ប៉ែន ចំរ៉ុង៖ ​ខ្ញុំពិត​ជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់

ផ្ទុយពីការលើកឡើង របស់អ្នកនាង ភិន សុដាលីស ដែលបានចោទប្រកាន់លោក ពីការ​សង្ស័យ​ដ៏​អាស្រូវ​មួយ ថាកូន​នៅក្នុង​ផ្ទៃ​របស់​នាង មិនមែន​ជា​កូន​លោក​នោះ លោក ប៉ែន ចំរ៉ុង បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា លោកទទួលស្គាល់កូន ដែលមិនទាន់កើតចេញពីក្នុងផ្ទៃ ហើយលោកថែម​ទាំង​អះអាង​ទៀត​ថា លោក​«ពិតជា​​ស្រលាញ់​​កូន​​លោក​ខ្លាំង​​ណាស់»។
ប៉ែន ចំរ៉ុង៖ ​ខ្ញុំពិត​ជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់

អ្នកនាង ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង នៅពេលមានចំណងស្នេហ៍ដំបូង។ (រូបថតហ្វេសប៊ុក)

បើទោះជាកូន នៅក្នុងផ្ទៃ មិនទាន់បើកភ្នែក ឃើញពន្លឺថ្ងៃក៏ដោយ តែលោក ប៉ែន ចំរ៉ុង ដែលកំពុងមានរឿង​ចម្រូង​ចម្រាស ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស បានប្រកាសរួចជាស្រេចហើយ ថាលោកពិតជា​ស្រឡាញ់​កូនលោកនេះខ្លាំងណាស់ និងស្រឡាញ់ខ្លាំងបំផុតនោះផង។ ជាការប្រកាសមួយ ដែលមានភាព​ប្រទាំង​ប្រទើស ជាមួយនឹងការលើកឡើង របស់អតីតភរិយារបស់លោក ដែលបានចោទប្រកាន់លោក នៅក្នុង​សន្និសីទ​សារព័ត៌មានថា បានសម្ដែងការសង្ស័យនៅចំពោះតុលាការ ថាកូននេះអាចមិនមែន ជាកូន​របស់​លោក។

ថ្លែងតាមរយៈ​ការផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យលោក សាន្ដ ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន​«ស្នេហា​ជាតិ» ដែលបង្ហោះផ្សាយ នៅតាមបណ្ដាញសង្គម លោក ប៉ែន ចំរ៉ុង បាននិយាយអះអាងថា លោក​នៅ​តែ​ស្រលាញ់ ចង់​ជួប និង​ចង់​ផ្គត់ផ្គង់​ ដល់​កូនលោក​ខ្លាំង​ណាស់ បើ​ទោះ​ជា​ក្រោយ​លែង​លះ​ដាច់ស្រេច​ ជាមួយ​អតីត​ភរិយា​ហើយ​ក៏​ដោយ។ លោក​បាន​បញ្ជាក់​ថា​ លោក​នៅ​តែ​ជួយ​ផ្គត់ផ្គង់​ទៅ​កូន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​​បាន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ អ្នកនាង ភិន សុដាលីស បានបរិហារ​លោក ប៉ែន ចំរ៉ុង ថាមានបំណងទម្លាក់កំហុស ថានាងមានកូនជាមួយអ្នកដទៃ ដើម្បីជាលេសសម្រាប់​ធ្វើការ​លែងលះ។ អ្នកនាង សុដាលីស ដែលបានជំទាស់បំណងរបស់ឪពុកនាង និងបានទៅចុះលិខិតអាពាហ៍​ពិពាហ៍ ជាមួយលោក ប៉ែន ចំរ៉ុង កាលពីឆ្នាំមុននោះ បានថ្លែងនៅពេលនេះថា អ្នកនាងមិនចង់ឲ្យលោក ចំរ៉ុង មាន​ចំណែក ក្នុងការជួយទំនុបម្រុងចិញ្ចឹមកូន ដែលនៅមិនទាន់កើតនេះឡើយ។ អ្នកនាងថែមទាំងអះអាង​បន្ថែម​ថា នាង​នឹង​មិន​ឲ្យកូននាង ទៅជួប ឬហៅឪពុកនោះទៀត។

» អានអត្ថបទដែលទាក់ទង៖ ភិន សុដាលីស សូមទោសឪពុក

ខាងក្រោមនេះ ជាវីដេអូសម្ភាស នៃការឆ្លើយតប​ដែលមិនសូវ«លំអិត» របស់លោក ប៉ែន ចំរ៉ុង៖

នៅចំពោះការឆ្លើយតបនេះ អ្នកនាង ភិន សុដាលីស បានថ្លែងយ៉ាងខ្លី ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាង​មិន​ធ្វើការឆ្លងឆ្លើយ ជាមួយអតីតស្វាមីរូបនេះបន្តទៀតទេ តែនាងបានអះអាងថា នឹងយកវីដេអូរបស់លោក ប៉ែន ចំរ៉ុង ខាងលើ ទៅធ្វើជាភស្តុងតាង នៅក្នុងតុលាការ។ នៅមុននេះបន្តិច (មុនពេលលោក ប៉ែន ចំរ៉ុង ផ្ដល់កិច្ច​សម្ភាស) លោក អ៊ិន សុភិន ដែលជាឪពុករបស់អ្នកនាង ភិន សុដាលីស ក៏បានព្រមានដែរថា លោកបាន​ត្រៀម​មេធាវី​រួចជាស្រេច ដើម្បីប្ដឹងលោក​ប៉ែន ចំរ៉ុង ឡើងទៅតុលាការ ក្នុងករណីដែល​តារាសម្ដែងបុរស វ័យជាង​៣០ឆ្នាំ​រូបនេះ ធ្វើប្រតិកម្ម ច្រានចោលការលើកឡើង របស់អតីតភរិយាខ្លួន នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ​ទី២៥ ខែ​កក្កដា​កន្លង​មក​នោះ៕