ចិត្ត​សាហាវ​ម៉េះ ! ​​​កាប់​គេ​មិន​បាន ដុត​ម៉ូតូ​ចោល​

ខេត្តកំពង់ចាម ៖  អតីត​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ខេត្ត​ មិន​ទាន់​បាន​ប៉ុន្មាន​ផង បាន​បង្ក​ហិង្សា​ដេញ​កាប់​គេ​មិន​បាន ក៏​ដុត​ម៉ូតូ​ម៉ាក C 100​កូរ៉េ​មួយ​គ្រឿង ពណ៌​ក្រហម ឆេះ​ហ្មត់តែម្តង នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៨ កក្កដា ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៥៩​សេ ភូមិ​៤៨ សង្កាត់​សួង ក្រុង​សួង ហើយ​ត្រូវ​បាន​ឆ្មាំ​ការពារ​កៅស៊ូ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ​ភី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤៨ សង្កាត់​សួង បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ទៅ​ច្រូតស្មៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៥៩​សេ ហើយ​បាន​យក​ចាន​សម្រាប់​ត្រង់ទឹក​ជ័រកៅស៊ូ​ទៅ​បោក​ចោល​អស់​ប្រហែល​១០​ចាន​។ ពេល​នោះ​ត្រូវ​បាន​ឆ្មាំ​ការពារ​កៅស៊ូ​ម្នាក់​ឈ្មោះ នុ​ត ម៉ា​លី​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង​ឃើញ ក៏​ប្រញាប់​ទូរស័ព្ទ​រាយការណ៍​ទៅ​លោក​មេ​ភូមិ ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​កំពុង​តែ​ទូរស័ព្ទ​ទៅ​នោះ មិន​ទាន់​មាន​កម្លាំង​សមត្ថកិច្ច​ណា​ម្នាក់​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ទេ ស្រាប់តែ​អតីត​ទណ្ឌិត​ឈ្មោះ សុ​ភ័​ក្រ បាន​យក​កណ្តៀវ​ដេញ​កាប់​អ្នករាយការណ៍ តែ​គាត់​បាន​រត់គេច​ផុត​ពី​គ្រោះថ្នាក់ ។ ហេតុតែ​ខឹង​ដេញ​កាប់​គេ​មិន​បាន បែរជា​កើតការ​ក្តៅក្រហាយ ក៏​ដុត​ម៉ូតូ​របស់​អ្នក​ប្តឹង​នោះ​ ឆេះ​ហ្មត់​សល់​តែ​គ្រោងឆ្អឹង ។ បន្ទាប់​មក​ក្រុម​ឆ្មាំ​ការពារ​កៅស៊ូ​បាន​មក​កន្លែង​កើតហេតុ​ជា​ច្រើន​នាក់ ព័ទ្ធ​ចាប់​ជន​បង្ក​ប្រគល់​ឲ្យ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សួង​ចាត់ការ​បន្ត ។

លោក​អធិការ​នគរបាល​ក្រុង​សួង​បាន​បញ្ជាក់​ថា អតីត​ទណ្ឌិត​ឈ្មោះសុ​ភ័​ក្រ នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្លាប់​បាន​ចាប់ខ្លួន​ម្តង ហើយ​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៥ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​លើ​របស់ទ្រព្យ​អ្នក​ដទៃ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដោយ​ជាប់​ទោស​៧​ខែ នឹក​ស្មាន​តែ​រាងចាល​នៅ​ពេល​ដែល​ចេញ​មក​វិញ មិន​ទាន់​នឹង​បាន​ប៉ុន្មាន​ផង បែរជា​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ខុសច្បាប់​ទៀត​ដដែល ដូច្នេះ​ត្រូវ​បញ្ជូន​ទៅ​ដេក​គុក​វិញ ៕