រន្ធត់ ! ដំរី​គ្រវែង​ដុំ​ថ្ម​ត្រូវ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ស្លាប់

ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ដំរី​ប្រើ​ប្រមោយ​គ្រវែង​ដុំ​ថ្ម​ចេញពី​ក្រោល​ក្នុង​សួនសត្វ​ត្រូវ​ចំ​លើ​រូប​នាង ខណៈ​ស្ថិត​ក្នុង​ចំណោម​អ្នកទេសចរ​ជា​ច្រើន​នាក់ ។ ហេតុការណ៍​ដំរី​ចោល​ដំ​ថ្មី​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ស្លាប់​នេះ​កើតឡើង​នៅ​សួនសត្វ «Rabat» ប្រទេស​ម៉ា​រ៉ុ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

ខាង​សួនសត្វ​បញ្ជាក់​ថា ដុំ​ថ្ម​ត្រូវ​ដំរី​គ្រវែង​ចេញពី​ក្រោល​រំលង​ប្រឡាយ​ទឹក​ខណ្ឌ​ចែក​រវាង​ដំរី​និង​អ្នក​ទស្សនា ។ កុមារី​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ។

ខាង​សួនសត្វ​បញ្ជាក់​ថា ក្រោល​ដំរី​សាងសង់​តាម​ក្បួនខ្នាត​ត្រឹមត្រូវ ។ ចំពោះ​គ្រោះអាក្រក់​នោះ​កើតឡើង​ដោយ​នឹក​ស្មាន​មិន​ដល់ ។

លោក Phyllis Lee នាយក​ផ្នែក​វិទ្យាសាស្ត្រ​របស់​មូលនិធិ​ដំរី «Amboseli» បញ្ជាក់​ថា «​មូលហេតុ​ដែល​ដំរី​ប្រើ​ប្រមោយ​គ្រវែង​ដុំ​ថ្ម​ទៅ​ចំ​ក្មេង​ស្រី​នោះ គឺជា​រឿង​ខុស​ប្រក្រតី ។ វា​អាច​កើតឡើង​បាន​នៅ​ពេល​វា​ខឹង ឬ​ធុញថប់ ។ យោបល់​របស់ខ្ញុំ វា​មិន​បាន​តម្រង់​គោលដៅ​ទៅ​លើ​ក្មេង​ស្រី​ទេ ប៉ុន្តែ​វា​បង្ហាញ​ឱ្យ​ឃើញ​ពី​កំហឹង​ហើយ​អ្នក​មិន​អាច​ប៉ាន់​ប្រមាណ​បាន​ថា តើ​សត្វ​ដែល​ត្រូវ​ឃុំឃាំង​នឹង​ធ្វើ​អ្វីខ្លះ ?​» ៕