រថយន្ត​អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន​ពេល​រាត្រីខូច​លើ​ស្ពាន​ជ្រោយចង្វា ​ម៉ូតូ​ជិះ​បុក​ដួល​បាក់ជើង

រថយន្ត​អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន​ពេល​រាត្រីខូច​លើ​ស្ពាន​ជ្រោយចង្វា ​ម៉ូតូ​ជិះ​បុក​ដួល​បាក់ជើង



រាជធានី​ភ្នំពេញ ៖ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ម្នាក់ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ទី​កូរ​បស់​អ្នកចម្រៀង​ម្នាក់​កំពុង​តែ​ខូច​ទុក​ចោល​លើ​ស្ពាន​ជ្រោយចង្វា​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួស​បាក់​ភ្លៅ​ឆ្វេង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ផ្នែក​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ត​ឈ្មោះ ណុ​ប គឹ​ម​សាន្ត អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN-9183​។ ចំណែក​រថយន្ត​ទី​កូ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-8230 ដែល​មាន​ម្ចាស់​ឈ្មោះ​ទ្រី​ម តូ​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកចម្រៀង តាម​ភោជនីយដ្ឋាន មាន​ស្នាក់​នៅ​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

តាម​ម្ចាស់​រថយន្ត​ជា​អ្នកចម្រៀង បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ខ្លួន​បាន​ជិះ​រថយន្ត​ខាងលើ ចេញពី​ភោជនីយដ្ឋាន​កាដូ​ទៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​គោលបំណង​ទៅ​ភោជនីយដ្ឋាន​ចំការ​ននោង នៅ​ពោធិ៍​ចិន​តុង ។ នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ស្រាប់តែ​រថយន្ត​រលត់​ម៉ាស៊ីន ក៏​បាន​ចត​ទុក​ចោល ហើយ​ត្រឡប់​ទៅ​រក​ជាង​មក​ជួសជុល នៅ​ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា​មាន​គេ​ជិះ​បុក​រថយន្ត​ពីក្រោយ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុគ្គលិក​មីក្រូ​ហិ​រញ្ញា​វត្ថុ ប្រា​សាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​ជែង​គេឯង ហើយ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ទី​កូ ដែល​កំពុង​តែ​ឈប់​ចត​ពេញទំហឹង​បណ្តាល​ឱ្យ​ខ្ទាត​ប្រមាណ​ជិត​១០​ម៉ែត្រ របួស​បាក់ជើង​ម្ខាង ហើយ​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕