មន្ត្រី​ពន្ធនាគារ​រិះគន់​ពី​ភាពមិនប្រក្រតី​ជុំវិញ​ការផ្លាស់ប្តូរ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​

​ក្នុងពេលដែល​ពន្ធនាគា​រ​ថ្មី​ត្រូវបាន​សាងសង់​រួចរាល់​ជិត​៧០​ភាគរយ​ទៅហើយ លើ​ផ្ទៃដី​ប្រមាណ​ជា​៣​ហិកតា​នៅ​ផ្លូវ​ចូល​រមណីយ៍ដ្ឋាន​ក្បាលឆាយ​ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ តែ​ជាមាន​ឆ្មាំ​គុក​ខេត្ត​ព្រះសីហនុ ច្រើន​នាក់​បាន​សម្តែង​នូវ​កង្វល់​របស់ខ្លួន ប្រាប់​អ្នកសារព័ត៌មាន​ថា រឿង​ថវិកា​ចំណែក​លក់​ទីតាំង​ព​ន្ធា​គារ​ចាស់​អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។

ជុំវិញ​រឿងអាស្រូវ​នេះ លោក សំ សុផល ប្រធាន​ព​ន្ធា​គារ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជិតស្និទ្ធ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​ដោយ​គាត់​មិន​លើក​ទូរស័ព្ទ​។ ឆ្មាំ​ពន្ធនាគារ​ម្នាក់​បាន​បង្ហើប​ថា​រឿង​លក់​ទីតាំង​ពន្ធនាគារ​ចាស់ មន្ត្រី​ថ្នាក់លើ​ក៏​គេ​មិន​ប្រា​ប់លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ណា​ក៏​មិនដឹង បាន​លុយ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ក៏​អត់​ដឹង ខណៈ​ការសាងសង់​គុក​ថ្មី​ជិត​រួចរាល់​ទៅហើយនោះ​។​

​ឆ្មាំ​ពន្ធនាគារ​នៅ​ខេត្ត​ព្រះសីហនុ​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​បាន​តស៊ូ​ធ្វើការ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​រាប់សិប​ឆ្នាំ​មកហើយ​ដូចនេះ​ប្រសិនបើ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងមហាផ្ទៃ​មានការ​ផ្លាស់ប្តូរ​ទីតាំង​ពន្ធនាគារ​ថ្មី​ដោយយោង​លើ​ហេតុផល​ផ្សេងៗ​ពួកគាត់​ក៏​មិន​ជំទាស់​ដែរ​។ ប្រភព​ដដែល​បាន​បន្តថា បញ្ហាសំខាន់​រដ្ឋាភិបាល​ត្រូវធ្វើ​អ្វី​ដោយ​តម្លាភាព​មិនត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​មានអំណាច​ឡើយ ខណៈ​មន្ត្រី​ថ្នាក់ក្រោម​បាន​តស៊ូ​ធ្វើការ​ស្ទើរ​ពេញ​មួយជីវិត តែ​មិន​បានទទួល​ចំណែក​អ្វី​សោះ​។​

​ឆ្មាំ​ពន្ធនាគារ​ម្នាក់ទៀត​បាន​និយាយថា​កន្លងមក​គេ​ឃើញ​ប្រពន្ធ​លោក​ប្រធាន​ពន្ធនាគារ​បាន​រត់កា​រ​រឿង​លក់ដូរ​ទីតាំង​ដែរ​តែ​ក្រៅពីនោះ​មិនបាន​ដឹង​ទេ គឺ​ស្ងាត់​ល្អ​ណាស់​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​មានការ​សាងសង់​ពន្ធនាគា​រ​ថ្មី​តែម្តង​។ តែ​រហូតមក​ដល់ពេលនេះ ព័ត៌មាន​លម្អិត​ជុំវិញ​ដំណោះស្រាយ​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក៏​គ្មាន ឬមួយ​ប្រាក់​ដែល​បានមកពី​ការលក់​ពន្ធនាគារ​ត្រូវ​ដាក់ចូល​កញ្ចប់​ថវិកា​ជាតិ​ទាំងអស់ តែ​ទោះជា​យ៉ាងណា​ក៏ត្រូវ តែ​ផ្តល់ព័ត៌មាន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​បានដឹង​ដែរ​ដោយ​មិនត្រូវ​ឃុបឃិត​គ្នា​សម្រេច​តែ​ថ្នាក់​ខាងលើ​នោះទេ​។​

​គួរ​បញ្ជាក់ថា ទីតាំង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ចាស់​មាន​ទំហំ​ប្រមាណ​មិន​ដល់​១​ហិកតា​ទេ ហើយ​មាន​ទីតាំងនៅ​ចំ​កណ្តាល​ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​១​សង្កាត់ លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ តែ​ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​ប្តូរ​ទីតាំង​ទៅ​កន្លែង​ពន្ធនាគារ​ថ្មី​ស្ថិត​នៅជាប់​ផ្លូវ​ចូលទៅ​រមណីយ៍ដ្ឋាន​ក្បាលឆាយ​ជិត​បន្ទាយ​សឹក​រង​ខេត្ត​ព្រះសីហនុ​ដែលមាន​ទំហំ​ជាង​៣​ហិកតា​៕

KA-29-07-2016-08 KA-29-07-2016-05