មូស​ចម្លងជំងឺ​គ្រុនចាញ់ ត្រូវបាន​បង្ក្រាប​ដោយ​សត្វ​មាន់​ និពន្ធដោយ : VOA       July-30-2016, 12:22 pm         19

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មូស​ចម្លងជំងឺ​គ្រុនចាញ់ ត្រូវបាន​បង្ក្រាប​ដោយ​សត្វ​មាន់​ដោយ Jessica Berman
ប្រសិនបើ​អ្នករស់នៅ​ក្នុង​អនុតំបន់​សាហា​រ៉ា (Sahara) នៅ​ទ្វីបអាហ្វ្រិក​ក្នុង​តំបន់​ដែលមាន​ជំងឺគ្រុនចាញ់​រាតត្បាត នោះ​វា​មិនមែនជា​គំនិត​ចម្លែក​ណាស់ណា​ទេ​ក្នុងការ​ទទួលទានដំណេក​នៅ​ជិត​សត្វ​មាន់​។ តាមពិតទៅ ក្លិន​របស់​សត្វ​មាន់​អាច​បណ្តេញ​សត្វ​មូស​មួយចំនួន ហើយ​នេះ​អាចជា​មធ្យោបាយ​ងាយស្រួល និង​ធូរ​ថ្លៃ​មួយ​សម្រាប់​ការពារ​ជំងឺ​ដែល​បង្កដោយ​សត្វ​មូស​។​

​វ៉ាស៊ីនតោន​៖ សត្វ​មូស​មួយចំនួនធំ​ចូលចិត្ត​ខាំ​មនុស្ស​។ ក្នុងនោះ​ក៏ រាប់បញ្ចូល​ទាំង​សត្វ​មូស​ដែល​ចម្លង​ប៉ារ៉ាស៊ីត​គ្រុនចាញ់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។ សត្វ​មូស​ទាំងនោះ​ចម្លងជំងឺ​តាមរយៈ​ការ​ខាំ​បឺត​យក​ឈាម​។​

​ពេលខ្លះ ពពួកសត្វ​មូស​នោះ​ខាំ​បឺត​ឈាម​ពី​គោ ពពែ និង​ចៀម​។ ប៉ុន្តែ​ពួកវា​ជា​ពួក​រើស​ប្រភព​អាហារ​ដែរ​។ សត្វ​មូស​មិន​ចូលចិត្ត​រសជាតិ​ពី​ឈាមមាន់​ទេ ដូចនេះ​សត្វ​មាន់​កម្រ​នឹងត្រូវ​មូស​ខាំ​ណាស់​។​

​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វី​ស សម្រេចបាន​នូវ​របកគំហើញ​នេះ​ក្នុង​ការចុះ​សិក្សា​នៅ​ប្រទេស​អេ​ត្យូ​ពី​។ ពួកគេ​បានរៀបចំ​អន្ទាក់​ដើម្បី​ចាប់​ប្រភេទ​មូស Anopheles arabiensis ដែលជា​ប្រភេទ​មូស​សម្បូរ​ជាងគេ​ក្នុង​តំបន់​នោះ ពី​លំនៅដ្ឋាន​ចំនួន​១១​ខ្នង​ក្នុង​រដ្ឋធានី អា​ឌី​ស អា​បេ​បា​( Addis Ababa)​។​

​បន្ទាប់មក ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​តេស្ត​ឈាម​នៅក្នុង​សត្វ​មូស​ទាំងនោះ ហើយ​បានដឹងថា​ឈាម​នោះ​មាន​ប្រភពពី​សត្វ​គ្រប់​ប្រភេទ​។ ប៉ុន្តែ ក្នុងនោះ​កម្រ​មាន​ឈាម​របស់​សត្វ​មាន់​ណាស់​។​

​របកគំហើញ​នេះ បានលើកឡើង​សំនួរ​មួយ​៖ តើ​ប្រជាជន​នៅ​តំបន់​ជំងឺគ្រុនចាញ់​គួរតែ​ទទួលទានដំណេក​នៅក្បែរ​សត្វ​មាន់​ឬទេ​? នេះ​ជា​រឿង​កំប្លែង​មួយ​ដែល​លោក Rickert Ignell ស្តាប់ឮ​គ្រប់ពេល​។​

«​បាទ ពួកយើង​និយាយ​ពី​វា​ស្ទើ​តែ​គ្រប់ពេល​(​រឿង​កំប្លែង​នោះ​) ហើយក៏​មានរឿង​កំប្លែង​ដូចជា តើ​ប្រជាជន​គួរតែ​យក​សត្វ​មាន់​តាម​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺគ្រុនចាញ់​។ ប៉ុន្តែ​គំនិត​នេះ​មិនទាន់​ត្រូវគេ​ទទួលយក​ប៉ុន្មាន​ទេ​»​។​

​លោក Ignell ជា​សាស្ត្រាចារ្យ​មួយរូប​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​ស្វី​ស​។ លោក​មាន​ចំណាប់អារម្មណ៍​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ភាព​ទាក់ទាញ​តាមរយៈ​សារធាតុ​គីមី​នៃ​សត្វល្អិត​ផ្ទុក​ជំងឺ ហើយ​ក្នុងនោះ​ក៏មាន​សត្វ​មូស​ដែល​ចម្លងជំងឺ​គ្រុនចាញ់​ផងដែរ​។​

​ក្នុង​លំនៅដ្ឋាន​ចំនួន​១១​ខ្នង​នោះ លោក Ignell បាន​ប្រមូល​អ្នកស្ម័គ្រចិត្ត​១១​នាក់​ឲ្យ​ទទួលទានដំណេក​ក្នុង​មុង​រហែក​ដែលមាន​អន្ទាក់ និង​បំណែក​សាច់មាន់​នៅក្បែរ​។​

​បើតាម​សម្តី​របស់លោក Ignell «​ក្នុង​តេស្ត​មួយ ពួកយើង​បាន​ព្យួរ​សត្វ​មាន់​មួយ​នៅក្បែរ​អន្ទាក់​ដែល​យើង​ប្រើ​។ ហើយ​យើង​បាន​សង្កេតឃើញថា អត្រា​សត្វ​មូស​ដែល​ចាប់បាន​បាន​ថយចុះ​ដល់​ទៅ​៩៥%​។ នេះ​មានន័យថា សត្វ​មាន់ និង​ក្លិន​មាន់​អាច​បណ្តេញ​សត្វ​មូស​ចេញពីផ្ទះ​បាន​»​។

​រោម​មាន់​
​លោក Ignell និយាយថា ក្លិន​ដែល​សត្វ​មូស​មិន​ចូលចិត្ត​មាន​ប្រភព​មកពី​ធាតុ​ផ្សំ​ក្នុង​រោម​មាន់​។ ធាតុ​ផ្សំ​ទាំងនេះ មានតម្លៃ​ថោក ហើយ​ខ្លះ​អាច​រកបាន​ស្រាប់​។​
​គំនិត​ដែល​ទុក​សត្វ​មាន់នៅ​ក្នុងផ្ទះ ដើម្បី​បណ្តេញ​សត្វ​មូស​ចម្លងជំងឺ​គ្រុនចាញ់​មិនមែនជា​គំនិតអាក្រក់​ទេ​។​

«​នៅ​កន្លែង​ជាច្រើន​ក្នុងប្រទេស​អេ​ត្យូ​ពី និង​កន្លែង​ជាច្រើន​នៅ​អាហ្វ្រិក​ដែល​ពួកយើង​បាន​ស្រាវជ្រាវ ប្រជាជន​ទីនោះ​រក្សា​បសុសត្វ​នៅក្នុង​ផ្ទះ​។ ទោះបី​ភាគច្រើន​មិនមែនជា​សត្វ​មាន់​ក្តី ប៉ុន្តែ​វា​ជា​មធ្យោបាយ​មួយ​ដែល​អាច​សាកល្បង​ដើម្បី​ដឹងថា​វា​មាន​ប្រសិទ្ធភាព​ឬទេ​» នេះ​ជាស​ម្តី​របស់លោក Ignell​។​

​លោក Ignell និយាយថា មធ្យោបាយ​ប្រើប្រាស់​សត្វ​មាន់​បណ្តេញ​សត្វ​មូស​អាច​ប្រើ​ជាមួយ​មុង​ដែលមាន​សារធាតុ​សម្លាប់​សត្វល្អិត ដើម្បី​ការពារ​ទាំងស្រុង​។​
​ការការពារ​ទាំង​ក្នុង និង​ក្រៅ​ ​ខុសពី​សត្វ​មូស​ដទៃ​ដែល​ស្វែងរក​ចំណី​ក្នុងផ្ទះ លោក Ignell និយាយថា ប្រភេទ​មូស Anopheles arbiensis ក៏​ខាំ​មនុស្ស​នៅ​ខាងក្រៅ​ផ្ទះ​ដែរ​។​
«... ហើយ​ជាពិសេស​នៅពេលដែល​មនុស្ស​កំពុង​អង្គុយ​ក្រៅ​ផ្ទះ ពេលដែល​ខាងក្នុង​ផ្ទះ​ក្តៅ​ពេក​»​។​

​លោក Ignell ចង់​ស្វែងយល់ថា តើ​ក្លិន​សត្វ​មាន់​ដែល​ត្រូវបាន​បញ្ចូល​ក្នុង​ក្រមួន ដែល​អាច​ដុត​ដូច​ទៀន​បាន អាច​បណ្តេញ​សត្វ​មូស​នៅក្រៅ​ផ្ទះ​ដែរឬទេ​។​
​របកគំហើញ​ទាំងនេះ ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Malaria Journal  ដែល​អាច​ចូល​អាន​ដោយ​សេរី​។​

​គ្មាន​ថវិកា​ជំនួយ
​លោក Ignell និយាយថា លោក​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ជឿថា ក្លិន​របស់​សត្វ​មាន់​មិនអាច​បណ្តេញ​សត្វ​មូស​ដទៃទៀត​បានទេ​។​ ប៉ុន្តែ​ជា​អកុសល សម្រាប់​លោក Ignell និង​មិត្ត​រួមការ​ងារ ពួកគេ​មិនបាន​ទទួល​ប្រាក់​ជំនួយ​ដើម្បី​បន្ត​កិច្ច​សិក្សា​ស្រាវជ្រាវ​ទៅលើ​បណ្តុំ​សារធាតុ​គីមី​ដែលមាន​ក្នុង​សត្វ​មាន់​ទេ​។​

​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ក្នុង​ឆ្នាំ​២០១៥ មាន​ករណី​ជំងឺគ្រុនចាញ់​ចំនួន​២១៤​លាន ករណី និង​មាន​ករណី​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​មាន​ប្រមាណ ៤៣៨.០០០​ករណី ហើយ​ភាគច្រើន​កើត​ឡើងលើ​កុមារ​។ ការកើនឡើង​នូវ​ការការពារ និង​វិធានការ​ទប់ស្កាត់​បានកា​ត់​បន្ថយ​អត្រា​មរណៈ ដោយសារ​ជំងឺគ្រុនចាញ់​៦០​ភាគយ​នៅលើ​ពិភពលោក​តាំងពី​ឆ្នាំ​២០០២ ​។​

​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​នៅតែមាន​អត្រា​ជំងឺគ្រុនចាញ់​ខ្ពស់​ទូទាំង​ពិភពលោក​។ លោក Ignell និយាយថា សត្វ​មូស​ចាប់ផ្តើម​មាន​ភាពស៊ាំ​នឹង​មុង​ជ្រលក់​ថ្នាំ ប៉ុន្តែ​កំណើន​នៃ​ករណី​កើតមាន​ជំងឺគ្រុនចាញ់​មាន​សភាព​យឺតយ៉ាវ​នៅក្នុង​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​ដែរ​៕

​ប្រែ​សម្រួល​ដោយ​៖ វិញ សុជាតា