ល្បែងស៊ីសង​និង​គ្រឿងញៀន​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​ទួលគោក បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នគរបាល​សង្កាត់ និង​នគរបាល​ខណ្ឌ បង្ក្រាប​ល្បែងស៊ីសង​និង​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាច្រើនលើក ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ មានន័យថា​អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ខណ្ឌ មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។​

កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ បាន​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៩​នាក់ ព្រមទាំង​ដកហូត​គ្រឿងញៀន​១៣​កញ្ចប់ ទូ​ហ្គេម​៧​គ្រឿង នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​២៩​នាក់​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​សាកសួរ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង ព្រោះ​កន្លងមក​ល្បែងស៊ីសង​និង​គ្រឿងញៀន​ក្នុងភូមិ​ទួលគោក បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ហើយ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ ក៏ដូចជា​សកម្មភាព​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​សង្កែ បាន​រិះគន់ថា កន្លងមក​មន្ត្រី​អាជ្ញាធរ​សង្កាត់ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​សង្កាត់ មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហេតុនេះហើយ​ទើប​ហ្គេម​បាញ់​ត្រី ក៏ដូចជា​ល្បែងស៊ីសង​ផ្សេងៗ​ទៀត និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កើតឡើង​ឥតឈប់ឈរ​។ ដោយ​មិនសូវមាន​ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ ក្នុងការ​បង្ក្រាប​បទល្មើស​នៅ​ភូមិ​ទួលគោក ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ស្នង​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ក៏ដូចជា​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ចាត់វិធានការ​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាពិសេស​ត្រូវ​ដាក់ទោស​តាមច្បាប់​ទៅលើ​ក្រុម​អ្នកបើក​ហ្គេម​បាញ់​ត្រី ក៏ដូចជា​ល្បែងស៊ីសង​ផ្សេងៗ​តាមច្បាប់​ដើម្បី​កុំ​ឲ្យ​បទល្មើស​ទាំងនេះ រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

jul3009 jul3012 jul3011 jul3008