វិបត្តិ​ពួក​ប្រឆាំង​ប្រដាប់​អាវុធ​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​នៅ​រដ្ឋធានី​អា​មេ​នី

ប៉ូលិស​ម្នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ដោយសារ​ការ​បាញ់ប្រហារ​របស់​ពួក​ប្រឆាំង​ប្រដាប់​អាវុធ​ដែល​លាក់ខ្លួន​ចាប់តាំងពី​២​ស​ប្តា​ហ៍​មក​ហើយ ក្នុង​ទីតាំង​ប៉ូលិស​មួយ​កន្លែង​នៃ​ទីក្រុង​អេ​រី​វ៉ា​ន​រដ្ឋធានី​អា​មេ​នី ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប៉ូលិស​គំរាម​ធ្វើការ​វាយលុក​មួយ ដើម្បី​បញ្ចប់វិបត្តិ​នេះ​ដែល​ល្បី​រន្ទឺ​នៅ​អតីត​សាធារណរដ្ឋ​កូ​វៀត​នេះ ។

អ្នកនាំពាក្យ​ប៉ូលិស​និយាយ​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​ចេញពី​ទីតាំង​ប៉ូលិស​នេះ ហើយ​សម្លាប់​ប៉ូលិស​ម្នាក់​ដែល​អង្គុយ​ក្នុង​រថយន្ត​ចត​នៅ​ចម្ងាយ​ពី​៣៥០​ទៅ​៤០០​ម៉ែត្រ ពី​ទីនោះ ។ ប៉ុន្មាន​ម៉ោង​មុន​នេះ ភ្នាក់ងារ​សន្តិសុខ​បាន​ដាក់​ឱសានវាទ​មួយ ហើយ​ទុក​ពេល​ឱ្យ​ពួក​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​រហូត​ដល់​ម៉ោង​១៣​ម៉ោង​សាកល ដើម្បី​ចុះចូល ។ ក្រោយ​អំពើ​ហិង្សា​នា​យប់​ថ្ងៃ​ទី​២៩ មក​៣០ កក្កដា រាល់​លទ្ធភាព​នៃ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ត្រូវ​អស់ ហើយ​ប៉ូលិស​ក៏​បាន​ធ្វើ​ប្រតិបត្តិការ​វាយលុក ។ មនុស្ស​៧៣​នាក់​រង​របួស ហើយ​មនុស្ស​១៦៥​នាក់​ត្រូវ​ចាប់​ខ្ល​ន ក្នុង​នោះ​២៦​នាក់​ក្រោយមក​ត្រូវ​ឃុំឃាំង បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដែល​ផ្ទុះ​ឡើង​ពេល​ប៉ូលិស​ប៉ុនប៉ង​បំបែកពួក​បាត​ករ​គាំទ្រ​ពួក​ប្រឆាំង​ប្រដាប់​អាវុធ​នៅ​ជិត​ទីតាំង​ប៉ូលិស​នេះ ដោយ​ប្រើ​ដំបង និង​គ្រាប់បែក​បង្ហូរទឹកភ្នែក ។ បណ្តា​អ្នកកាសែត​រៀបរាប់​ពី​អ្នក​របួស​ច្រើន​នាក់ ហើយ​ផ្ទុះ​មួយ​ខ្នង​នៃ​សង្កាត់​នេះ​ត្រូវ​ភ្លើង​ឆាបឆេះ ។

ទោះ​មានការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​ក្តី​ពួក​ប្រឆាំង​ជាង​៥.០០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​នៅ​កណ្តាល​ក្រុង​ជា​ការ​គាំទ្រ​ដល់​ពួក​ប្រឆាំង​ប្រដាប់​អាវុធ​ដែល​លាក់ខ្លួន និង​ដើម្បី​ទាម​ទារ​​ឱ្យ​ប្រធានាធិបតី​ស្និទ្ធ​មួយ​រុ​ស្ស៊ី លោក SERGE SARKISSIAN ចាក​ចេញពី​អំណាច ។

មនុស្ស​ប្រមាណ​ជា​២០​នាក់​របស់​មេដឹកនាំ​ប្រឆាំង​ដែល​ជាប់​ឃុំឃាំង​លោក JIRAIR SEFILIAN បាន​លុក​ចូល​ក្នុង​ទីតាំង​ប៉ូលិស​មួយ​តាំងពី​ថ្ងៃ​ទី​១៧ កក្កដា មក ដោយ​សម្លាប់​ប៉ូលិស​ម្នាក់ ហើយ​ចាប់​មនុស្ស​ច្រើន​នាក់​ជា​ចំណាប់ខ្មាំង ហើយ​ទាមទារ​ឱ្យ​លោក SARKISSIAN លាលែង ។ បុគ្គលិក​ពេទ្យ​២​នាក់ ក្នុង​ចំណោម​បុគ្គលិក​ពេទ្យ​៤​នាក់​ដែល​ចូល​​ក្នុង​អគារ​ប៉ូលិស​ពី​ថ្ងៃ​ទី​២៧ កក្កដា ដើម្បី​ជួយ​ព្យាបាល​អ្នក​របួស​នៅ​តែ​ជាប់​ជា​ចំណាប់ខ្មាំង ។ តំបន់​ទីតាំង​ប៉ូលិស​នេះ​ត្រូវ​ប៉ូលិស​ឡោម​ព័ទ្ធ ហើយ​គំរាម​ធ្វើការ​វាយលុក ៕