កំណត់ត្រា​ថ្មី​! ជម្រើសជាតិ​កម្ពុជា​មិន​ស្គាល់​ចាញ់​៤​ប្រកួត​ជាប់ៗ​គ្នា​! និពន្ធដោយ : អ៊ឹង ចំរើន       July-30-2016, 3:07 pm         1536

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កំណត់ត្រា​ថ្មី​! ជម្រើសជាតិ​កម្ពុជា​មិន​ស្គាល់​ចាញ់​៤​ប្រកួត​ជាប់ៗ​គ្នា​!លោក Lee Tae Hoon គ្រូបង្វឹកក្រុម​ជម្រើស​ជាតិ​កម្ពុជាយុគសម័យ​មាស​នៃ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​? ទោះបីជា​យើង​មិនទាន់​អាចនិយាយបាន​ដូច្នេះ​ក៏ដោយ តែ​ប៉ុន្តែ​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ជា​បន្តបន្ទាប់​នៅក្នុង​ប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ បន្ទាប់ពី​បាន​យកឈ្នះ​សិង្ហ​បុរី​ជា​លើកដំបូង​ក្នុង​រយៈពេល​៤៤​ឆ្នាំ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon ក៏​ទទួល​កំណត់ត្រា​មិន​ស្គាល់​៤​ប្រកួត​ជាប់ៗ​គ្នា​ជា​លើកដំបូង​ផងដែរ បើ​គិត​ចាប់តាំងពី​ការបង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​ឡើងវិញ​ពី​ឆ្នាំ​១៩៩៥​មក​។​

​ក្រោយ​បរាជ័យ​ទាំង​៨​ប្រកួត​នា​ការប្រកួត​ជម្រុះ World Cup ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្តារ​មុខមាត់​របស់ខ្លួន​ជា​ឡើងវិញ នា​ការប្រកួត​៤​លើកចុងក្រោយ​ជាមួយ​លទ្ធផល​មិន​ស្គាល់​ចាញ់​នៅ​ឆ្នាំ​២០១៦​នេះ​។

​នា​ការប្រកួត Playoff ពានរង្វាន់ AFC Asian Cup កម្ពុជា​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​ឆាយ​នី​ស តៃប៉ិ នៅ​ទីក្រុង Kaohsiung នា​ថ្ងៃទី​២ ខែមិថុនា ហើយ​៥​ថ្ងៃ​ក្រោយមក ពូកគេ​បាន​បើកទ្វារ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ស្វាគមន៍​ឆាយ​នី​ស តៃប៉ិ វិញ ជាមួយនឹង​ជ័យជម្នះ ២-០ ។ អំឡុងពេល​រង់ចាំ​ការចាប់​ឆ្នោត​សម្រាប់​ការប្រកួត​ជុំ​ទី​៣ AFC Asian Cup កម្ពុជា​បាន​ហៅភ្ញៀវ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​២​លើក ដោយបាន​ឈ្នះ​ទី​ម័​រ​ខាងកើត ២-០ កាលពី​ថ្ងៃទី​២៩ ខែឧសភា មុនពេល​សងសឹក​សិង្ហ​បុរី ២-១ នា​ថ្ងៃទី​២៨ ខែកក្កដា​។ ជ័យជម្នះ​លើ​សិង្ហ​បុរី គឺជា​ការសង​សឹក​មួយ​ផងដែរ​សម្រាប់​កម្ពុជា​ដែល​ខ្លួន​ទើបតែ​ឈ្នះ​១​លើក​គត់​កាលពី​ឆ្នាំ​១៩៧២ ក្នុងចំណោម​ការប្រកួត​ចំនួន​១៦​លើក​។​

​បើ​គិត​ចាប់តាំងពី​ការបង្ហាញ​វត្តមាន​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​នា​ឆ្នាំ​១៩៩៥​មក​នោះ កម្ពុជា​ទើបតែ​រកបាន​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ការប្រកួត​៤​លើក​ជាប់ៗ​ជា​លើកដំបូង​។ កំណត់ត្រា​ដែល​កម្ពុជា​មិន​ស្គាល់​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា ក្រោយ​សម័យ​សង្គ្រាម​នោះ គឺ​ការប្រកួត​ជម្រុះ AFF Suzuki Cup នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១០ ដោយ​កាលនោះ ក្នុង​រយៈពេល​៦​ថ្ងៃ កម្ពុជា​បាន​ស្មើ​ម្ចាស់ផ្ទះ​ឡាវ ០-០ បន្ទាប់មក​យកឈ្នះ​ទី​ម័​រ​ខាងកើត ៤-២ មុននឹង​ស្មើ ហ្វីលីពីន ០-០ ។​

​ទោះបីជា​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​កំណត់ត្រា​ដែល​សារព័ត៌មាន​ថ្មីៗ លើកឡើង​ក្រោយ​សម័យ​សង្គ្រាម​ប៉ុណ្ណោះ តែបើ​តាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ធ្លាប់មាន​កំណត់ត្រា​ឈ្នះ​៤​ប្រកួត​ជាប់ៗ​គ្នា និង​មិន​ស្គាល់​ចាញ់​៥​ប្រកួត កាលពី​អំឡុង​ឆ្នាំ​១៩៦៦ និង​១៩៦៧ ។​

​នា​ការប្រកួត​កីឡា Ganefo ឆ្នាំ​១៩៦៦ នៅ​រាជធានី​ភ្នំពេញ កម្ពុជា​បាន​ស្មើ​វៀតណាម​ខាងជើង ២-២ មុន​យកឈ្នះ​ប៉ា​ឡេ​ស្ទី​ន ៤-០ និង​យ៉េ​មែន​ខាងជើង ៨-០ សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល ហើយ​បន្ត​ដល់​ឆ្នាំ​១៩៦៧ ពួកគេ​បាន​យកឈ្នះ​ឥណ្ឌា ៣-១ និង​ឈ្នះ​ប៉ា​គី​ស្ថាន ១-០ នា​ការប្រកួត​ជម្រុះ​កីឡា​អាស៊ី​នៅ​ប្រទេស​ភូមា (​មី​យ៉ាន់​ម៉ា​)៕