សង្គម​ស៊ីវិល​ស្នើ​ឲ្យ ACU ដោះស្រាយ​រាល់​បណ្ដឹង​ឲ្យ​មាន​ប្រសិទ្ធភាព

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ នេះ អង្គភាព​បាន​ទទួល​ពាក្យ​បណ្ដឹង​ប្រមាណ ៦៤​ករណី ក្នុង​នោះ​មាន ១៧​បណ្ដឹង មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​នោះ​ទេ។ សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​នេះ​នៅ​តែ​ដោះស្រាយ​យឺតយ៉ាវ និង​មិន​ទាន់​មាន​យន្តការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ប្រសិទ្ធភាព​នៅ​ឡើយ។

​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​យល់​ថា ការ​បន្ត​កើន​ឡើង​នូវ​ពាក្យបណ្ដឹង​ប្ដឹង​ជុំវិញ​រឿង​ពុករលួយ​របស់​ប្រជាពលរដ្ឋ​មក​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​សញ្ញា​អវិជ្ជមាន​នៃ​ការ​អនុវត្ត​ការងារ​របស់​អង្គភាព​នេះ ពោល​គឺ​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ឡើយ។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​នេះ​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​កិច្ច​ប្រជុំ​លើក​ទី​១៣ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា បង្ហាញ​ថា ក្នុង​រយៈពេល ១​ខែ (កក្កដា) អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ពាក្យ​ប្ដឹង​ចំនួន ៦៥​ករណី ដែល​ក្នុង​នោះ​មាន​បណ្ដឹង​អនាមិក​ចំនួន ២៣​ករណី ស្មើ​នឹង ៣៦​ភាគរយ។ សង្គម​ស៊ីវិល​យល់​ថា ចំនួន​នេះ​នៅ​តែ​មាន​ការ​កើន​ឡើយ និង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​បន្ត​កើន​ឡើង​នូវ​ពាក្យ​បណ្ដឹង​ជុំវិញ​រឿង​ពុករលួយ​គឺ​ជា​សញ្ញា​មិន​ល្អ​មួយ ព្រោះ​វា​អាច​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​តែ​រង​អំពើ​អយុត្តិធម៌ ពិសេស​អំពើ​​ពុករលួយ​ក្នុង​សង្គម​នៅ​តែ​បន្ត​មាន​នៅ​ឡើយ។

លោក សន ជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​សង្កេត​ឃើញ​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា មិន​បាន​ថយ​ចុះ​នោះ​ទេ។ ជាក់ស្ដែង​ដូចជា​រឿង​ទំនាស់​ដីធ្លី បញ្ហា​ធនធាន​ធម្មជាតិ រឿង​នយោបាយ និង​ការ​ដោះស្រាយ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ជាដើម។ លោក​អះអាង​ថា មាន​កត្តា​ពីរ​ដែល​ជំរុញ​ឲ្យ​កើន​ឡើង​ពាក្យ​បណ្ដឹង​​ជុំវិញ​រឿង​ពុករលួយ​របស់​ប្រជាពលរដ្ឋ គឺ​ទី​១ មាន​ការ​យឺតយ៉ាវ​ឆ្លើយ​តប​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មក​កាន់​ប្រជាពលរដ្ឋ និង​កត្តា​ទី​២ មក​ពី​យន្តការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​មិន​មាន​ប្រសិទ្ធភាព៖ «»។

លោក​ចង់​ឃើញ​អង្គភាព​នេះ ដុសខាត់​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​មុន​សិន ទើប​អាច​ទប់ស្កាត់​បញ្ហា​ពុករលួយ​នៅ​កម្ពុជា បាន៖ «»។

​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មិន​អាច​សន្និដ្ឋាន​ច្បាស់​ពី​ការ​កើន​ឡើង ឬ​ថយ​ចុះ​ពាក្យ​បណ្ដឹង​នេះ​នៅ​ឡើយ ថា​តើ​មក​ពី​មូលហេតុ​អ្វី​ច្បាស់​នោះ​ទេ? ប៉ុន្តែ​លោក អំ សំអាត នៅ​តែ​ជំរុញ​ឲ្យ​អង្គភាព​នេះ​ដោះស្រាយ​រាល់​ពាក្យ​បណ្ដឹង​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព៖ «»។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ជុំវិញ​ការ​កើន​ឡើង​នូវ​ពាក្យ​បណ្ដឹង​នៅ​ក្នុង​ខែ​កក្កដា ដោយសារ​មូលហេតុ​អ្វី​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​ពុករលួយ​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ពាក្យ​ប្ដឹង​ទាំង ៦៤​ករណី នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​អះអាង​ថា មាន ១៧ ពាក្យ​បណ្ដឹង មិន​ពាក់ព័ន្ធ​សមត្ថភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ក្រៅ​ពី​ជូន​ដំណឹង​អំពី​ពាក្យ​បណ្ដឹង​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​បាន​ឲ្យ​ដឹង​ពី​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​អ្នក​ទើបនឹង​តែងតាំង​ថ្មី​ចំនួន ២៦៦​រូប និង​លាឈប់ (ចប់​អាណត្តិ) ចំនួន ១៩​រូប។

​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែទម្រង់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​ឈប់​ភ័យខ្លាច​ក្នុង​ការ​រាយការណ៍ ឬ​ដាក់​ពាក្យ​ប្ដឹង​ពី​បញ្ហា​ពុករលួយ។ ជាង​នេះ សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​អង្គភាព​នេះ​ស៊ើបអង្កេត​រាល់​ពាក្យ​បណ្ដឹង​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន មុន​នឹង​ច្រានចោល​ពាក្យ​បណ្ដឹង ឬ​ចាត់​វិធានការ​លើ​ពាក្យ​បណ្ដឹង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។