អង្គការ​គ្លូ​ក​ប៊​ល​វីត​ណេ​ស​រិះគន់ថា​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​

អង្គការនាំមុខគេមួយខាងឃ្លាំមើលឧក្រិដ្ឋកម្មបរិស្ថាន និងអំពើពុករលួយមានឈ្មោះថា អង្គការគ្លូកប៊លវីតណេស (Global Witness) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានរិះគន់ថាការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅប្រទេសកម្ពុជាមិនទាន់មានប្រសិទ្ធភាពនោះទេ ហើយបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ។ ប្រភពដដែលបានបញ្ជាក់ថាវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅប្រទេសកម្ពុជាមានតែនៅក្នុងក្រដាសតែប៉ុណ្ណោះ។

របាយការណ៍របស់អង្គការគ្លូកប៊លវីតណេស (Global Witness) កន្លងមកបានសរសេរលម្អិតអំពីការជួញដូរឈើប្រណីតដែលមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបញ្ចេញឈ្មោះលោកឧកញ៉ា ទ្រី ភាព ដ៏ល្បីល្បាញម្នាក់ ថាជាមេក្រុមបណ្តាញឧក្រិដ្ឋកម្មដែលផ្អែកលើការឃុបឃិតគ្នាដើម្បីកាប់ និងដឹកឈើខុសច្បាប់ចេញពីក្នុងព្រៃនៅកម្ពុជាយកទៅលក់នៅបរទេស។

អ្នកស្រី ជូស៊ី កូហេន (Josie Cohen) អ្នកធ្វើយុទ្ធនាការខាងដីធ្លីជាន់ខ្ពស់របស់អង្គការគ្លូកប៊លវីតណេស ថ្មីៗនេះបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡុងដ៍ថា ថ្វីដ្បិតតែមន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រានចោលលទ្ធផលនៃការស្រាវជ្រាវនោះជាសាធារណៈក៏ដោយ ក៏រដ្ឋាភិបាលហាក់ដូចជាឆ្លើយតបទៅនឹងរបាយការណ៍ដែលបានចេញផ្សាយពីពេលកន្លងមកនោះ។
បទល្មើសព្រៃឈើនៅកម្ពុជាក្រៅពីប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏មានផលប៉ះពាល់យ៉ាងច្រើនទៅលើសិទ្ធិមនុស្សផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានផលប៉ះពាល់ទៅលើអត្តសញ្ញាណវប្បធម៌ផងដែរ ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិចតែម្តង។ នេះជាការបញ្ជាក់របស់អ្នកនាង ជូស៊ី កូហេន(Josie Cohen) អ្នកធ្វើយុទ្ធនាការខាងដីធ្លីជាន់ខ្ពស់របស់អង្គការគ្លូកប៊លវីតណេស។

បើទោះជារដ្ឋាភិបាលបានអះអាងថាខ្លួនបានទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក៏ដោយ ក៏សព្វថ្ងៃនេះបទល្មើសព្រៃឈើនៅតែបន្តកើតមានយ៉ាងច្រើនស្អេកស្កះ។ សកម្មជនបរិស្ថានបានរិះគន់ថា រដ្ឋាភិបាលត្រូវបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនការពារបរិស្ថាន ហើយរដ្ឋាភិបាលក៏ត្រូវសហការជាមួយនឹងសហគមន៍ក្នុងតំបន់ដើម្បីការពារព្រៃឈើឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ news.taprohm


Related Posts