​ចប់​អូឡាំពិក ចូវ សុធារ៉ា ​​​គ្រោង​​ចូល​និវត្តន៍​ពី​ចំបាប់​ ​តែ​​​​ធ្វើ​​​គ្រូ​​​

​កីឡា​ការិនី​​ជម្រើស​ជាតិ​​​​​ចំបាប់​កម្ពុជា ចូវ សុធារ៉ា ​គ្រោង​ចូល​និវត្តន៍​ពី​កីឡាការិនី​ចំបាប់ ហើយ​​ចាប់​អាជីព​​គ្រូ​បង្វឹក​​​វិញ​​ ក្រោយ​បំពេញ​ភារកិច្ច​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​​នៅ​ប្រទេស​ប្រេស៊ីល​ ដែល​​នឹង​​បិទ​កម្មវិធី​ប្រកួត​​នា​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

 

​ចប់​អូឡាំពិក ចូវ សុធារ៉ា ​​​គ្រោង​​ចូល​និវត្តន៍​ពី​ចំបាប់​ ​តែ​​​​ធ្វើ​​​គ្រូ​​​កីឡា​ការិនី ចូវ សុធារ៉ា

 

​​​កីឡា​ការិនី​មាន​វ័យ ៣៣​ឆ្នាំ​រូប​​នេះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​វ័យ​កាន់​តែ​ច្រើន និង​មាន​បទពិសោធន៍​ក្រាស់ក្រែល​លើ​ប្រភេទ​កីឡា​ចំបាប់​នេះ​​​ផង​នោះ ​ខ្លួន​​នឹង​បោះបង់​​អាជីព​​​កីឡា​ ហើយ​​ធ្វើ​ជា​​​គ្រូ​បង្វឹក​វិញ​ម្ដង។ ​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​ជា​ក្ដី​ស្រមៃ​យ៉ាង​ធំធេង​​របស់​ខ្លួន​ ដែល​ប៉ង​ជា​យូរ​មក​ហើយ​។

 

​​កីឡា​ការិនី​​​​រូប​នេះ​បន្ត​ថា ​ការ​ចូល​រួម​​ប្រកួត​កីឡា​អូឡាំពិក​​ទើប​ទទួល​បាន​ឱកាស​ជា​លើក​ទី​១ ប៉ុណ្ណោះ។ ​ប៉ុន្តែ​បទ​ពិសោធន៍​ការ​ប្រកួត​ផ្សេងៗ សុធារ៉ា ឆ្លង​កាត់​ច្រើន​​រាប់​មិន​អស់​ ​និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​​ស៊ីហ្គេម​​ពីរ​លើក​នា​ឆ្នាំ​២០០៩ និង​២០១៣។

 

​គិត​មក​ដល់​ពេល​នេះ​ ចូវ សុធារ៉ា ធ្លាប់​ឈ្នះ​មេដាយ​ចំនួន ៦​​​គ្រឿង​​​​ក្នុង​នោះ​មាស២ ​ប្រាក់៣ ​និង​សំរឹទ្ធ១​​។ កីឡា​ការិនី​រូប​នេះ​​បាន​​ចេញ​ដំណើរ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​​កាល​ពី​ល្ងាច​​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៦​​នេះ៕

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​