ហេតុ​អ្វី​ក៏​សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ខ្លាច​ចំពោះ​បណ្តា​នាវា​ពិឃាត​របស់​រុ​ស្ស៊ី?

ហេតុ​អី​ក៏​បណ្តា​នាវា​ពិឃាត​យោធា​រុ​ស្ស៊ី​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អា​មេ​រិ​ក? សាស្ត្រាចារ្យ ROBERT FARLEY ជា​អ្នកឆ្លើយ​សំណួរ​នេះ ក្នុង​អត្ថបទ​មួយ​សម្រាប់​ទស្សនាវដ្តី​អា​មេ​រិ​ក THE NATIONAL INTEREST​។

យោង​តាម​សាស្ត្រាចារ្យ ROBERT FARLEY ថា ទាំង​សហរដ្ឋ​អា​មេ​រិ​ក ទាំង​ប្រទេស​ឯទៀត​ៗ​នៃ​ពិភពលោក​នៅ​ពុំ​ទាន់​កសាង​នាវា​យោធា​មួយ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​រុ​ស្ស៊ី ប្រើ​ថាមពលនុយក្លេអ៊ែរ​ប្រភេទ KIROW ឬ​ហៅ​នាវា​គម្រោង​១,១៤៤​នៅឡើយ ។ បណ្តា​នាវា​ពិឃាត​រុ​ស្ស៊ី​ប្រភេទ​នេះ​អាច​បាញ់​ដំណាលគ្នា​ឆ្ពោះទៅ​គោលដៅ​ជា​ច្រើន ហើយ​នាវា​ទាំងនោះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​កង​នាវាចរណ៍​រុ​ស្ស៊ី​រយៈពេល​យូរ​ឆ្នាំ​ទៀត ។

អត្ថបទ​នេះ​សរសេរ​ទៀត​ថា បណ្តា​នាវា​ពិឃាត​ប្រភេទ KIROV ជានា​វា​ពិសេស ដែល​បង្ហាញ​ពី​ភាព​សុ​ក្រិ​ត្យ​នៃ​កង​នាវាចរណ៍​រុ​ស្ស៊ី ។ នាវា​ពិឃាត​ទាំងនេះ​តាម​មើលទៅ​នឹង​ត្រូវ​រុ​ស្ស៊ី​ប្រើប្រាស់​រយៈពេល​ប៉ុន្មាន​ទស​វត្ស​ខាង​មុខ​ទៀត ។

ខណៈ​ដែល​គ្រប់កន្លែង​លើ​ពិភពលោក​ជ្រើសរើស​យក​ការ​កសាង​នាវា​ពិឃាត​ធំ​ៗ​ចំណាយ​ប្រាក់​យ៉ាងច្រើន សហភាព​សូ​វៀត​បែរជា​សម្រេច​យក​មាគ៌ា​នៃ​ការ​ធ្វើ​ឱ្យ​ទំនើប និង​បង្កើន​មុខងារ​សម្រាប់​នាវា​ពិឃាត​របស់​ខ្លួន ។ ជា​លទ្ធផល​បណ្តា​នាវា​ពិឃាត KIROV អាច​ប្រយុទ្ធ​ប្រឆាំង​បណ្តា​នាវាមុជទឹក និង​នាវាចម្បាំង​ទាំងឡាយ ។ ក្រោយ​ការ​រលំ​រលាយ​សហភាព​សូ​វៀត និង​ការ​បញ្ចប់​សង្គ្រាមត្រជាក់​ប្រឆាំង​លោក​ខាងលិច រុ​ស្ស៊ី ពុំ​បាន​បោះបង់​ចោល​បណ្តា​នាវា​ពិឃាត​នៃ​គម្រោង​១,១៤៤​ឡើយ ហើយ​នាវា​ពិឃាត​មួយ​ក្នុង​ចំណោម​នាវា​ពិឃាត​ទាំងនេះ​គឺ​នាវា​ឈ្មោះ PIOTR VELIKIY ពុំ​ត្រឹមតែ​នៅ​បន្ត​ប្រើ​ក្នុង​កង​នាវាចរណ៍​រុ​ស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ប្រតិបត្តិការ​ពិសេស​មួយ​ប្រកបដោយ​ជោគ​ជ័យ​ប្រឆាំង​ពួក​ចោរ​សមុទ្រ​ក្នុង​ដែនទឹក​សូ​ម៉ា​លី​ទៀត​ផង ។

ការ​ធ្វើ​ឱ្យ​ទំនើប​ដល់​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​ប្រើ​ថាមពលនុយក្លេអ៊ែរ​ឈ្មោះ AMIRAL NAKHIMOV នៃ​គម្រោង​១១៤៤​នឹង​បញ្ចប់​នា​ឆ្នាំ​២០១៨ ។ នាវា​ពិឃាត​នេះ​នឹង​បំពាក់​ដោយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក បណ្តា​រ៉ា​ដា និង​បណ្តា​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ត្រង់ ។ រួច​ការ​ធ្វើ​ឱ្យ​ទំនើប​ដល់​នាវា​ពិឃាត PIOTR VELIKIY នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៩ ។ ដូច្នេះ​នា​ឆ្នាំ​២០២១ កង​ម៉ា​រី​ន​រុ​ស្ស៊ី​នឹង​មាន​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​ប្រើ​ថាមពលនុយក្លេអ៊ែរ​នៃ​គម្រោង​១១៤៤ ដែល​ធ្វើ​ឱ្យ​ទំនើប​២​គ្រឿង​ដែល​សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​ពុំ​ហ៊ាន​ប៉ះ​ជាមួយ​នាវា​ទាំង​២​គ្រឿង​នេះ​ឡើយ ៕