ការ​ការពារ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​នៅ​អាហ្វ្រិក

មានការព្រួយបារម្ភជាបន្តបន្ទាប់ថា ប្រភេទជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំព្យាបាល ដែលកំពុងកើតមានមាននាពេលបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ប្រហែលរាលដាលដល់ទ្វីបអាហ្រ្វិក។ ទ្វីបអាហ្វ្រិកមាន ៨៨ភាគរយនៃករណីជំងឺគ្រុនចាញ់ដែលកើតមាននៅលើពិភពលោក។

ទីក្រុង DAKAR — ចំនួនករណីជំងឺគ្រុនចាញ់ថ្មី បានថយចុះ ៤២ភាគរយនៅអាហ្វ្រិកចាប់តាំងពីឆ្នាំ២០០០។

មួយភាគធំនៃភាគជោគជ័យនេះ គឺដោយសារមុងជ្រលក់ថ្នាំ និងការបាញ់ថ្នាំមូសនៅខាងក្នុងផ្ទះ ក៏ដូចជា ការទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។

ប៉ុន្តែការវិវឌ្ឍន៏ទៅមុខនេះអាចត្រូវបានបង្អាក់ដោយប្រភេទជំងឺគ្រុនចាញ់ស៊ាំនឹងថ្នាំព្យាបាល បច្ចុប្បន្នកំពុងមាននៅអាស៊ី។

លោក Abdoulaye Djimbe គឺជា ប្រធានផ្នែករោគរាតត្បាតតាមម៉ូលេគុល និងភាពស៊ាំនឹងថ្នាំព្យាបាលនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ និងហ្វឹកហ្វឺនផ្នែកជំងឺគ្រុនចាញ់នៅប្រទេសម៉ាលី។

លោកនិយាយថា៖ «យើងគួរតែមានការព្រួយបារម្ភ។ ដោយសារតែមានទំនាក់ទំនងរវាងគ្នាជាញឹកញយរវាងទ្វីបអាស៊ី និងអាហ្វ្រិក គឺអ្នកធ្វើការហោះហើរដោយផ្ទាល់សឹងតែគ្រប់ទីកន្លែងទៅកាន់ផ្នែកមួយចំនួននៃទ្វីបអាហ្រ្វិក។ ដូចនេះ ការនាំមកនូវបារ៉ាសិតដែលស៊ាំនឹងថ្នាំព្យាបាល នាពេលបច្ចុប្បន្នមានហានិភ័យខ្ពស់»។

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ប្រជាជនអាហ្វ្រិករាប់លានបានឆ្លងជំងឺគ្រុនចាញ់ដែលស៊ាំនឹងថ្នាំព្យាបាលនាំមុខគេនាពេលនោះ គឺថ្នាំ Chloroquine។ ជាលទ្ធផល វាមានផលប៉ះពាល់យ៉ាងខ្លាំងនៅទ្វីបអាហ្រ្វិក។

មកដល់ឆ្នាំមុន ប្រទេសចំនួនប្រាំនៅតំបន់អាស៊ីអាគ្នេយ៍បានរាយការណ៍ពីករណីជំងឺគ្រុនចាញ់ស៊ាំនឹងការព្យាបាលចុងក្រោយបង្អស់ ដែលជាការព្យាបាលគួបផ្សំគ្នាផ្អែកលើថ្នាំ Artemisinin ឬ ACT។

លោក Eunice Misiani ជាអ្នកចូលរួមក្នុងកម្មវិធីគ្រប់គ្រងជំងឺគ្រុនចាញ់ថ្នាក់ជាតិនៅអាហ្រ្វិកខាងត្បូង។

«យើងត្រូវមានការប្រុងប្រយ័ត្នដើម្បីធានាថា អ្វីដែលកើតមានជាមួយនឹងការប្រឆាំងនឹងថ្នាំ Chloroquine មិនអាចមកដល់ទីនេះ (ទ្វីបអាហ្វ្រិក)។ យើងត្រូវតែធានាថា យើងមានការធ្វើតេស្តស្តង់ដារប្រសិទ្ធភាពជាទៀងទាត់ រាល់ពីរទៅបីឆ្នាំម្តង»។

ឱសថក្លែងក្លាយនៅតែជាបញ្ហាចម្បងមួយនៅអាហ្រ្វិក។ ទោះបីជាមានតម្លៃទាបក៏ពិតមែន ឱសថក្លែងក្លាយតែងតែមានកម្រិតទាបនៃសារធាតុថ្នាំសកម្ម ដែលអាចបង្កឲ្យមានភាពស៊ាំនឹងថ្នាំនៅក្នុងរយៈពេលមួយ។

ការជំរុញឲ្យប្រជាជនបំពេញនូវរបបព្យាបាលពេញលេញក៏មានការលំបាកផងដែរ។ អ្នកជំងឺមួយចំនួនបានឈប់លេបថ្នាំបន្ទាប់ពីរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ នៅពេលដែលពួកគេមានអារម្មណ៍ថា ធូរស្បើយ។

លោក Hans Rietveld គឺជានាយកផ្នែកការឈានចូលទីផ្សារក្រុមហ៊ុនឱសថ Norvartis Malaria Initiative មកពីប្រទេសស្វីស។ លោកបាននិយាយថា គ្រូពេទ្យនៅអាហ្វ្រិកតែងតែផ្តល់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ច្រើនជ្រុល។

«ជាដំបូង ចូរធានាថា អ្នកជំងឺទទួលបានការធ្វើរោគវិនិច្ឆ័យគ្រប់គ្រាន់ មុនពេលចាប់ផ្តើមការព្យាបាល។ ដូចនេះ អ្នកត្រូវមានភាពច្បាស់ថា អ្នកជំងឺពិតជា មានជំងឺគ្រុនចាញ់មែន ហើយពេលហ្នឹងត្រូវផ្តល់់តែថ្នាំព្យាបាលឲ្យប៉ុណ្ណោះ។ ហើយនោះជាបញ្ហាមួយនៅក្នុងបណ្តាប្រទេសមួយចំនួន ទីដែលការធ្វើរោគវិនិច្ឆ័យមុនពេលធ្វើការព្យាបាលមិនទាន់ត្រូវបានដាក់បញ្ចូលនៅក្នុងការអនុវត្តផ្នែកវេជ្ជសាស្រ្តជាធម្មតានៅឡើយ»។

ការសិក្សានានាបង្ហាញថា មានប្រហែល ៤០ ទៅ៦០ករណី ដែលត្រូវបានព្យាបាលក្នុងទម្រង់ជាជំងឺគ្រុនចាញ់នៅអាហ្វ្រិក តាមពិតទៅមិនមែនជាជំងឺគ្រុនចាញ់ទេ។

លោក Rietveld បាននិយាយថា ការពង្រីកការប្រើប្រាស់តេស្តរោគវិនិច្ឆ័យឆាប់រហ័សមួយនៅអាហ្វ្រិក អាចទប់ស្កាត់ការព្យាបាលលើសកម្រិត។ ការធ្វើតេស្តនៅផ្ទះផ្ទាល់អាចធ្វើរោគវិនិច្ឆ័យលើជំងឺគ្រុនចាញ់ តាមរយៈការជួសឈាមតាមម្រាមដៃ។

លោក Novartis និយាយថា ឥឡូវនេះមានឱសថដែលមានសក្តានុពលចំនួនពីរ។ ហើយថ្នាំទាំងពីរនេះព្យាបាលជំងឺគ្រុនចាញ់ខុសគ្នាពីការព្យាបាលតាមបែប ACT។

ប៉ុន្តែការនាំឲ្យឱសថថ្មីទាំងនេះចូលទៅក្នុងទីផ្សារនឹងត្រូវការរយៈពេលយ៉ាងតិចពីរឬបីឆ្នាំខាងមុខទៀត៕

ប្រភព៖ VOA


ការ​ការពារ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​នៅ​អាហ្វ្រិក

ស្គាល់ស្ត្រីខ្មែរម្នាក់នេះទេ ប៉ូលិសថៃចាប់ពីបទរត់ពន្ធថ្នាំញៀន

ការ​ការពារ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​នៅ​អាហ្វ្រិក

ឥណ្ឌូណេស៊ី​​​ប្រហារជីវិត​អ្នក​ទោស​ដោយ​មិន​ខ្វល់​ស្តាប់​អន្តរជាតិ