សិង្ហ​បុរី​៖ អាមេរិក​មិនអាច​បោះបង់​អាស៊ី ទោះ​អ្នកណា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-31-2016, 10:01 am         23

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សិង្ហ​បុរី​៖ អាមេរិក​មិនអាច​បោះបង់​អាស៊ី ទោះ​អ្នកណា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយ​​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​សារព័ត៌មាន Channel News Asia រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បានបង្ហាញ​ការយល់ឃើញ​វិជ្ជមាន​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​និង​សិង្ហ​បុរី  ក៏ដូចជា​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​តំបន់​អាស៊ី​ទាំងមូល ទោះជា​បេក្ខជន​មួយណា​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយ​។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា សិង្ហ​បុរី​នឹង​បន្ត​ជួយ​គាំទ្រ​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី​ទៅមុខទៀត​។​

ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​ក្លាយជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​របស់​មនុស្ស​ទូទៅ ជាពិសេស​បណ្តា​អ្នកនយោបាយ និង​អ្នកបង្កើត​គោលនយោបាយ​ទូទាំង​ពិភពលោក​។ បើតាម​ស្ថានភាព​ជាក់ស្តែង បេក្ខជន​ពីររូប​ប៉ុណ្ណោះ​(​មិន​រាប់​គណបក្ស​តូចៗ​)​ដែល​នឹង​អាចមាន​លទ្ធភាព​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​។ ប៉ុន្តែ​ប្រទេស​ជាច្រើន បារម្ភ​ថា លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត ព្រោះ​គេ​ខ្លាច​បញ្ហា​កើតឡើង និង​មានការ​ផ្លាស់​ច្រើន​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក​និង​បណ្តា​ប្រទេស​ឯទៀត​។ 

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក បានបង្ហាញ​ការយល់ឃើញ​វិជ្ជមាន​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​ជាមួយ​សិង្ហ​បុរី និង​ការបន្ត​ផ្សាភ្ជាប់​របស់​អាមេរិក​ជាមួយ​តំបន់​អាស៊ី​ទាំងមូល ទោះជា​អ្នកណាម្នាក់​នឹង​ក្លាយជា​ប្រ​ធា​ធិបតី​អាមេរិក​ក៏ដោយ​។

​ក​.​ទំនាក់ទំនង​រវាង​អាមេរិក​និង​សិង្ហ​បុរី​ច្រើន​វិស័យ​រីកលូតលាស់​ពេលអនាគត​
 ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន Channel News Asia រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan បាន​បកស្រាយ​ចំពោះ​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​អនាគត​ទំនាក់ទំនង​អាមេរិក​និង​សិង្ហ​បុរី និង​ការផ្លាស់ប្តូរ​មេដឹកនាំ​អាមេរិក​ផង​។ បទសម្ភាសន៍​នេះ​ធ្វើឡើង​ស្របពេល​ដែល​លោក លី សៀន​ឡុង ត្រៀម​ចេញដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​ក្នុង​រយៈពេល ៣១​ឆ្នាំ​មកនេះ និង​ដើម្បី​រំលឹក​ខួប​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ទាក់ទង​សំណួរ​ថា រវាង​ទំនាក់ទំនង​យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន តើ​មួយណា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អនាគត​នៃ​ទំនាក់ទំនង​អាមេរិក​និង​សិង្ហ​បុរី ប្រមុខ​ការទូត​ខាងលើ​បាន​ពន្យល់ថា លោក​មើលមិនឃើញ​ថា ទំនាក់ទំនង​មួយ​មានប្រៀប​ជាង​មួយណា​ឡើយ​។

​លោក​បន្តថា លោក​ឃើញ​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​ទាំងអស់​ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ជាមួយ​ប្រជាជន​។ ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម លោក​លើកយក​កិច្ចព្រមព្រៀង​ស្តង់ដា​ខ្ពស់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​អាមេរិក​និង​សិង្ហ​បុរី​ជា​ភាគី​នោះ​។ ហើយ​សិង្ហ​បុរី​ក៏​ឃើញ​ពី​អនាគត​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្នុង​ផ្នែក​សហគ្រិនភាព និង​ការច្នៃប្រឌិត ហើយ​សិង្ហ​បុរី​រំពឹងថា​នឹង​បានឃើញ​ការវិនិយោគ​ច្រើន​ពី​អាមេរិក​ហូរ​ចូល​សិង្ហ​បុរី ហើយ​និង​ការវិនិយោគ​ពី​សិង្ហ​បុរី​ទៅកាន់​អាមេរិក​ផងដែរ​។

សិង្ហ​បុរី​៖ អាមេរិក​មិនអាច​បោះបង់​អាស៊ី ទោះ​អ្នកណា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-31-2016,  10:01 am         23
 

​បើ​និយាយ​ពី​បញ្ហា សន្តិសុខ សិង្ហ​បុរី​ត្រៀមខ្លួន​ដើម្បី​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាមេរិក ដើម្បី​ទប់ស្កាត់​ឬ​ប្រឆាំង​ភេ​វក​ម្ម​។ បន្ថែម​ពី​នោះ រដ្ឋមន្ត្រីការបរទេស​ខាងលើ​ក៏​បញ្ជាក់​ផងដែរ​ថា សិង្ហ​បុរី​នឹង​ព្យាយាម​ជួយ​គាំទ្រ​តួនាទី​ស្នូល​អាស៊ាន ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​មហាអំណាច​នៅក្នុង​តំបន់​ជាពិសេស​ចិន​តែម្តង​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​។​

២.​អ្នកណា​ជាប់ឆ្នោត​ក៏ដោយ អាស៊ី​នៅ​ជា​បេះដូង​នៃ​នយោបាយ​ការបរទេស​អាមេរិក 
​ចំណែក​សំណួរ​ផ្សេងទៀត​គឺ​ទាក់ទង​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​ការដឹកនាំ​នៅ​សហរដ្ឋអាមេរិក​លើ​ទំនាក់ទំនង​ទ្វេភាគី​។ លោក Vivian Balakrishnan បាន​ឆ្លើយតប​ថា តាំងពី​យូរ​មកហើយ ពោលគឺ​ចាប់តាំងពី​បង្កើត​ចំណង​ការទូត​ជាមួយគ្នា​រយៈពេល​៥​ទសវត្ស​ន៍​មកហើយ​នោះ សិង្ហ​បុរី​មិនដែល​ជួប​បញ្ហា​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។
និយាយ​ទៅ ទោះជា​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​ឬ​បក្ស​សាធារណរដ្ឋ​ក៏ដោយ សិង្ហ​បុរី​មិន​ដែលមាន​ជម្លោះ ហើយ​ទំនាក់ទំនង​ក៏​មិន​ផ្លាស់ប្តូរ​ទៅរក​ភាពអាក្រក់​ដែរ​។

​ចំណុច​មួយទៀត រដ្ឋមន្ត្រីការបរទេស​រូបនេះ​យល់ថា តំបន់​អាស៊ី​នៅតែ​យុទ្ធសាស្ត្រ​សំខាន់បំផុត​មួយ​សម្រាប់​គោលនយោបាយ​អាមេរិក ហើយ​វា​ផ្តល់​ប្រយោជន៍​ឲ្យ​អាមេរិក​ទាំង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ផងដែរ​។ ដូច្នេះ​ទោះជា​អ្នកណា​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក៏ដោយ គេ​មិនអាច​បោះបង់ចោល​អាស៊ី​ឡើយ ហើយ​គេ​ត្រូវ​ស្វែងរក​ឱកាស​ដើម្បី​ទាញ​ប្រយោជន៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​អាមេរិក​ផងដែរ​។

​បន្ថែម​លើ​ការជឿជាក់​លើ​ការបន្ត​គោលនយោបាយ​ការបរទេស​ដែល​យក​អាស៊ី​ជា​តំបន់​អាទិភាព ប្រមុខ​ការទូត​សិង្ហ​បុរី​ក៏​អះអាងថា សិង្ហ​បុរី​នឹង​នៅ​បន្ត​តួនាទី​សំខាន់​របស់ខ្លួន​ក្នុង​ការជួយជ្រោមជ្រែង​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ី​ផងដែរ​ក្នុង​ពេលអនាគត​៕