ការប្រឈមមុខ​ប្រដាប់អាវុធ​នៅ​ហ្វីលីពីន​កាន់​ស្តួចស្តើង ក្រោយ​លោក​Duterte​ប្រកាស​លុបចោល​បទ​ឈប់​បាញ់​ និពន្ធដោយ : ទេព អ៊ីវិសាល       July-31-2016, 1:10 pm         14

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការប្រឈមមុខ​ប្រដាប់អាវុធ​នៅ​ហ្វីលីពីន​កាន់​ស្តួចស្តើង ក្រោយ​លោក​Duterte​ប្រកាស​លុបចោល​បទ​ឈប់​បាញ់​ពេល​កំណត់​ចុងក្រោយ​ក្នុងការ​បកស្រាយ​ពី​ឧប្បទ្ទវហេតុ​នៃ​ការបាញ់ប្រហារ​របស់​ក្រុម​ឧទ្ទាម​បក្ស​ក​ម្មុយ​នី​ស្ត​ហ្វីលីពីន​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ហ្វីលីពីន បានមក​ដល់​ដោយ​មិនមាន​ចម្លើយ ហើយ វា ក៏មាន​ន័យ​ដែរ​ថា បទ​ឈប់​បាញ់​ឯកតោភាគី​របស់លោក​ប្រធានាធិបតី Rodrigo Duterte ជាមួយ​ក្រុម​ឧទ្ទាម​ក៏ត្រូវ​បាន​អស់​សុពលភាព​ផងដែរ​។

លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ នៅ​ថ្ងៃទី​៣០ ខែកក្កដា ម្សិលមិញ បាន​ដកចេញ​បទ​បាញ់​ជាមួយនឹង​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត បន្ទាប់ពី​ក្រុម​នេះ មិន​ផ្តល់​ការបកស្រាយ​ចំពោះ​ការវាយប្រហារ​មួយ​ដែល​បាន​បណ្តាល​ឲ្យ​កងកម្លាំង​រដ្ឋាភិបាល​ស្លា​ប់ និង​របួស​ជាច្រើន​នាក់​។ ការប្រកាស​បញ្ចប់​សុពលភាព​នៃ​បទ​ឈប់​បាញ់​នេះ នឹងធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការប្រឈមមុខ​ប្រដាប់អាវុធ​រវាង​ភាគី​ទាំងពីរ​កាន់តែ​ស្តួចស្តើង ហើយ ការចរចា​រវាង​ភាគី​ក៏ត្រូវ​រាំងស្ទះ​ផងដែរ​។​

សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​២៥ ខែកក្កដា កន្លងទៅ លោក​ប្រធានាធិបតី​ទើប​កាន់តំណែង​ថ្មី ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ បានប្រកាស​បទ​ឈប់​បាញ់​មួយ​ដោយ​ឯកតោភាគី​ជាមួយនឹង​ឧទ្ទាម​បក្ស​ក​ម្មុយ​នី​ស្ត​ហ្វីលីពីន ឬ​ទាហាន​ឯករាជ្យ​ប្រជាជន​ហ្វីលីពីន​ថ្មី​ដើម្បី​បញ្ចប់​ការប៉ះទង្គិច​ជាមួយនឹង​ក្រុម​ឧទ្ទាម​ដែលមាន​មេក្លោង​នៅក្រៅ​ប្រទេស​ដែល​បានសម្លាប់​អាយុជីវិត​ប្រជាជន​រាប់ពាន់នាក់​តាំងពី​ឆ្នាំ​១៩៦០​។ ការប្រកាស​នេះ ក៏​ស្រប​ជាមួយនឹង​គោលនយោបាយ​ផ្សះផ្សារ​របស់លោក​ឌើ​ទើ​ទេ​ជាមួយនឹង​ក្រុម​ឧទ្ទាម​ដោយ​លោក​ថែមទាំង​សន្យា​ផ្តល់​តំណែង​រដ្ឋាភិបាល​ឲ្យ​ពួកគេ​ទៀតផង​។

យ៉ាងណាក៏ដោយ ក្រោយពីរ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកាស​បទ​ឈប់​បាញ់​នោះ មានការ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ក្រុម​បក្ស​កុម្មុយនីស្ត​នៅ​ភាគខាងត្បូង​នៃ​ខេត្ត Davao del Norte ដោយបាន​សម្លាប់​កងក​ម្លាំ​ង​រដ្ឋាភិបាល​ម្នាក់ និង​របួស​បួន​នាក់​ផងដែរ​។ ក្រោយ​ហេតុការណ៍​នេះ លោក​ប្រធានាធិបតី Duterte មិនទាន់​ប្រតិកម្ម​ខ្លាំង​ឡើយ ដោយ​លោក​បានដាក់​«​ឳ​សាន​វាទ​»​ឲ្យ​មេ​ឧទ្ទាម​នោះ​បកស្រាយ​ដល់​តែ​ពីរលើក​។ លើក​ទី​១​នៅ​ថ្ងៃទី​២៨ និង​លើក​ទី​២​នៅ​ថ្ងៃទី​៣០​ខែកក្កដា​។ តែ​គ្មាន​ចម្លើយ​បកស្រាយ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ពី​ខាង​ឧទ្ទាម​ឡើយ​។

បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler លោក ឌើ​ទើ​តេ ដែល​ប្រជាជន​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ពូកែ​ដាក់ទណ្ឌកម្ម ឬ​បុរស​ខ្លាំង​» បាន​ផ្ញើ​សារ​ព្រមាន​មួយ​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​កន្លងទៅ ដោយ លោក​ប្រកាស​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ មិនមែន​គំរាមកំហែង​អ្នក​ឡើយ​។ ប្រសិនបើ​អ្នក​មិន​ចង់បាន​វា​(​បទ​ឈប់​បាញ់​) វា​មិន​អី​នោះទេ​សម្រាប់​ខ្ញុំ​។ យើង នឹង​ប្រយុទ្ធ​គ្នា​ក៏បាន​។​»

ជុំវិញ​បញ្ហា​នេះ លោក Jose Maria Sison ដែលជា​ស្ថាបនិក​របស់​បក្ស​កុ​ម្មុយ​នី​ស​ហ្វីលីពីន បានចាត់ទុក​ការបញ្ចប់​បទ​ឈប់​បាញ់​របស់លោក​ប្រធានាធិបតី Duterte ថា​ជាការ​ការសម្រេចចិត្ត​ដ៏​លឿន​ពេក​។ លោក Sison បាន​ថ្លែង​ក្រោយ​មួយ​ម៉ោង​នៃ​ការប្រកាស​បញ្ចប់​នោះ​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន ANC ថា ក្រុម​ទាហាន​ឯករាជ្យ បាននិងកំពុង​តែ​ត្រៀម​ឆ្លើយតប​ជាមួយនឹង​ការប្រកាស​របស់លោក​ប្រធានាធិបតី​ផងដែរ​។​

ស្ថាបនិក​បក្ស​កុម្មុយនីស្ត​រូបនោះ ក៏បាន​សង្កត់​ថា «​លោក​ឌើ​ទើ​តេ មិនអាច​ដាក់​ឳ​សាន​វាទ​ដល់​ពួកគេ​បានឡើយ ហើយ​ពួកគេ ក៏បាន​នឹង​កំពុងតែ​ត្រៀម​សុំ​ពេល​លោក​ឌើ​ទើ​តេ​បន្ថែម​ដើម្បី​ពិនិត្យមើល​លើ​ឧប្បទ្ទវហេតុ​នោះ​»​។ យ៉ាងណាក៏ដោយ លោក Sison ក៏បាន​បន្ថែមថា បើទោះបីជា​រដ្ឋាភិបាល​បានប្រកាស​បែបនេះ​ក៏ដោយ លោក នៅតែ​ស្វាគមន៍ និង​បន្ត​ការចរចា​ដែល​គ្រោង​នឹង​ជួប​ជជែក​គ្នា​នៅក្នុង​រដ្ឋធានី​អូ​ស្លូ​នៃ​ប្រទេស​ន័​រ​វែ​សនា​ថ្ងៃទី​២០ ខែសីហា​ខាងមុខនេះ​។

សូម​ជម្រាប​ផងដែរ​ថា យន្តការ​នៃ​ការចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម​របស់លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ ត្រូវបាន​ចាប់ផ្តើម​តាំងពី​ពេលដែល​លោក​ឡើងកាន់តំណែង​ជា​ផ្លូវការ​មកម្ល៉េះ​។ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ កាលពី​ថ្ងៃទី​១៦ ខែឧសភា​កន្លងទៅ បាន​ថ្លែងថា លោក នឹង​បន្ត​ការចរចា​សន្តិភាព​ជាមួយ​នឹង​ក្រុម​ឧទ្ទាម ផ្តល់​តំណែង​ដល់​បក្ស​កុម្មុយនីស្ត​ហ្វីលីពីន ដែល​រាប់បញ្ចូល​ទាំង​ស្ថាបនិក​របស់​បក្ស លោក Jose Maria Sison ផងដែរ​។

លោក Jose Maria Sison គឹជា​ស្ថាបនិក​របស់​បក្ស​កុ​ម្មុយ​នី​ស​ហ្វីលីពីន​ដែលមាន កងទ័ព​ឯករាជ្យ​របស់ខ្លួន​ប្រមាណ​៤០០០​នាក់​។ នៅ​ឆ្នាំ​១៩៨៧ លោក បាន​ចាក​ចេញទៅ​រស់នៅ​ក្នុងប្រទេស​ហូ​ឡង់ ក្នុងនាម​ជា​ជនភៀសខ្លួន​នយោបាយ បន្ទាប់ពី​ការចរចា​សន្តិភាព​ត្រូវបាន​បរាជ័យ​។ ក្នុង​ឆ្នាំ​២០០២ បក្ស​កុ​ម្មុយ​នី​ស​ហ្វីលីពីន រួមជាមួយ​កង​ទាហាន​របស់ខ្លួន​គឺ​ក្រុម​ទាហាន​ប្រជាជន​ថ្មី ត្រូវបាន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុកថា​ក្រុម​«​អង្គការ​ភេរវកម្ម​បរទេស​»​ផងដែរ​។