លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លាយថាលោកជាចោរលួចឡានពីគេហទំព័រ

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញលោក ឈាងវុន សមាជិកសភា និងជាតំណាងរាស្រ្តមកពីគណបក្សប្រជាជន បានទូរស័ព្ទមកលោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទមួយដែលបានចុះផ្សាយលើគេហទំព័រកម្ពុជាសុវណ្ណភូមិកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៩និង១៦នាទីព្រឹក ដែលមានចំណងជើងថា ˝ បែកធ្លាយតាមបណ្តាញសង្គមពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ ។

សូមរំលឹកថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បណ្តាញសង្គមមួយដែលមានឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) បានបង្ហោះអត្តបទមួយដែលមានចំណងជើងថា ˝ប្រវត្តិរូបសង្ខេប៖ ឈាងវុនជានរណា˝?។ ខាងក្រោមនេះជារូបផេករបស់សុវណ្ណភូមិខ្មែរ៖

នៅថ្ងៃទី០៨ដដែលលោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិបានថតចំលងអត្តបទទាំងស្រុងពីបណ្តាញសង្គមដែលមានឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) យកមកចុះផ្សាយបន្តលើគេហទំព័រសារព័ត៌មានកម្ពុជាសុវណ្ណភូមិ (www.ksnews.info) ដែលមានចំណងជើងថា ˝បែកធ្លាយតាមបណ្តាញសង្គមពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ លោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន។

នៅល្ងាចម៉ោង០៨និង០៦នាទីថ្ងៃទី១១ដដែលលោក ផ្លុងរ៉េត បានថតចំលងការបកស្រាយរបស់លោក ឈាងវុន នៅក្នុងបណ្តាញសង្គមរបស់លោកឈាងវុនដែលមានឈ្មោះថា ˝Chheang Vun˝ យកមកចុះផ្សាយលើគេហទំព័រសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ដោយដាក់ចំណងជើងថា ˝លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន ទៅតាមការស្នើសុំរបស់លោកឈាងវុន ˝(http://www.ksnews.info/detail.php?m=10&id=2920)។

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបានសរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និងលិខិតបញ្ជាក់ សញ្ញាប័ត្រ ជាច្រើនដែលលោកបានទទួលកន្លងទៅ ពាក់ព័ន្ធនិងការចោទប្រកាន់តាមបណ្តាញសង្គមថា លោកគ្មានចំណេះដឹងពិតប្រាកដ និងជាចោរលួចឡានកាលពីសម័យអ៊ុនតាក់។

នៅម៉ោង១២និង២៦នាទី ថ្ងែទី១២ខែមេសា ឆ្នាំ២០១៦ដដែលលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ បានថតចំលងឯកសារ សញ្ញាប័ត្រ និងលិខផ្សេងៗ ទាំងស្រុងពីបណ្តាញសង្គមរបស់លោកឈាងវុនសាជាថ្មីម្តងទៀតយកមកចុះផ្សាយលើគេហទំព័រសារព័ត៌មានកម្ពុជាសុវណ្ណភូមិដែលមានចំណងជើងថា ˝ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)˝ (http://www.ksnews.info/detail.php?m=10&id=2921)។ ខាងក្រោមនេះជារូបផេករបស់លោកឈាងវុន៖

លុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះលោក ឈាងវុន សមាជិកសភា និងជាតំណាងរាស្រ្តមកពីគណបក្សប្រជាជន បានទូរស័ព្ទមកលោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត ដោយស្នើសុំអោយលោកផ្លុងរ៉េត ដកអត្តបទមួយដែលបានចុះផ្សាយលើគេហទំព័រកម្ពុជាសុវណ្ណភូមិកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៩និង១៦នាទីព្រឹក ដែលមានចំណងជើងថា ˝ បែកធ្លាយតាមបណ្តាញសង្គមពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝។ លោក ឈាងវុន បាននិយាយមកកាន់លោក ផ្លុងរ៉េត តាមទូរស័ព្ទថា សុំអោយអត្តបទខាងលើនេះទាំងស្រុង ព្រោះពួកអាមនុស្សខូចវាមិនមើល មិនអាន មិនចែករំលែក អត្តបទដែលជាការបកស្រាយនោះទេ វាមើលតែអត្តបទដែលគេជេរលោកតែប៉ុណ្ណោះ(មានសំលេង សូមចុចស្តាប់សំលេងលោកឈាងវុននិងលោកផ្លុងរ៉េតតាមទូរស័ព្ទដៃនៅខាងលើ)។

ឆ្លើយតបទៅនិងការស្នើសុំរបស់លោក ឈាងវុន ដែលសុំអោយសារព័ត៌មានកម្ពុជាសុវណ្ណភូមិដកអត្តបទទាំងស្រុកពីគេហទំព័ត៌កម្ពុជាសុវណ្ណភូមិនោះ លោកផ្លុងរ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិបានប្រាប់នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះថា ˝បើយោងច្បាប់របស់អ្នកសារព័ត៌មាន ខ្ញុំបានបកស្រាយបំភ្លឺជូនលោក ឈាងវុន ពីរលើកទៅតាមសំណើររបស់លោកឈាងវុនរួចហើយ ព្រោះការបកស្រាយបំភ្លឺគឺមិនមែនដកអត្តបទទាំងស្រុងពីគេហទំព័រនោះទេ។ ខ្ញុំក៏មិនមានការព្រួយបារម្មណ៍ចំពោះការគំរាមគំហែងប្តឹងពីលោកឈាងវុននោះដែរ ព្រោះអត្តបទដែលខ្ញុំយកមកចុះផ្សាយគឺខ្ញុំបានសរសេរថា ប្រភពពី ខ្មែរសុវណ្ណភូមិ ឬសុវណ្ណភូមិខ្មែរ ដែលជាប្រភពដើមដែលបានបង្ហោះលើបណ្តាយសង្គមរបស់ សុវណ្ណភូមិខ្មែរ។ ប៉ុន្តែបើយើងយកមនោសញ្ចេតនារវាងខ្មែរនិងខ្មែរដូចគ្នារស់នៅលើទឹកដីសុណ្ណភូមិដូចគ្នា ហើយលោកឈាងវុនបានទូរស័ព្ទកមខ្ញុំដោយប្រើពាក្យសម្តីពិរោះពិសារ ហាក់មានការស្និតស្នាលដូចពូជាមួយក្មួយ ដូច្នេះខ្ញុំសម្រេចចិត្តថា និងលុបអត្តបទទាំងស្រុងពីគេហទំព័រសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ ដែលមានចំណងជើងថា ˝បែកធ្លាយតាមបណ្តាញសង្គមពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

លោក ផ្លុងរ៉េត បន្ថែមថា ˝បើខ្ញុំទុកអត្តបទមួយនេះនៅលើគេហទំព័ររបស់ខ្ញុំក៏មិនបានចំនេញលុយ១ម៉ឺនដុល្លារនោះទេ ហើយបើខ្ញុំដកចេញពីគេហទំព័ររបស់ខ្ញុំក៏ខ្ញុំមិនខាតលុយ១ម៉ឺនដុល្លារនោះដែរ ហើយវាថែមទាំងធ្វើអោយលោកឈាងវុនសប្បាយចិត្តលែងប៉ះពាល់ផ្លូវអារម្មណ៍របស់លោកទៀតផង ម្យ៉ាងទៀតវាអាចបង្កើនមិត្តភាពរវាងពូវុននិងខ្ញុំផងដែរ˝៕

ប្រភព៖ ksnews.info


Related Posts