ភស្តុតាង​ថ្មី​បង្ហាញ​បុរស​ជិះ​ម៉ូតូ​ស្លាក​លេខ​ប៉ូលិស​ជាប់​ពាក់ព័ន្ធ​ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី

នៅ​ខណៈ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​អះអាង​ថា ពុំ​មាន​តម្រុយ​អ្វី​ថ្មី​ក្នុង​សំណុំ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​ករណី​បណ្ឌិត កែម ឡី ស្រាប់​តែ​មាន​វីដេអូ​ថ្មី​មួយ​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ។ មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយ​តប​ថា នេះ​ជា​ពន្លឺ​មួយ​បន្ថែម​ដែល​អាច​ជួយ​ដល់​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ។

វីដេអូ​ថ្មី​ស្រឡាង​ដែល​ទើប​ត្រូវ​គេ​ផុស​នៅ​ក្នុង​បណ្ដាញ​សង្គម នៅ​ថ្ងៃ​សៅរ៍ ទី​៣០ កក្កដា បាន​បង្ហាញ​ពី​ចំណុច​មន្ទិល​សង្ស័យ​មួយ​ចំនួន​ក្នុង​អំពើ​ឃាតកម្ម​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​នេះ។

វីដេអូ​ដែល​មាន​រយៈពេល​ជាង ២​នាទី បាន​បង្ហាញ​យ៉ាង​ច្បាស់​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ឃើញ​សកម្មភាព​ជន​សង្ស័យ​ព្យាយាម​រត់​តាម​ដង​ផ្លូវ​សុធារស ឆ្ពោះ​ទៅ​ត្រង់​ផ្សារ​អ៊ីអន (Aeon) ក្រុងភ្នំពេញ​។​

ឃ្លីប​វីដេអូ​បង្ហាញ​នូវ​សកម្មភាព​រត់​ក្នុង​ល្បឿន​មធ្យម​របស់​ជន​សង្ស័យ ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ អឿត អាង រំពេច​នោះ​ស្រាប់​តែ​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​ដែល​មាន​អ្នក​បើក​ពាក់​អាវ​ស ពាក់​មួក​សុវត្ថិភាព ហើយ​ម៉ូតូ​នោះ​ពណ៌​ខៀវ​មាន​ពាក់​ស្លាក​អក្សរ​ជា​ភាសា​អង់គ្លេស​នៅ​ចំហៀង​ថា Police (ប៉ូលិស) ផង។ ក្នុង​រូប​វីដេអូ​នោះ​គេ​ឃើញ​ម៉ូតូ​បង្អង់​ល្បឿន​ក្បែរ​ជន​សង្ស័យ ហើយ​ហាក់​ដូចជា​បាន​និយាយ​សាសង​គ្នា​ជាមួយ​ជន​សង្ស័យ​បាន​មួយ​ភ្លែត។

បន្ទាប់​មក​ឃើញ​ជន​សង្ស័យ​ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ ប៉ុន្តែ​គេ​មិន​ដឹង​មូលហេតុ​អ្វី ទើប​ជន​សង្ស័យ​នេះ​ឡើង​ជិះ ហើយ​ចុះ​រត់​វិញ ហើយ​រត់​បន្ត​ទៅ​មុខ​ទៀត។ នៅ​នាទី​ចុង​ក្រោយ ជន​សង្ស័យ​ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ ជួប សម្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ក្បែរ​ស្ថានទូត​រុស្ស៊ី។ ប៉ុន្តែ​ទីបំផុត ម៉ូតូ​ដែល​គេ​សង្កេត​ឃើញ​ព្យាយាម​ឌុប​នោះ បាន​មក​ដឹក​ជន​សង្ស័យ​វិញ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។

ជុំវិញ​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ សមត្ថកិច្ច​តែង​អះអាង​ថា​ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី ក្រៅ​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​ឡើយ។

ទាក់ទិន​ករណី​នេះ លោក ខៀវ សុភ័គ អះអាង​ថា វា​ជា​រឿង​ល្អ​ដែល​មាន​តម្រុយ​ថ្មី និង​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ភស្តុតាង ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ។ លោក​បន្ត​ថា មាន​តែ​កិច្ចការ​សហការ​ពី​ពលរដ្ឋ​ទេ ទើប​អាច​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​បាន​លឿន។ លោក​បន្ត​ថា «ពាក់ព័ន្ធ​នឹង​ឃាតក​នេះ បើ​អ្នក​បាន​ឃើញ​អាច​ផ្តល់​ព័ត៌មាន​បាន។ និយាយ​រួម បើ​មិន​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​មហាជន​ទេ វា​មិន​ភ្លឺ។ អ៊ីចឹង​ទេ ពាក់ព័ន្ធ​នឹង​សាក្សី ភស្តុតាង អ្នក​ឃើញ​ផ្ទាល់​ភ្នែក បើ​មាន​អី គឺ​អាច​ជួយ​បាន​ហើយ»

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា វា​គួរ​ឲ្យ​ហួស​ចិត្ត​ដែល​ការ​ស្រាវជ្រាវ​ក្នុង​ការ​បាញ់​ប្រហារ ស្ទើរ​មាន​អ្វី​ទាំងអស់​អាច​បង្ហាញ​មុខ​ជន​សង្ស័យ​បាន តែ​បែរ​ទៅ​ជា​ស្មុគស្មាញ​ទៅ​វិញ។ លោក​មើល​ឃើញ​ថា វីដេអូ​ដែល​បាន​បែក​ធ្លាយ​នេះ វា​ពិត​ណាស់​ប្រាកដ​ជា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ត្រូវ​ចោទ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ការ​ធ្វើ​របៀប​នេះ វា​អាច​មាន​ជាប់​ពាក់ព័ន្ធ។ អ៊ីចឹង​បាន​ជា​យើង​សូម​ឲ្យ​សមត្ថកិច្ច​លោក​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ដោយ​តម្លាភាព និង​យុត្តិធម៌។ បើ​យើង​មើល​ទៅ​លើ​ទង្វើ​ការ​រត់​របស់​បុរស​ដែល​បាន​ចាប់​ខ្លួន ហាក់​បី​ដូចជា​មិន​មាន​ការ​តក់ស្លុត និង​ភ័យ​ខ្លាច​អ្វី​ទាំងអស់»

ស្ថាប័ន​អន្តរជាតិ​ធំៗ និង​អង្គទូត ទាមទារ​ឲ្យ​សមត្ថកិច្ច និង​រដ្ឋាភិបាល ត្រូវ​ស្រាវជ្រាវ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​មួយ​នេះ​ដោយ​ឯករាជ្យ និង​ជឿ​ទុក​ចិត្ត​បាន។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ ២០​ថ្ងៃ​ហើយ ពន្លឺ​ថ្មី​នៃ​ការ​ស៊ើប​អង្កេត​ណា​មួយ​ពី​សមត្ថកិច្ច នៅ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។