កំហុសទាំង ១៤ នៃការថែរក្សាសក់ ដែលធ្វើឲ្យសក់ខូច ដោយមិនដឹងខ្លួន

តើអ្នកតែងតែស្រម៉ៃចង់បាន សក់ដែលភ្លឺរលោង និងមានសុខភាពល្អមែនដែរឬទេ? ជាការពិតណាស់ ដោយសារតែ ធូលីដី ផ្សែងពុល កម្តៅ និងជាពិសេស សកម្មភាពប្រចាំថ្ងៃមួយចំនួន ដែលធ្វើឲ្យសរសៃសក់គ្មានជីវិត និងមិនស្រស់ស្អាតសោះឡើយ។ នារីៗភាគច្រើន តែងតែសម្រេចចិត្តចូលហាង ដើម្បីថែរក្សាសុខភាពសក់ឡើងវិញ ប៉ុន្តែម្នាក់ៗមិនអាច ចំណាយប្រាក់ ទៅជារៀងរាល់ថ្ងៃបាននោះទេ។ ហេតុនេះហើយ បើទោះជាអ្នកគ្មានអ្នកជំនាញ ដើម្បីថែទាំសុខភាពសក់របស់អ្នកបាន ជារៀងរាល់ថ្ងៃក៏ដោយ ក៏យ៉ាងហោចណាស់ អ្នកអាចស្វែងយល់ពីកំហុស គួរចៀសវាងមួយចំនួន ដែលទាក់ទងនឹងការថែរក្សាសក់វិញ។

ខាងក្រោមនេះ ជាកំហុសបែបសាមញ្ញៗមួយចំនួន ដើម្បីចៀសវាង និងអាចធ្វើឲ្យអ្នកសម្រេចបាននូវសក់ដ៏ស្រស់ស្អាត ក្នុងក្តីស្រមៃរបស់អ្នក ៖ 

១. ជ្រើសរើសសាប៊ូកក់សក់ខុស

ជម្រើសនៃសាប៊ូកក់សក់ ជាបញ្ហាសំខាន់ណាស់ ក្នុងការថែរក្សាសក់ឲ្យបានត្រឹមត្រូវ។ អ្នកត្រូវប្រាកដ ថាចំណាយប្រាក់ទិញសាប៊ូណា ដែលសក្តិសម ទៅនឹងប្រភេទ និងលក្ខខណ្ឌសក់របស់អ្នក ដើម្បីចៀសវាង ផលវិបាក និងគ្រោះថ្នាក់ផ្សេងៗ ទៅលើស្បែកក្បាល និងសរសៃសក់របស់អ្នក។

២. កក់សក់ញឹកញាប់ពេក ឬមិនបានគ្រប់គ្រាន់

មនុស្សម្នាក់ៗ មានទម្លាប់ខុសៗគ្នា តែក៏មានអ្នកមួយចំនួនដែល តែងតែសម្អាតសក់ ជារៀងរាល់ថ្ងៃផងដែរ ព្រោះវាធ្វើឲ្យសរសៃសក់ មើលទៅស្រស់ស្អាតជាប្រចាំ។ ផ្ទុយទៅវិញ ការលាងសម្អាតសក់ញឹកញាប់ពេកបែបនេះ ធ្វើឲ្យបាត់បង់ជាតិប្រេងធម្មជាតិ និងធ្វើឲ្យសក់របស់អ្នក រួញ និងកណ្តាញ់។ អ្នកអាចកក់សក់ ត្រឹមតែ ២ ដង ក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ។

៣. ប្រើសាប៊ូអប់សក់ដល់ស្បែកក្បាល

នេះជាកំហុសមួយដ៏ធំបំផុត ដែលនារីៗយើង ប្រើសាប៊ូអប់សក់ រហូតដល់ស្បែកក្បាល ដែលបណ្តាលឲ្យ ស្ទះឫសសក់ និងបង្អាក់ការលូតលាស់នៃសក់។ អ្នកអាចលាបសាប៊ូអប់សក់ នៅលើសរសៃសក់ពីដើម ដល់ចុង ដើម្បីកុំឲ្យសក់ប្រែជាស្ងួត និងការពារការខូចខាតនៃស្បែកក្បាលផងដែរ។

៤. លាងសម្អាតដោយទឹកខុសសីតុណ្ហភាព

មានមនុស្សមួយចំនួន ប្រើទឹកក្តៅលាងជម្រះ សក់ក្បាលរបស់ពួកគេ។ ទឹកក្តៅ អាចធ្វើឲ្យប្រែពណ៌សក់របស់អ្នក និងបំផ្លាញក្រពេញផលិតប្រេងរបស់សក់ទៀតផង។ អ្នកគួរប្រើទឹកក្តៅឧណ្ណៗ ឬទឹកត្រជាក់កាន់តែល្អ ព្រោះវាជួយសម្រួលដល់ លំហូរឈាម ឫសសក់ និងធ្វើឲ្យសក់របស់អ្នកភ្លឺ ទន់ រលោង ផងដែរ។ 

៥. ប្រើកន្សែងសម្ងួតសក់

បន្ទាប់ពីលាងជម្រះសក់រួច អ្នកអាចយកកន្សែងមកផ្តិតៗ ពីគល់ដល់ចុងសក់បាន ប៉ុន្តែមិនត្រូវយកកន្សែងមករុំ ជុំវិញក្បាលរបស់អ្នកទេ ព្រោះវាអាចបំផ្លាញឫសសក់របស់អ្នក។ មួយវិញទៀត ប្រសិនបើអ្នកយកកន្សែង ទៅញី ឬត្រដុសនឹងសរសៃសក់ខ្លាំងពេក នោះសក់របស់អ្នក នឹងប្រែជារួញ និងសំពោងជាមិនខាន។ ជំនួសដោយកន្សែង អ្នកគួរតែប្រើ អាវយឺតណាមួយមកជំនួសវិញ ព្រោះវាទន់ និងផ្តល់ភាពងាយស្រួលជាង។

៦. សិតសក់ដែលកំពុងសើម

ព្យាយាម កុំសិតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីងូតទឹករួច។ ការសិតសក់ ទាំងដែលនៅសើម អាចធ្វើឲ្យសក់របស់អ្នកខូច កណ្តាញ់ និងសំពោងបាន។ អ្នកអាចទុកសក់របស់អ្នក ឲ្យស្ងួត រួចយកម្រាមដៃទៅសិត ជំនួស ឬសិតដោយប្រើក្រាសដែលមានធ្មេញធំៗ។

៧. ប្រើក្រាសសិតសក់ខុស

អ្នកគួរបញ្ឈប់ ការសិតសក់ ដោយប្រើប្រាស់ក្រាសគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះតទៅ។ ក្រាសសិតសក់ជ័រ ឬក្រាស់ដែលមានធ្មេញរឹង នឹងធ្វើឲ្យសក់របស់អ្នកចុះខ្សោយ និងខូច។ ហេតុនេះ អ្នកគួរតែប្រើ ក្រាសមួយប្រភេទទៀតដូចរូបភាពខាងក្រោមនេះ ព្រោះគេចាត់ទុកវាជាប្រភេទក្រាស ដែលធ្វើឲ្យសក់រឹងមាំ ភ្លឺ រលោង និងមានសុខភាពល្អ។ 

៨. សិតសក់ច្រើនដងពេក និងមិនសូវសិតសោះ

គេធ្លាប់និយាយថា បើចង់បានសក់ទន់រលោងស្អាតទាល់តែ ឧស្សាហ៍សិតសក់ឲ្យបានញឹកញាប់។ ប៉ុន្តែ មានអ្នកមួយចំនួនទៀតក៏និយាយថា សិតសក់ច្រើនដងពេក ធ្វើឲ្យខូចសក់ ហេតុនេះ មនុស្សមួយចំនួនបែរជាមិនសូវសិតសក់បានត្រឹមត្រូវ ដូចជាសិតតែចុងៗសក់ជាដើម ទៅវិញ។ ជាក់ស្តែង បើអ្នកសិតដល់ស្បែកក្បាល គឺជួយជម្រុញការលូតលាស់នៃសក់ តែបើសិតញឹកញាប់ពេកក៏ធ្វើឲ្យជ្រុះសក់ដែរ។ ហេតុនេះ អ្នកអាចសិតសក់តែ ពេលណាដែលចាំបាច់ទៅបានហើយ (ដូចជាពេលចងសក់)។

៩. ចងសក់តឹងពេក

មិនថាអ្នកចងសក់ធម្មតា ឬក្រង ឬម៉ូតយ៉ាងណានោះទេ អ្នកត្រូវប្រាកដថា មិនគួរចងតឹងពេកឡើយ ព្រោះដោយសារតែ សក់របស់អ្នកនឹងរង ភាពតានតឹង និងសម្ពាធខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ឫសសក់ រួចបណ្តាលឲ្យមានបញ្ហាសក់ជ្រុះ។

១០. ចងសក់សើម

នារីៗភាគច្រើន មិនបានដឹងទេថា មូលហេតុដែលធ្វើឲ្យសក់ ខូចដ៏ចម្បង បំផុតនោះគឺ ចងសក់ទាំងនៅសើម នៅឡើយ។ ការធ្វើបែបនេះ នឹងបណ្តាលឲ្យសក់របស់អ្នកឆាប់ជ្រុះ កើតអង្គែ កើតចៃ ឆ្លងមេរោគដល់ស្បែកក្បាល និងក្នុងករណីធ្ងន់ធ្ងរ អាចទំពែកទៀតផង។  

១១. មិនកាត់តម្រឹមសក់

ទោះបីជាអ្នក ចង់បានសក់វែងយ៉ាងណាក៏ដោយ អ្នកត្រូវតែកាត់តម្រឹមសក់របស់អ្នកចោល ឲ្យបានទៀងទាត់។ យ៉ាងហោចណាស់ អ្នកត្រូវទៅហាងកាត់តម្រឹមសក់ចោលខ្លះ ឲ្យបាន ២ ខែម្តង ដើម្បីធានាថា សក់របស់អ្នក មិនបែកចុង និងខូចនោះទេ។

១២. រងកម្តៅខ្លាំងពេក

ឧបករណ៍កម្តៅ ដែលមានដូចជា ម៉ាស៊ីនសម្ងួតសក់ ម៉ាស៊ីនអ៊ុតត្រង់ និងម៉ាស៊ីនមូរសក់ អាចមានលទ្ធភាព ធ្វើឲ្យសក់របស់អ្នកខូចលឿនបំផុត។ វាធ្វើឲ្យសក់ប្រែជាសំពោង កណ្តាញ់ និងស្ងួតខ្លាំង។ ហេតុនេះ សូមអ្នកព្យាយាមចៀសវាង ប្រើប្រាស់ឧបករណ៍ខាងលើ តាមដែលអាចធ្វើទៅបាន ឬសាកប្រើសេរ៉ូមជាតិប្រេងជាជំនួយដល់សក់ក៏បាន។ 

១៣. មិនចូលចិត្តពាក់មួក

មិនថាជាមួកប្រភេទណាមួយទេ អ្នកគួរពាក់វា ដើម្បីការពារសក់ក្បាលរបស់អ្នកពីព្រះអាទិត្យ។ ជាពិសេស អ្នកដែលចូលចិត្ត ស្ទីម (sauna) ត្រូវចេះរកជ័រពាក់ក្បាល ដើម្បីការពារចំហាយកម្តៅ។ អ្នកត្រូវជ្រើសរើសមួក ដែលមានផាសុកភាព និងមិនត្រូវតឹងខ្លាំងពេកទេ។

១៤. គេងទម្លាក់សក់

ប្រសិនបើ សក់របស់អ្នកវែង ឬត្រឹមស្មា អ្នកគួរតែក្រងវា មុនពេលចូលគេង។ វាជួយការពារ សក់របស់អ្នកមិនឲ្យកណ្តាញ់ ជំពាក់ និងសំពោងឡើយ។ មួយវិញទៀត ព្រឹកឡើងអ្នកនឹងមិនចាំបាច់ចំណាយពេលយូរ ដើម្បីសិតសក់ទៀតផង៕

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំហុសទាំង ១៤ នៃការថែរក្សាសក់ ដែលធ្វើឲ្យសក់ខូច ដោយមិនដឹងខ្លួន

កំហុសទាំង ១៤ នៃការថែរក្សាសក់ ដែលធ្វើឲ្យសក់ខូច ដោយមិនដឹងខ្លួន

កំហុសទាំង ១៤ នៃការថែរក្សាសក់ ដែលធ្វើឲ្យសក់ខូច ដោយមិនដឹងខ្លួន

កំហុសទាំង ១៤ នៃការថែរក្សាសក់ ដែលធ្វើឲ្យសក់ខូច ដោយមិនដឹងខ្លួន

កំហុសទាំង ១៤ នៃការថែរក្សាសក់ ដែលធ្វើឲ្យសក់ខូច ដោយមិនដឹងខ្លួន