ចំណុច​មួយ​ចំនួន​ដែល​គួរ​ពិចារណា មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ

ការ​ជ្រើសរើស​ទិញ​ខុន​ដូ មិន​គ្រាន់តែ​ត្រូវចិត្ត ចំណាយ​ប្រាក់ ហើយ​ក៏​ចូល​ស្នាក់​នៅឡើយ ព្រោះ​ខុន​ដូ​មិនមែន​មាន​តម្លៃ​ថោក​ៗ​នោះ​ទេ នៅ​មានរឿង​ច្រើន​យ៉ាង​ដែល​អ្នក​គួរ​ពិចារណា​ផង​ដែរ​ដើម្បី​ឱ្យ​សម​នឹង​តម្លៃ និង​ការ​ទូទាត់​ដែល​អ្នក​បាន​ចំណាយ​ទៅ ។ ថ្ងៃនេះ យើង​មានរឿង​ដែល​អ្នក​គួរ​ថ្លឹងថ្លែង​មុន​នឹង​សម្រេចចិត្ត​ទិញ​ខុន​ដូ មក​ណែនាំ​ដូច​ខាងក្រោម​នេះ ៖

- មាន​អ្នក​ពិគ្រោះ​យោបល់ ៖ ការ​ដែល​អ្នក​នឹង​ចំណាយ​លុយ​ដ៏​ច្រើន​ទិញ​ខុន​ដូ វា​មិនមែន​ជា​រឿង​តូចតាច​ឡើយ ដូច្នេះ គួរ​រក​អ្នក​ពិគ្រោះ​យោបល់​ដូច​ជា អ្នកចេះ​ច្បាប់ ឬ​អ្នក​មានបទពិសោធន៍​ទិញ​-​លក់​ខុន​ដូ ។

- សាច់ប្រាក់ ៖ ជា​ការ​ពិត​ណាស់ ប្រសិនបើ​អ្នក​គ្មាន​សាច់ប្រាក់​សុទ្ធ​គ្រប់គ្រាន់ អ្នក​នឹង​ត្រូវ​ទិញ​ខុន​ដូ​ដោយ​បង់​រំលស់​ក្នុង​រយៈពេល​យូរ ដូច្នេះ គួរ​ពិនិត្យ​សាច់ប្រាក់​នៅ​ក្នុង​បញ្ជី​ឱ្យ​ល្អ​ថា អ្នក​អាច​ទិញ​បង់​រំលស់​បាន​ក្នុង​រយៈពេល​យូរ​ឬ​អត់ ដូច​ជា ១០-២០​ឆ្នាំ​ខាង​មុខ អ្នកមាន​អាយុ​ប៉ុន្មាន ហើយ​រហូត​ដល់​ពេល​នោះ ប្រសិនបើ​អ្នក​ចូល​និវត្ត អ្នក​នឹង​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​បង់​រំលស់​ខុន​ដូ​តាម​កិច្ចសន្យា​បាន​ឬ​អត់ ។

- ជ្រើសរើស​ខុន​ដូ​ឱ្យ​បាន​ច្រើន​ប្រភេទ ៖ ការ​រក​មើល​ខុន​ដូ​ឱ្យ​បាន​ច្រើន​បែប រួម​ទាំង​សេចក្តី​លម្អិត​ផ្សេង​ៗ​នៃ​ខុន​ដូ​នីមួយ​ៗ ទាំង​ការ​ផ្តល់​ជូន និង​ការ​បញ្ចុះតម្លៃ ឬ​ភាព​ងាយស្រួល​ផ្សេង​ៗ​ដូច​ជា អាង​ហែល​ទឹក ជាដើម ។

- ការ​ជ្រើសរើស​បន្ទប់​គេង ៖ ព្យាយាម​ជ្រើសរើស​ខុន​ដូ​ដែល​មាន​បន្ទប់​គេង​ច្រើន​ជាង​១ ព្រោះ​ក្រៅពី​ងាយស្រួល​ក្នុង​ករណី​ដែល​មាន​ក្រុម​គ្រួសារ​នា​ថ្ងៃ​អនាគត ហើយ​នៅ​ពេល​លក់​វិញ នឹង​អាច​ងាយស្រួល​លក់​ជាង​ខុន​ដូ​ដែល​មាន​បន្ទប់​គេង​តែ​១​ផង​ដែរ ។

- បរិស្ថាន​នៅ​ជុំវិញ ៖ អ្នក​គួរ​សិក្សា​ពី​បរិស្ថាន​នៅ​ជុំវិញ​ផង​ដែរ​ក្នុង​ពេលវេលា​ខុស​គ្នា ដូច​ជា ពេល​ព្រឹក ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច ដែល​នឹង​ជួយ​ឱ្យ​អ្នក​ពិនិត្យ​ឃើញ​ថា គ្រប់ពេលវេលា​ទាំងអស់ អ្នក​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​ឬ​ក៏​អត់ ។

- ទេសភាព ៖ គួរ​ព្យាយាម​ជ្រើសរើស​កន្លែង​មើល​ទេសភាព​ដែល​ល្អ​បំផុត ព្រោះ​ក្រៅពី​ធ្វើ​ឱ្យ​អ្នក​ស្វាហាប់​ហើយ នៅ​ងាយស្រួល​ដល់​ការ​លក់​ក្នុង​ពេល​អនាគត​ទៀត​ផង ។

- ពន្លឺ​ថ្ងៃ ៖ មើល​ទីតាំង ចូរ​សង្កេត​មើល​ថា បន្ទប់​ដែល​អ្នក​ត្រូវការ​នោះ​ចំ​ពន្លឺ​ថ្ងៃ​ឬ​អត់ ព្រោះ​កុំ​ភ្លេច​ថា នៅ​ពេល​មាន​ពន្លឺ​ថ្ងៃ​ចូល​មក ម៉ាស៊ីនត្រជាក់​របស់​អ្នក​នឹង​ដំណើរការ​ល្អ​ជាង​មុន វា​ក៏​រួមចំណែក​ដល់​តម្លៃ​អគ្គិសនី​ផង​ដែរ ។

- ក្លិន ៖ ព្យាយាម​ចៀសវាង​បន្ទប់​ដែល​មាន​ធុងសំរាម​នៅ​ក្បែរ​ៗ ព្រោះ​ក្រៅពី​មាន​ក្លិនស្អុយ​ហើយ នៅ​ប៉ះពាល់​ទៅ​ដល់​អនាម័យ​ទៀត​ផង ។

- ទីតាំង​បន្ទប់ ៖ ព្យាយាម​ចៀសវាង​បន្ទប់​នៅ​ជិត​ជណ្តើរ ឬ​ផ្លូវ​ចេញ​-​ចូល ក្រៅពី​មាន​ចោរកម្ម​ហើយ ថែម​ទាំង​មាន​សំឡេង​រំខាន​ដោយសារ​ការ​ដើរ​ចុះ ដើរ​ឡើង​ផង​ដែរ ។

- ចំណតរថយន្ត ៖ ជ្រើសរើស​ខុន​ដូ​ដែល​មាន​កន្លែង​ចត​រថយន្ត​គ្រប់គ្រាន់ ទោះបីជា​ពេល​នេះ​អ្នក​មិន​ទាន់​មាន​រថយន្ត​ក៏​ដោយ គឺ​សម្រាប់​ត្រៀម​ទុក​ថ្ងៃ​ដែល​អ្នកមាន​មិត្តភក្តិ ឬ​សាច់ញាតិ​មក​ស្នាក់​នៅ នឹង​មាន​ទីកន្លែង​ចត​រថយន្ត​គ្រប់គ្រាន់ ។

- កន្លែង​ដាក់​សម្ភារ ៖ ពិនិត្យ​មើល​ខុន​ដូ​នោះ​ថា មាន​កន្លែង​សម្រាប់​ដាក់​សម្ភារ​ច្រើន តិច​កម្រិត​ណា ចូរ​ព្យាយាម​ស្រមៃ​ថា ប្រសិនបើ​អ្នក​ផ្លាស់​មក​នៅ​ទី​នេះ នឹង​ដាក់​សម្ភារ​ទាំងនោះ​នៅ​ត្រង់​ណា ហើយ​សាកល្បង​គិត​ថា នឹង​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ដាក់​សម្ភារ​របស់​អ្នក​ឬ​អត់ ។

- ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ខុន​ដូ ៖ ចំណុច​នេះ​ចង់​សំដៅលើ​ច្បាប់​ផ្សេង​ៗ​របស់​ខុន​ដូ ដូច​ជា អាច​យក​សត្វ​ចិញ្ចឹម​ចូល​មក​ក្នុង​បរិវេណ​នេះ​បាន​ឬ​អត់ ឬ​បទបញ្ជា​ផ្សេង​ៗ​ដែល​អ្នក​ត្រូវ​ប្រតិបត្តិ​តាម ។

- បរិយាកាស​ខាងក្នុង​ខុន​ដូ ៖ បរិយាកាស​មាន​ដូច​ជា ក្លិន ភាព​ស្អាត និង​សំឡេង​រំខាន ។​ល​។ ដែល​ជា​រឿង​មិន​គួរ​មើល​រំលង​ឡើយ ព្រោះ​ប្រសិនបើ​អ្នក​ត្រូវ​ប្រើ​ជីវិត​នៅ​ជាមួយ​អ្នក​ជិតខាង​ដែល​បង្ក​សំឡេង​រំខាន ឬ​គ្មាន​សុវត្ថិភាព ក៏​គង់​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយ​រីករាយ​ឡើយ ។

- អ្នកគ្រប់គ្រង​គម្រោង ៖ ប្រសិនបើ​ទៅ​រួច ចូរ​សាកល្បង​សង្កេត​មើល​ថា អ្នកគ្រប់គ្រង​គម្រោង​មាន​ចំណងមិត្តភាព​កម្រិត​ណា ហើយ​មាន​ទំនួល​ខុស​ត្រូវ​ឬ​អត់ ដោយ​អ្នក​អាច​សាកសួរ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ខុន​ដូ ព្រោះ​ថ្ងៃ​អនាគត បើ​មាន​ហេតុការណ៍​បន្ទាន់​ណាមួយ​កើតឡើង ឬ​មាន​បញ្ហា​ផ្សេង​ៗ អ្នក​នឹង​ប្រាកដ​ចិត្ត​ថា ពួក​គេ​នឹង​អាច​ទទួលខុសត្រូវ​គ្រប់យ៉ាង​បាន ។

- ថ្លៃ​ថែទាំ​ផ្សេង​ៗ ៖ ត្រួតពិនិត្យ​ឱ្យ​ប្រាកដ​ចិត្ត​ថា ក្រៅពី​ការ​បង់​រំលស់​ខុន​ដូ​ប្រចាំខែ​ហើយ អ្នក​នឹង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ថែទាំ​ផ្សេង​ៗ​ក្នុង​១​ខែ​អស់​ប៉ុន្មាន ហើយ​ការ​ចំណាយ​លុយ​ខាងលើ​នេះ​ខ្ពស់​ពេក​ឬ​អត់ ព្រោះ​កុំ​ភ្លេច​ថា ទោះជា​អ្នក​បង់​រំលស់​ក្តី តែ​ក៏​ត្រូវ​ចំណាយ​លើ​ការ​ថែទាំ​ផ្សេង​ៗ​ដែល​អ្នក​ត្រូវ​ទទួលខុស​ត្រូវជា​រៀង​រាល់​ខែ ។

- ចំណាយ​ក្នុង​ការ​ធ្វើ​កិច្ចសន្យា ៖ មុន​នឹង​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​ទិញ​-​លក់ អ្នក​គួរ​សិក្សា​ឱ្យ​បាន​លម្អិត និង​ច្បាស់លាស់​ទៅ​លើ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់ ឬ​ថ្លៃ​ចាយវាយ​ផ្សេង​ៗ ។

- សាកសួរ​ជា​មុន ៖ សាកសួរ​អ្នក​រស់នៅ​ក្នុង​ខុន​ដូ​ថា មាន​បញ្ហា ឬ​មានបទពិសោធន៍​ក្នុង​ការ​ចូល​ស្នាក់​នៅ​ខុន​ដូ​នោះ​បែប​ណាខ្លះ ។

- ពិនិត្យ​មើល​មុន​ធ្វើ​កិច្ចសន្យា ៖ អ្នក​គួរ​ចូល​មើល​ខុន​ដូ​ឱ្យ​ប្រាកដ​ចិត្ត យ៉ាង​ហោច​ណាស់​ក៏​២​ដង​ដែរ មុន​នឹង​ធ្វើ​កិច្ចសន្យា ។ ការ​ចូល​មើល​លើក​ទី​១ អាច​មើល​ពី​ទិដ្ឋភាព​ទូទៅ ហើយ​បើសិនជា​ចាប់ផ្តើម​ចាប់អារម្មណ៍​ចង់​ក្លាយជា​ម្ចាស់​ពិតប្រាកដ អ្នក​គួរ​មក​មើល​ខាងក្នុង​បន្ទប់​នីមួយ​ៗ​របស់​ខុន​ដូ​ម្តងទៀត ។

- តម្លៃ ៖ ប្រៀបធៀប​តម្លៃ​ខុន​ដូ​នីមួយ​ៗ រួម​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ ដូច​ជា​ខុន​ដូ​មាន​បន្ទប់​គេង​៣ ល្អ​ជាង​បន្ទប់​គេង​២ ហើយ​បន្ទប់​គេង​បែប​ណា តម្លៃ​ខុស​គ្នា​ប៉ុន្មាន និង​បន្ទប់​បែប​ណា​ដែល​ស័ក្តិសម​ជាមួយ​អ្នកជា​ទីបំផុត ។

- កិច្ចសន្យា និង​សាក្សី ៖ នៅ​ពេល​អ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើ​កិច្ចសន្យា​ទិញ​-​លក់ អ្នក​គួរ​មាន​អ្នក​ណា​ផ្សេង​ទៀត​មក​ចូលរួម​ផង​ដែរ ប្រសិនបើ​អាច​ធ្វើ​បាន គួរ​មាន​អ្នកចេះ​ច្បាប់​មក​ជាមួយ​ក្នុងអំឡុងពេល​ធ្វើ​កិច្ចសន្យា​នោះ ព្រោះ​ដើម្បី​ការពារ​កំហុសឆ្គង ឬ​ចន្លោះ​ប្រហោង​ណាមួយ​ក្នុងអំឡុងពេល​ធ្វើ​កិច្ចសន្យា ។

ចាំ​ទុក​ថា ការ​ទិញ​-​លក់​ខុន​ដូ​មិនមែន​ជា​រឿង​តូចតាច​នោះ​ទេ ដូច្នេះ គួរតែ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ហ្មត់ចត់ ព្រោះ​ក្រៅពី​អ្នក​បាន​ចំណាយ​លុយ​ហើយ នៅ​ធ្វើ​ឱ្យ​អ្នក​ប្រើ​ជីវិត​យ៉ាង​មាន​ក្តី​សុខ មិន​ចាំបាច់​ភ័យ​ខ្លាច​រឿង​អសន្តិសុខ រួម​ទាំង​មិនបាច់​កង្វល់​នឹង​បញ្ហា​ផ្សេង​ៗ ៕