​កំហុស​ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ចៀសវាង​

​កំហុស​ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ចៀសវាង​


​កំហុស​ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ចៀសវាង​

​ថ្វី​បើ​អ្វីៗ​ដែល​យើង​ធ្វើ ដើម្បី​រស់​នៅ​មាន​សុខភាព​ល្អ និង​ញ៉ាំ​អាហារ​ត្រឹមត្រូវ ក្នុងពេល​មាន​ផ្ទៃពោះ​នោះ យើង​នៅតែ​អាច​សាង​កំហុស​មួយចំនួន ដោយ​មិន​ដឹង​ខ្លួន​បានដែរ​។ ដូច្នេះ តើ​អ្វី​ទៅ​ជា​កំហុស​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ច្រើន​តែ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន និង​គួរ​ចៀសវាង​វា​នោះ​?

គេង​ផ្ងារ​ត្រង់​ខ្លួន​
មនុស្ស​មួយចំនួន​គិតថា វា​នឹង​មិន​មាន​អ្វី​គ្រោះថ្នាក់​ទេ ហើយ​ទោះបីជា​ក្បាលពោះ កំពុងតែ​ធំ​ក៏ដោយ​ក៏​អាច​គេង​ផ្ងារ​បានដែរ​។ ប៉ុន្តែ ការធ្វើ​បែប​នេះ​នឹង​ដាក់​សម្ពាធ​កាន់តែខ្លាំង ទៅលើ​សរីរាង្គ​ជាច្រើន​ក្នុង​ខ្លួន​ដូច​ជា​បេះដូង សួត និង​តម្រងនោម ព្រមទាំង​ធ្វើ​លំហូរ​ឈាម ហូរ​ពី​ជើង​ចូល​បេះដូង​វិញ​មិន​បាន​ស្រួល​ឡើយ​។ មានន័យ​ថា ជីវជាតិ​ដែល​ទទួលបាន​ពី​ចំណីអាហារ ពិតជា​មិន​អាច​ផ្គត់ផ្គង់​ដល់​កូន​ក្នុង​ផ្ទៃ​គ្រប់គ្រាន់​ឡើយ​។

លើក​បីកូន​ចេះ​ដើរ​តេស​តាស​
ការ​ពរ​កូន​ក្នុងពេល​កំពុង​តែ​មាន​ផ្ទៃពោះ អាចជា​រឿង​មួយ​ពិបាក​ដែរ​។ ប៉ុន្តែ ការ​លើ​កូន​បី​ញឹកញាប់​ពេក និង​ច្រើន​ម៉ោង អាច​នឹង​ដាក់​សម្ពាធ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​។ បើសិន​ជា​អ្នក​នៅ​តែ​ត្រូវការ​បីកូន​ទៀត ចូរ​អង្គុយ​ចុះ​សិន​ចាំ​លើក​គេ​ឡើង ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​បត់​ចង្កេះ​ឲ្យសោះ​។ ចូរ​ចៀសវាង​ការ​បី ឬ​ពរ​កូន​យូរពេក​។

មិន​ពាក់​ខ្សែក្រវ៉ាត់​
ស្ត្រី​ខ្លះ​ចៀសវាង​ការពាក់​ខ្សែក្រវ៉ាត់​ពេល​ជិះឡាន ដោយ​គិត​ថា​អាច​ប៉ះពាល់​ដល់​កូន​។ ប៉ុន្តែ បើសិនជា​អ្នកនឹង​ត្រូវការ​ធ្វើ​ដំណើ​រ​ញឹកញាប់​នោះ ចូរ​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ពាក់​ខ្សែក្រវ៉ាត់​ទៅ​។ គ្រោះថ្នាក់​ចរាចរណ៍ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ប៉ះពាល់​ដល់​ទារក​ទៅ​ទៀត​។

ពាក់​ស្បែកជើង​កែង​ខ្ពស់​
ចូរ​បំភ្លេច​ភាព​ខ្ពស់ស្រឡះ ក្នុងពេល​មាន​ផ្ទៃពោះ​ទៅ​។ យ៉ាងណាមិញ អ្នក​គួរតែ​ពាក់​ស្បែកជើង​រាបស្មើ ឬ​ស្បែកជើងផ្ទាត់​វិញ​ទើប​ល្អ​ជាង​។ ក្នុងពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​មួយ​ឈ្មោះថា Relaxin ដែល​ជួយ​បន្ធូរ​ដល់​សន្លាក់​។ ជាមួយគ្នានេះដែរ នៅពេល​ពោះ​កាន់តែ​ធំ ហើយ​ឡើង​ទម្ងន់​ទៀត វា​នឹង​កាន់តែ​ពិបាក​ក្នុង​ការរក្សា​តុល្យភាព​រាងកាយ ក្នុងពេល​ពាក់​ស្បែកជើង​កែង​ខ្ពស់​ណាស់​។ ដូច្នេះ​ការ​ដួល​នឹង​ប្រឈម​ខ្ពស់បំផុត​។

មើល​រឿង​រន្ធត់ ឬ​រឿង​ខ្មោច​ច្រើនពេក​
បើសិន​ជា​អ្នក​មិន​ខ្លាច​ខ្មោច​ទេ វា​ពិតជា​មិន​អី​ឡើយ​។ ប៉ុន្តែ បើសិនជា រឿង​ខ្មោច​តែងតែ​ធ្វើឲ្យ​អ្នកខ្លា​ចនោះ វា​អាច​នឹង​ក្លាយទៅជា​ភាព​តានតឹង​តិចតួច​មួយ សម្រាប់​កូន​ក្នុង​ពោះ​ដែរ​។ ដូច្នេះ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ខ្សែរ​ភាពយន្ត​ទាំងនេះ​ទៅ​។

ឱន​រើស​អីវ៉ាន់​
រឿង​នេះ​អាច​នឹង​ប៉ះពាល់​ភ្លាមៗ ដល់​កូន​ក្នុង​ពោះ​អ្នក​បាន ហើយ​ក៏​ដាក់​សម្ពាធ​ដល់​ពោះ​ថែម​ទៀត​។ ចូរ​ចាំ​ថា ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចៀសវាង​ការដាក់​សម្ពាធ​គ្រប់​ប្រភេទ​នៅលើ​ពោះ​អ្នក​។

គេង​ច្រើនពេក​
ការ​គេង​ច្រើនពេក​ក្នុងពេល​មាន​ផ្ទៃពោះ មិនមែន​ជា​រឿង​មួយ​ល្អ​ឡើយ​។ ខណៈពេល​ដែល​អ្នកត្រូវកា​រ​សម្រាក​គ្រប់គ្រាន់ ការ​គេង​ច្រើន​ជ្រុល អាច​នឹង​ធ្វើឲ្យ​រាងកាយ​ល្ហិត​ល្ហៃ​បាន​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​គេង​ត្រឹមតែ ៨ ទៅ ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។