អស់​ទាស់! Samsung ចែក​ទូរសព្ទ​ថ្មី​ដល់​អត្តពលិក​អូឡាំពិក​ជិត​១​ម៉ឺន​នាក់​​

កីឡាករ​ កីឡា​ការិនី​មក​ពី​តាម​បណ្តា​ប្រទេស​​នានា​ជុំ​វិញ​ពិភព​លោក​ដែល​​កំពុង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​ទទួល​បាន​ទូរសព្ទ​​ម៉ាក​ Samsung ស៊េរី​ថ្មី​ម្នាក់​ៗ​១​គ្រឿង​ក្នុង​នោះ​មាន​ទាំង​អត្តពលិក​កម្ពុជា​៦​​នាក់​ផង​ដែរ។

 

អស់​ទាស់! Samsung ចែក​ទូរសព្ទ​ថ្មី​ដល់​អត្តពលិក​អូឡាំពិក​ជិត​១​ម៉ឺន​នាក់​​ ស៊ន សៀវម៉ី (ឆ្វេង) ពូ សុវិជ្ជា (កណ្តាល) និង ហែមថុន វិទីនី (ស្តាំ)​បង្ហាញ​ទូរសព្ទ​ថ្មី (រូបថត៖ វិទីនី)

 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​ថា​ អត្តពលិក​ទាំង​អស់​ដែល​បាន​ចូល​រួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក​ហ្គេម​ឆ្នាំ​២០១៦​នៅ​ប្រទេស​ប្រេស៊ីល​ទទួល​បាន​ទូរសព្ទ​ដៃ​ម៉ាក​ Samsung ​ ស៊េរី​ថ្មី​ Galaxy S7​ ម្នាក់​ៗ​១​គ្រឿង​ដោយ​ឥត​គិត​ថ្លៃ។ អត្តពលិក​ដែល​បាន​ចូល​ប្រកួត​ជិត​១​ម៉ឺន​នាក់​ទទួល​បាន​គ្រប់​គ្នា​ ប៉ុន្តែ​សម្រាប់មន្ត្រីដឹក​នាំ និង​គ្រូ​បង្វឹក​មិន​ទទួល​បាន​ទេ។

 

សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦​​នៅ​ប្រទេស​ប្រេស៊ីល​នេះ​មាន​​ប្រទេស​ចូល​រួម​ចំនួន​២០៧​ប្រទេស​ដែល​មាន​អត្តពលិក​ជិត​​១​ម៉ឺន​​នាក់​​ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​៥​សីហា ដល់​ថ្ងៃ​ទី​២១​ សីហា ឆ្នាំ​២០១៦។

 

ចំពោះ​​ក្រុម​ហ៊ុន​ផលិត​បរិក្ខា​អេឡិចត្រូនិក​ដ៏​ធំ​របស់​កូរ៉េ​ Samsung​ វិញ​ជា​​​ដៃ​គូ​ឧបត្ថម្ភ​ផ្លូវ​ការ​ធំ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ពិភព​លោក​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​