​​​ប៉ូលិស​ប៉ះ​ស៊ីម៉ាក់ ខណៈ​បឹង​កេត​ជួប​​ Cam-Tiger ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

​កម្មវិធី​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា បាន​ចាប់​ផ្ដើម​វិញ​ហើយ ក្រោយ​កីឡាករ​បំពេញ​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ ល្ងាច​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​​២០១៦ ជា​ការ​ប្រកួត​សប្ដាហ៍​ទី១៤ ​ដោយ​មាន​ក្លឹប​​ប៉ូលិស​ប៉ះ​ស៊ីម៉ាក់ ខណៈ​​ បឹង​​កេត​អង្គរ​​ជួប​ Cam-Tiger ​ទាំង​ពីរ​គូ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV។

 

​​​ប៉ូលិស​ប៉ះ​ស៊ីម៉ាក់ ខណៈ​បឹង​កេត​ជួប​​ Cam-Tiger ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

 

​ប៉ូលិស​​អាច​ធ្វើ​បាន​ល្អ​ឡើង​វិញ​ហើយ​​ បន្ទាប់​ពី​ធ្លាក់​ទម្រង់​លេង​ខ្លាំង​កាល​​ដើម​រដូវ​កាល។ ​ពីរ​ប្រកួត​ចុង​ក្រោយ​ក្លឹប​​មួយ​​នេះ​គឺ​យក​ឈ្នះ​ក្រុមខ្លាំង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​១-០ ​និង​បន្ត​ឈ្នះ​អាស៊ីអឺរ៉ុប​១-០​​ផង​ដែរ។ ​

 

​ចំណែក​​​ស៊ីម៉ាក់​​​វិញ​​កំពុង​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​​ពួក​គេ​បាន​បរាជ័យ​ ៤​ប្រកួត​ជាប់​ៗ​គ្នា​។ ​ជំនួប​រវាង​​ប៉ូលិស និង​ស៊ីម៉ាក់​កាល​ពី​ជើង​ទី១​​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា ២-២។

 

​​សម្រាប់​បឹង​កេត​​​អង្គរ​វិញ​​បាន​ដាក់​គោល​ដៅ​ខ្ពស់ ​ក្នុង​ការ​ប្រជែង​យក​ពាន​​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ បើ​គិត​ត្រឹម​ពេល​នេះ​ពួក​គេ​មាន​ ៣៤​ពិន្ទុ​​ឈរ​​កំពូល​តារាង​ឆ្លង​កាត់​១៣​ប្រកួត​កន្លង​មក។ ​ដៃ​គូ​បឹង​កេត​គឺ​​ Cam-Tiger ក៏​ជា​ក្រុម​រឹង​មាំ​មួយ​ផង​ដែរ​ បច្ចុប្បន្ន​ក្រុម​មួយ​នេះ​កំពុង​​ឈរ​​លេខ ៥​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ឆ្លង​កាត់ ១៣​ប្រកួត​ដូច​គ្នា​មាន​២០​ពិន្ទុ​តាម​ពី​ក្រោយ​​ស្វាយរៀង​​ ដែល​មាន​២២​ ពិន្ទុ​​នៅ​លេខ ៤។

 

​​តាំង​ពី​ឆ្នាំ​២០១៤​​​ មក​ដល់​ពេល​នេះ​​​ បឹង​កេត​​ធ្លាប់​ប៉ះ Cam-Tiger ​ចំនួន ៧លើក​ក្នុង​នោះ​បឹង​កេត​ចាញ់​តែ​ម្ដង​គត់។ ចុះ​លើក​នេះ​វិញ​តើ​បឹង​កេត​អាច​យក​ឈ្នះ Cam-Tiger ​បាន​អត់?

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​