ចាប់​អ្នក​ប្រើ​ថ្នាំ​ញៀន​3​នាក់ ទារ​40​ម៉ឺ​ន សុំ​បង់​20​ម៉ឺ​ន​មុន ប៉ូលិស​ជាប់ចោទ​បដិសេធ

ចាប់​អ្នក​ប្រើ​ថ្នាំ​ញៀន​3​នាក់ ទារ​40​ម៉ឺ​ន សុំ​បង់​20​ម៉ឺ​ន​មុន ប៉ូលិស​ជាប់ចោទ​បដិសេធ



ខេត្តបាត់ដំបង ៖ នាយ​ស្តីទី​ប៉ុស្ដិ៍​​នគរបាល សង្កាត់​ស្លា​កែ​ត ត្រូវ​គេ​សង្ស័យ​ថា​បាន​ដោះ​លែង​ជន​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ចំនួន​៣​នាក់ ក្រោយ​ពី​ដកហូត​ថ្នាំ​ញៀន​១​កញ្ចប់ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា បន្ទាប់​ពី​បញ្ជូនដល់​ប៉ុស្ដិ៍​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ប៉ុន្តែ​ក្រុម​ជនសង្ស័យ​សុំ​បង់​មុន​ពាក់កណ្ដាល រីឯ​ពាក់កណ្ដាល​ទៀត​សន្យា​ថា នឹង​យក​ទៅ​បង់​ឱ្យ​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃស្អែក ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ​ខាំ គឹ​ម​លាង អាយុ​២១​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ២-​ឈ្មោះ រ៉េ​ត ខេ​ម​រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្ដុល សង្កាត់​ក្ដុល​ដូនទាវ និង​៣-​ឈ្មោះ​កា អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​និយាយ​ថា ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្លា​កែ​ត​ឃាត់ខ្លួន​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត រួច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ដែល​ពួក​គេ​លាក់​ទុក​ជាប់​នឹង​ខ្លួន ហើយ​ក៏​នាំ​ពួក​គេ​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​សាកសួរ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​នេះ នាយ​ស្តីទី​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ស្លា​កែ​ត លោក វ៉ា​ស៊ី ផា​រ៉ុ​ត មិន​បាន​រាយការណ៍​ជូន​លោក ប៉ា​ង ហៀ​ង អធិការ​នគរបាល​ក្រុង​បាត់ដំបង​ឱ្យ​បានដឹង​ទេ ដោយ​គ្រាន់តែ​សួរនាំ និង​ដកហូត​ថ្នាំ​ញៀន​ពី​ជនសង្ស័យ​មួយ​កញ្ចប់ រួច​ដោះ​លែង​ពួក​គេ​វិញ​ភ្លាម​ៗ​ជា​ថ្នូរ​នឹង​ការ​បង្គាប់​ឱ្យប្រាក់​ចំនួន​៤០​ម៉ឺន​រៀល ។ មន្ត្រី​ខាងលើ​បាន​បន្ថែម​ថា ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​នោះ​ត្រូវ​ជនសង្ស័យ​សុំ​បង់​មុន​ចំនួន​២០​ម៉ឺន​រៀល រីឯ​២០​ម៉ឺន​រៀល​ទៀត​សន្យា​ថា​នឹង​យក​មក​បង់​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ លោក វ៉ា​ស៊ី ផា​រ៉ុ​ត បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍ ខណៈ​ចេញ​ល្បាត​បាន​ប្រទះ​ឃើញ​ក្រុម​ជន​ខាងលើ​កំពុង​ផ្ដុំ​គ្នា​ជក់​ថ្នាំ​ញៀន ។ គ្រានោះ ពួក​គេ​បាន​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់ គឺ​ឈ្មោះ លាង និង​ឈ្មោះ ខេ​ម​រី ជា​កូន​មន្ត្រី​គយ​សាខា​ខេត្ត​ម្នាក់​ផង ។ លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ដកហូត​ថ្នាំ​ញៀន​ទេ ព្រោះ​ពួក​គេ​ជក់​អស់ហើយ ។

ក្រោយ​ពី​សួរនាំ លោក​បាន​ធ្វើការ​អប់រំ​រួច ក៏​ដោះ​លែង​វិញ បន្ទាប់​ពី​អាណាព្យាបាល​ពួក​គេ​មក​ធានា រីឯ​ការ​យក​លុយកាក់​បន្តិចបន្តួច ពិតជា​មាន​មែន  តែ​ខាង​អាណាព្យាបាល​ពួក​គេ​ផ្ដល់​ឱ្យ​តាម​បែប​មនោសញ្ចេតនា​ជា​ថ្លៃ​កម្លាំង​ពលកម្ម​។ ចំពោះ​ការ​ឃាត់ខ្លួន​មនុស្ស​មិន​បាន​រាយការណ៍​ជូន​លោក​អធិការ​នគរបាល​ក្រុង ត្រូវ​បាន​លោក វ៉ា​ស៊ី ផា​រ៉ុ​ត ទ​ទូល​ស្គាល់​ថា «​នេះ​ជា​ការ​ឆក​ល្វែង​» ដោយ​លោក​និយាយ​ថា យប់​ជ្រៅ​ពេក ទើប​លោក​មិន​ហ៊ាន​រំខាន​ដំណេក​លោក​អធិការ ។

ដោយឡែក ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សាកសួរ​គឺ​ឈ្មោះ ខាំ គឹ​ម​លាង និយាយ​ថា នៅ​យប់​កើតហេតុ​គឺ​ខ្លួន​ជា​អ្នក​ឌុ​ប រីឯ​ឈ្មោះ​ខេ​ម​រី និង​ឈ្មោះ​កា អង្គុយ​ខាងក្រោយ ។ ឈ្មោះ ខេ​ម​រី ជា​អ្នកទិញ​ថ្នាំ​ញៀន​១​កញ្ចប់​នោះ បម្រុង​យក​ទៅ​ជក់​ក្នុង​បន្ទប់​ខារ៉ាអូខេ តែ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវត្រូវ​សមត្ថកិច្ច​ឃាត់​ឆែក​ឃើញ ក៏​ដកហូត​យក​ទៅ និង​នាំ​ពួក​ខ្លួន​ទៅ​កាន់​ប៉ុស្ដិ៍​ស្លា​កែ​ត​ទាំង​យប់​។ ជន​ឈ្មោះ​គឹ​ម​លាង និយាយ​ទៀត​ថា គ្រានោះ​សមត្ថកិច្ច​បាន​បង្ខំ​ឱ្យ​ពួក​ខ្លួន​បង់ប្រាក់​៤០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ ប៉ុន្តែ​ខ្លួន​និង​ឈ្មោះ​ខេ​ម​រី មាន​លុយ​ម្នាក់​១០​ម៉ឺន​រៀល​ជាប់​ខ្លួន ក៏​បាន​បង់​ឱ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។ រីឯ​ឈ្មោះ​កា ដែល​គ្មាន​លុយ​មួយ​សេន​ជាប់​ខ្លួន សុខចិត្ត​ធានា​បង់​២០​ម៉ឺន​រៀល​ម្នាក់ឯង តែ​សុំ​ជំពាក់​សិន ដោយ​សន្យា​យក​ទៅ​សង​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា  ឯ​សមត្ថកិច្ច​ក៏​យល់ព្រម​ហើយ​ដោះ​លែង​ពួក​គេ​ទាំង​យប់ ។ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ កក្កដា ឈ្មោះ កា នៅ​មិន​ទាន់​យក​លុយ​នោះ​ទៅ​បង់​ឲ្យ​សមត្ថកិច្ច​នៅឡើយ​ទេ ។

ជុំវិញ​ករណី​នេះ លោក ប៉ា​ង ហៀ​ង អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា លោក​ពិតជា​មិន​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ខាងលើ​នេះ​មែន​។ លោក​និយាយ​ថា «​នៅ​ម៉ោងជាង​១២​យប់មិញ​នេះ ខ្ញុំ​និង​កម្លាំង​មួយ​ចំនួន​មិន​ទាន់​ដេក​ទេ គឺ​កំពុង​ចេញ​ល្បាត​នៅ​ក្នុង​ក្រុង​នៅឡើយ ហេតុ​អី្វ​បានជា​គេ​ឃាត់ខ្លួន​មនុស្ស​មិន​រាយការណ៍​ឱ្យ​ខ្ញុំ​ដឹង?» ។

លោកប៉ា​ង ហៀ​ង បញ្ជាក់​ថា លោក​ទើប​ទទួល​ដំណឹង​នេះ ហើយ​លោក​នឹង​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​អញ្ជើញលោក​មេ​ប៉ុស្ដិ៍​ស្ដីទី​សង្កាត់​ស្លា​កែ​ត​និង​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ផង មក​សួរនាំ​ដើម្បី​ឱ្យ​ដឹង​ការ​ពិត ។ លោក​ថា វា​មិនមែន​ជា​រឿង​ធំដុំ​ប៉ុន្មាន​ទេ តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អង្គភាព​ទាំងមូល ជា​ពិសេស​ប៉ះពាល់​ដល់​មុខមាត់​ថ្នាក់ដឹកនាំ​តែ​ម្ដង ដូច្នេះ​លោក​ត្រូវ​ចាត់វិធានការ​លើ​ករណី​នេះ ។

បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៩​ខែកក្កដា បានឱ្យ​ដឹង​ថា ខណៈ​ជនសង្ស័យ​ឈ្មោះ​ខាំ គឹ​ម​លាង កំពុង​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​និង​មន្ត្រី​នគរបាល​ផង​នោះ ស្រាប់តែ​មាន​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ស្លា​កែ​ត​២​នាក់ ជិះ​ម៉ូតូ​ទៅ​បញ្ចុះបញ្ចូល​ប្រាប់​ប្រពន្ធ​ឈ្មោះ គឹ​ម​លាង នៅផ្ទះ​ថា «​បើ​មាន​គេ​សួរនាំ កុំ​ប្រាប់​គេ​ថា បាន​បង់លុយ​ឱ្យ​ប៉ូលិស​កាលពី​យប់មិញ​ឱ្យ​សោះ​» ។ មន្ត្រី​នគរបាល​២​នាក់​នោះ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ តែ​មិន​ចាំ​ស្លាក​លេខ​ទេ ៕