ចេញពី​រោងការ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​ស្លាប់​ភ្លាម

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​មួយ​ប៉​ព្រិច​ភ្នែក​យ៉ាង​អ​ណោ​ច​អ​ធ​ម័​នៅ​កន្លែង​កើតហេតុ​ខណៈ​ពេល​មក​ហូប​ការ​បងប្អូន ហើយ​បាន​ដើរ​ចេញពី​រោងការ​ឆ្លងថ្នល់​បំរុង​ទៅ​បត់ជើងតូច ក៏​ត្រូវ​រថយន្ត​កាម​រី​បា​ឡែ​ន​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​៣០ កក្កដា ២០១៦ លើ​ផ្លូវជាតិ​លេខ​៣៣A ត្រង់​ចំណុច​ខាងលិច​វត្ត​ចរិយា​វង្ស ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ  ស្ថិត​ក្នុងភូមិ​អូ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ជន​រង​គ្រោះ​បាន​ចេញពី​រោងការ​ដែល​មាន​ភ្ញៀវ​កំពុង​តែ​អង្គុយ​ហូប​ជា​ច្រើន​រយ​នាក់ ដើម្បី​ឆ្លងផ្លូវ​ទៅ​បត់​ជើងតូច ស្រាប់តែ​កំពុង​ដើរ​ឆ្លងផ្លូវ ក៏​មាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បើក​មក​ពី​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន មក​បុក​បុរស​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​នោះ​ពេញ​ទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​ដែល​មក​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ឈ្មោះ កៅ ផុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។