គ្រោះ​ធម្មជាតិ​7​ខែ បង្កើត​នូវ​មហន្តរាយ​ធ្ងន់​ជាង​ឆ្នាំ​មុន

គ្រោះ​ធម្មជាតិ​7​ខែ បង្កើត​នូវ​មហន្តរាយ​ធ្ងន់​ជាង​ឆ្នាំ​មុន



រាជធានី​ភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៦​នេះ គ្រោះ​ធម្មជាតិ​ផ្សេង​ៗ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​មាន​ចំនួន ៣៤៧​នាក់ បំផ្លាញ​ផ្ទះសម្បែង​តូច​ធំ​អស់​ជិត​៨​ពាន់​ខ្នង ។ ចំណែក​សត្វពាហនៈ គោ ក្របី​ងាប់​ចំនួន​៦០​ក្បាល ។ បើ​ប្រៀបធៀបរយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ គឺ​មានការ​កើនឡើង ។

លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ថា គិត​ចាប់ពី​ខែមករា​រហូត​មក​ដល់​ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្ពុជា​បាន​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ រន្ទះ និង​ផ្គរ​ភ្លៀង បាន​កើតឡើង​ចំនួន​២០១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ រង​របួស​ចំនួន ១៦១​នាក់ ផ្ទះសំបែង​ខូចខាត​ទាំងស្រុង​មាន​ចំនួន ១៤៤៦​ខ្នង ខូច​មធ្យម​ចំនួន ៦៤១៥​ខ្នង សាលារៀន​៣៩​ខ្នង និង​អគារ​ផ្សេង​ៗ​ចំនួន ៣៣​ខ្នង ។

លោក​បន្ត​ថា សម្រាប់​គ្រោះ​ធម្មជាតិ ដោយ​រន្ទះបាញ់​វិញ បាន​សម្លាប់​មនុស្ស​ចំនួន ៧៨​នាក់ របួស​៩៦​នាក់ ព្រមទាំង​សត្វពាហនៈ មាន​គោក្របី ចំនួន ៦០​ក្បាល ។ ចំពោះ​ករណី​រន្ទះបាញ់​នេះ​ភាគច្រើន​បាន​កើតឡើង​នៅ​តាម​ទី​ជនបទ និង​ទី​ដាច់​ស្រយាល​តែ​ម្តង ដែល​គ្រោះ​ធម្មជាតិ​នេះ មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ ។

លោកនាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ខ្លួនឯង ពិសេស​គប្បី​កុំ​បើក​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ ដូច​ជា​វិទ្យុ ទូរទស្សន៍ ឬ​ទូរស័ព្ទ ខណៈ​ដែល​មេឃ​កំពុង​រក​ភ្លៀង​នោះ ព្រោះ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ករណី​គ្រោះ​ធម្មជាតិ​ផ្គរ​រន្ទះ​តែង​បាន​កើត​ឡើងជា​ញឹកញាប់​ណាស់ ៕