កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​និង​តួ​ក​គី​ស្ដីពី​ជនភៀសខ្លួន អាច​នឹង​បរាជ័យ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-31-2016, 11:55 am         44

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប​និង​តួ​ក​គី​ស្ដីពី​ជនភៀសខ្លួន អាច​នឹង​បរាជ័យ​​កិច្ចព្រមព្រៀង​រវាង​អឺរ៉ុប និង​តួ​ក​គី ដែល​សំដៅ​បញ្ឈប់​លំហូរ​ជនភៀសខ្លួន​ទៅកាន់​អឺរ៉ុប​នោះ កំពុង​ប្រឈមមុខ​នឹង​បរាជ័យ បន្ទាប់ពី​មានការ​ឆ្លើយឆ្លង​ពាក្យសម្ដី​រវាង​ថ្នាក់ដឹកនាំ​អឺរ៉ុប និង​ប្រមុខរដ្ឋ​តួ​ក​គី ជុំវិញ​ស្ថានការណ៍​នៅ​តួ​ក​គី​។ បន្ទាប់ពី​មាន​រដ្ឋប្រហារ​មិនបាន​សម្រេច អឺរ៉ុប​បាន​ព្រមាន​តួ​ក​គី​ជុំវិញ​ការដាក់​ពាក្យ​សុំចូល​អឺរ៉ុប ឯ​តួ​ក​គី​ក៏​ព្រមាន​ឈប់​សហការ​ជាមួយ​អឺរ៉ុប រឿង​ជនភៀសខ្លួន​ដែរ​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ (Jean-Claude Juncker) បាន​និយាយថា កិច្ចព្រមព្រៀង​អឺរ៉ុប​ជាមួយ​តួ​ក​គី លើ​បញ្ហា​ជនភៀសខ្លួន​មកកាន់​តំបន់​អឺរ៉ុប កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប ថ្លែង​ដូចនេះ បន្ទាប់ពី​អឺរ៉ុប និង​តួ​ក​គី ខ្វែងគំនិត​គ្នា​លើ​ស្ថានភាព​នៅ​តួ​ក​គី ខណៈ​ប្រធានាធិបតី​តួ​ក​គី ចង់​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ ប៉ុន្តែ​អឺរ៉ុប​ព្រមាន​ថា បើ​ហ៊ាន​អនុវត្ត​ទោស​នេះ​មែន អឺរ៉ុប​នឹង​ផ្អាក​ការសុំ​ចូល​ជា​សមាជិក​របស់​តួ​ក​គី​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Kurier របស់​អូទ្រីស​ដែល​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា  លោក ចាំង​កឺ បញ្ជាក់ថា​៖ «​គ្រោះថ្នាក់​គឺ​ធំ​ណាស់ ហើយ​មកទល់ពេលនេះ ជោគជ័យ​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ផុយស្រួយ​ណាស់​។ ចំណែក​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan ក៏បាន​បង្ហើប​ជា​ញឹកញយ​ថា លោក​នឹង​បោះបង់​កិច្ចព្រមព្រៀង​នេះ​ចោល​។​»

​ជាមួយគ្នានេះ ដោយ​មើលឃើញ​ពី​គ្រោះថ្នាក់​នៃ​ការដួលរលំ​នៃ​កិច្ចព្រមព្រៀង​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បន្តថា ជនភៀសខ្លួន ដែល​ជាប់​ខ្លួន​នៅ​តួ​ក​គី ក្រិ​ក និង​តំបន់​ដទៃទៀត នឹង​សម្រុក​ហូរ​ចូល​តំបន់​អឺរ៉ុប​មិន​ខាន​។ កិច្ចព្រមព្រៀង​ខែមីនា​រវាង​អឺរ៉ុប និង​តួ​ក​គី បាន​ជួយ​សម្រាល​បន្ទុក​របស់​អឺរ៉ុប​យ៉ាងច្រើន ប៉ុន្តែ​ក៏មាន​ការព្រួយបារម្ភ​ដែរ​ថា កិច្ចព្រមព្រៀង​នេះ អាច​នឹង​បរាជ័យ បន្ទាប់ពី​ហេតុការណ៍​រដ្ឋប្រហារ​នៅ​តួ​ក​គី​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ជុំវិញ​បញ្ហា​នេះដែរ ប្រធាន​គណៈកម្មការ​អឺរ៉ុប ក៏បាន​លើកឡើង​ពី​ការព្រួយបារម្ភ​របស់លោក នឹង​ស្ថានការណ៍​ថ្មីៗ​របស់​តំបន់​អឺរ៉ុប​ទាំង​មួល ជាពិសេស​ស្ថានការណ៍​នៅ​ប៉ូឡូញ និង​ហុង​គ្រី​។ លោក​បន្ថែមថា សកម្មភាព​ថ្មីៗ​របស់​រដ្ឋាភិបាល​ប៉ូឡូញ គឺ​រំលោភ​នីតិរដ្ឋ ហើយ​លោក ក៏​កំពុង​តាមដាន​គម្រោង​ធ្វើ​ប្រជាមតិ​ស្ដីពី​ជនអន្តោប្រវេសន៍​របស់​ហុង​គ្រី​ដែរ​។​

​នៅ​ថ្ងៃទី​២៧ ខែកក្កដា គណៈកម្មការ​អឺរ៉ុប​បាន​ទុកពេល​បី​ខែ​ឲ្យ​ប៉ូឡូញ ដើម្បី​កែប្រែ​តុលាការ​ធម្មនុញ្ញ បើសិនជា​មិន​ចង់​រង​ការដាក់ទណ្ឌកម្ម​ទេនោះ ដ្បិត​ប៉ូឡូញ​ល្មើស​ក្រិ​ត្យ​ក្រម​របស់​អឺរ៉ុប​ជុំវិញ​ការអនុវត្ត​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​។ ចំណែក​ហុង​គ្រី​វិញ រដ្ឋាភិបាល​ស្ដាំនិយម ប្រកាស​មិន​ព្រម​ទទួលយក​ជនភៀសខ្លួន ដែល​អឺរ៉ុប​បែងចែក​តាម​កូតា​នោះទេ ហើយ​នឹងធ្វើ​ប្រជាមតិ​នៅ​ថ្ងៃទី​២ ខែតុលា ដើម្បី​សម្រេច​ថា អនុវត្តតាម​សហភាព​អឺរ៉ុប ឬ​អត់​៕