ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

គ្រោះអគ្គិភ័យ​ដ៏អាក្រក់ បានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ម្សិលម៉ិញ ខណៈពោងហោះកំសាន្ដមួយនេះ កំពុង​ហោះ​ពី​លើ​តំបន់ «Lockhart» ក្នុងរដ្ឋតិចសាស ខាងត្បូងសហរដ្ឋអាមេរិក។ អ្នកដំណើរទាំង១៦នាក់ ដែលជិះ​នៅលើ​ពោង​ហោះ មិន​មាន​នរណា​ម្នាក់ នៅ​រួច​រស់​មា​នជីវិត​ឡើយ។
ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

ពោងហោះ នៅពេលអគ្គិភ័យឆាបឆេះដំបូង និងបន្ទាប់មកបានធ្លាក់។ (រូបថតទ្វីសធើរ)

មនុស្ស១៦នាក់ ដែលកំពុងជិះ នៅក្នុងពោងហោះដ៏ធំមួយ បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលម៉ិញនេះ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ អគ្គិភ័យបានឆាបឆេះឡើង នៅមុនពេល​ពោង​ហោះ​បាន​ផ្ទុះ និង​ធ្លាក់បោកខ្លួន នៅលើដី។ នេះបើតាមការអះអាង របស់ការិយាល័យនគរបាល នៃភូមិ​«Caldwell» កន្លែង​ដែល​មាន ហេតុការណ៍នេះ​កើត​ឡើង។

បើតាមមន្ត្រី​អ្នកនាំពាក្យ របស់នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលអាមេរិក បានឲ្យដឹងថា ពោងហោះបាន​ធ្លាក់​បោក​ខ្លួន នៅពៅលើចំការអ្នកស្រុក ដែលមានចំងាយជាង ៥០គីឡូម៉ែត្រ ខាងត្បូងក្រុង «Austin»។ អ្នកនាំ​ពាក្យ​ដដែល មិនបានបញ្ជាក់​ពីចំនួនជនរងគ្រោះនោះទេ។ មន្ត្រីរូបនេះគ្រាន់តែអះអាងថា គ្រោះថ្នាក់​បាន​កើត​ឡើង នៅព្រឹក​ម៉ោង៧និង៤០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងរសៀល ម៉ោង១៤និង៤០នាទី ម៉ោងនៅបារាំង ឬ​ត្រូវ​នឹង​យប់ ម៉ោង១៩និង៤០នាទី ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ដដែល)។

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

នគរបាលបាននិយាយទៀតថា ការស៊ើបអង្កេតមួយ កំពុងត្រូវបានធ្វើឡើង ដើម្បីស្វែងរកឲ្យដឹង ពីមូលហេតុ និងដំណើរដើមទង នៃគ្រោះថ្នាក់។ ការិយាល័យនគរបាលតំបន់ បានបញ្ជាក់ទៀតថា៖ «ក្រុមអ្នកស៊ើបអង្កេត កំពុងកំណត់ពីចំនួនច្បាស់លាស់ និងពីអត្តសញ្ញាណ នៃជនរងគ្រោះ»។

រីឯទីភ្នាក់ងារសហព័ន្ធ ស្ដីពីសុវត្ថិភាពដឹកជញ្ជូន របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា «NTSB» បាន​បញ្ជាក់​នៅលើទំព័រទ្វីសធើរ របស់ខ្លួនថា បានបញ្ជូនមន្ត្រីរបស់ខ្លួនមួយក្រុម ជាបន្ទាន់ ទៅកាន់តំបន់ដែល​កើត​ហេតុនេះ។ ខណៈអភិបាលរដ្ឋតិចសាសវិញ បានប្រកាសឡើងថា៖ «យើងសូមសម្ដែងការខ្វាយខ្វល់ និងបន់​ស្រន់ សម្រាប់​បណ្ដា​ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ»៕

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក