គ.ជ.ប​នឹង​ពិចារណា​សំណើ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ

គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជួយ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ឲ្យ​ចុះ​ឈ្មោះ​ឲ្យ​បាន​ច្រើន សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ពិសេស​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ។

គ.ជ.ប នឹង​ពិចារណា​រាល់​សំណូមពរ និង​អនុសាសន៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្ដល់​លទ្ធភាព​ក្នុង​ការ​ជំរុញ​ឲ្យ​ពលករ​ចំណាកស្រុក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា គ.ជ.ប បាន​រៀបចំ​ប្រតិទិន​សម្រាប់​ការងារ​ចុះ​ឈ្មោះ​មាន​រយៈពេល ៣​ខែ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​២៩ ខែ​វិច្ឆិកា ដែល គ.ជ.ប យល់​ថា ប្រតិទិន​នេះ​គឺ​សមស្រប​ឲ្យ គ.ជ.ប អាច​ដំណើរការ​ការងារ​ចុះ​ឈ្មោះ​យ៉ាង​រលូន។ ប៉ុន្តែ​លោក​ថា គ.ជ.ប នឹង​ពិនិត្យ​ពិចារណា​បន្ថែម​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​ទៀត។

លោក ហង្ស ពុទ្ធា៖ «យើង​ឈប់​សម្រាក​តែ​ពេល​ភ្ជុំបិណ្ឌ​ទេ ម៉ោង​ការងារ​នៅ​ដដែល​ទាំង​អស់​បូក​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ​ផង ជា​លទ្ធភាព​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​លោក​ឆ្លៀត​ឱកាស ទោះ​បី​ជា​នៅ​ក្រៅ​ប្រទេស​អាច​ឆ្លៀត​បាន​នៅ​រយៈពេល ៣​ខែ​ហ្នឹង បើ​សិន​ជា​លោក​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​អ្វី​ដែល​ជា​ស្មារតី​ទៅ​ទៀត​នោះ។ ប្រតិទិន​ដែល គ.ជ.ប កំណត់​គឺ​ជា​ប្រតិទិន​ដែល​អាច​រំកិល​ឧទាហរណ៍​ថា ឃុំ​ណា​មាន​បញ្ហា​អី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ពេលវេលា​រយៈពេល​ដោះស្រាយ​បណ្ដឹង​អាច​ប្រើប្រាស់​ពេលវេលា​សម្រាប់​ឃុំ​ណា​ដោយឡែក​ដែល​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង»

លោក​ថ្លែង​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹម​ថា កម្ដៅ​នយោបាយ​នឹង​ចុះ​ថយ​នៅ​មុន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ខាង​មុខ​នេះ ដែល​អាច​ឲ្យ​ពលរដ្ឋ​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​យ៉ាង​អតិបរមា។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ពលករ​ចំណាក​ស្រុក​ដែល​បច្ចុប្បន្ន​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ ដែល​អាច​ពុំ​មាន​លទ្ធភាព​វិល​មក​ស្រុក​ដើម្បី​ចុះ​ឈ្មោះ។ បញ្ហា​នេះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ គ.ជ.ប ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​នេះ​នៅ​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក ទាវ វណ្ណុល៖ «គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​លិខិត​មួយ​ទៅ គ.ជ.ប ស្នើ​សុំ​ឲ្យ គ.ជ.ប រៀបចំ​កម្មវិធី​យ៉ាង​ម៉េច​សម្រួល​ពលករ​នៅ​ប្រទេស​ថៃ អាច​ដឹង​មាន​លទ្ធភាព​ចុះ​ឈ្មោះ​ឲ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន​អាច​សុំ​ស្នើ​ថា នៅ​ពេល​រដូវ​ភ្ជុំបិណ្ឌ គឺ​សុំ​ឲ្យ​បុគ្គលិក គ.ជ.ប បន្ត​ធ្វើការ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នេះ​ឈប់​តែ​មួយ​ថ្ងៃ សល់ ២​ថ្ងៃ​ទៀត​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​សុំ​ឲ្យ​គាត់​បន្ត​ធ្វើ​ការ ពីព្រោះ​នៅ​ពេល​ភ្ជុំ​បិណ្ឌ​នេះ​កម្មករ ពលករ​ទាំង​អស់​តែងតែ​ធ្វើ​ដំណើរ​ស្រុក​កំណើត​របស់​គាត់»

បន្ទាប់​ពី គ.ជ.ប បាន​ចេញ​ផ្សាយ​ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ជា​ផ្លូវ​ការ​មក​នោះ គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) ក៏​បាន​ស្នើ​ឲ្យ គ.ជ.ប មាន​វិធានការ​ពិសេស​មួយ​ដើម្បី​ជំរុញ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែរ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​នេះ លោក គល់ បញ្ញា ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ប្រតិទិន​ដែល​បាន​ចេញ​ផ្សាយ​ដោយ គ.ជ.ប កាល​ពី​ថ្មីៗ​នេះ។ ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​បារម្ភ​នោះ គឺ​កត្តា​ហានិភ័យ​គ្រោះ​ធម្មជាតិ និង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន។ រី​ឯ​បញ្ហា​បរិយាកាស​នយោបាយ​ដែល​កំពុង​មាន​ភាព​តានតឹង​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ជា​បញ្ហា​ចោទ​ទៅ​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ។ ជា​ដំណោះស្រាយ​នោះ លោក គល់ បញ្ញា សំណូមពរ​ឲ្យ គ.ជ.ប រៀបចំ​ឲ្យ​មាន​ក្រុម​ការងារ​ពិសេស​មួយ​ធ្វើ​ការ​បន្ថែម​លើ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ណា​មួយ​អំឡុង​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ឱកាស​ពលរដ្ឋ និង​អ្នក​ចំណាក​ស្រុក​ជួបជុំ​ក្រុម​គ្រួសារ និង​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​ជំរុញ​ការងារ​ចុះ​ឈ្មោះ​ឲ្យ​កាន់​តែ​មាន​ ប្រសិទ្ធភាព។

តាម​ការ​ប៉ាន់ស្មាន​របស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​អាច​មាន​ចំនួន​ប្រមាណ ៩,៦​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។