាបើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​ដឹក​ត្រី​រ៉ស់ ត្រី​ឆ្ដោ ពី​ព្រំដែន​យួន​ចូលដល់​ខេត្តបន្ទាយមានជ័យ​បានឡើយ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ត្រី​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន​ភាគច្រើន​ជា​ត្រី​ខុសច្បាប់ ហើយ​មន្ត្រី​ជំនាញ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ត្រឹមត្រូវ​ទេ គឺ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​៕

taprum_237678977 88