ការ​ចត​រថយន្ត​ទុក​ចោល​លើ​ផ្លូវ បង្ក​ហានិភ័យ​ដល់​អ្នកបើកបរ

ខេត្តកំពត ៖ គេ​ឃើញ​រថយន្ត​ម៉ាក​យី​ឌុ​ប​ពីរ​គ្រឿង​ដែល​គេ​ដឹង​ថា​ជា​រថយន្ត​ដឹកឈើ​ខុសច្បាប់ ហើយ​ត្រូវ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ចាប់​ឃាត់​ទុក​កាលពី​ពេល​កន្លង​ទៅ​នេះ​។ រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​កាលដែល​ទើបនឹង​ចាប់​មក គេ​ឃើញ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុកនៅ​ក្នុង​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ ប៉ុន្តែ​ដោយសារ​តែ​ទីតាំង​នោះ​កាន់តែ​ចង្អៀត​ដោយសារ តែ​ការ​ដាក់​ឈើ​ខុសច្បាប់​ដែល​ចាប់​បាន​ពី​ក្រុម​ឈ្មួញ​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​កាន់តែ​ច្រើន ទាំង​ឈើ​ល្មើសច្បាប់​ទាំង​រថយន្ត​ដឹក ទើប​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​រថយន្ត​ធំ​ៗ​ទាំងនោះ​មក​ដាក់​នៅ​លើ​ផ្លូវ​សាធារណៈ​បង្ក​ហានិភ័យ​យ៉ាងនេះ​។

ប្រជាពលរដ្ឋ​អ្នកបើកបរ​យានយន្ត​ជា​ច្រើន​បាន​រិះគន់​ការ​ចត​រថយន្ត​ទុក​ចោល​ខាងលើ និង​ដាក់​សំណួរ​ថា ការ​ចត​រថយន្ត​ទុក​ចោល​លើ​ផ្លូវ​សាធារណៈ​មិន​មាន​ដាក់​ស្លាក​សញ្ញា និង​នៅ​ពេល​យប់​មិន​ដាក់​ភ្លើង​បំភ្លឺ​ជា​សញ្ញា​ឲ្យ​អ្នកបើកបរ​ទាំងឡាយ​បានដឹង​ដូច្នេះ តើ​ពេល​មាន​គ្រោះថ្នាក់​ចរាចរ​ដោយ​អ្នកបើកបរ​យានយន្ត​ទាំងឡាយ​បុក ឬ​ប៉ះ​ទៅ តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​ករណី​នេះ​។ ទាក់ទិន​នឹង​ករណី​យក​រថយន្ត​ដាក់​ចត​លើ​ផ្លូវ​សាធារណៈ​ខាងលើ​ត្រូវ​បាន​លោក ជួន សា​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ដឹង​ថា ដោយសារ​តែ​នៅ​ក្នុង​បរិវេណ​ខណ្ឌ​មាន​ភាព​ចង្អៀត​ពេក ទើប​លោកនាយ​ខណ្ឌ​បាន​ស្នើ​សុំ​ទៅ​មន្ទីរ​សាធារណការ​ខេត្ត​សុំ​ដាក់​នៅ​លើ​ផ្លូវ​ជា​បណ្តោះអាសន្ន​មួយ​រយៈ​សិន​ទម្រាំ​មានការ​ដោះស្រាយ​ការ​បង់​ផាកពិន័យ​ពី​ម្ចាស់​រថយន្ត​ទើប​ឲ្យ​ម្ចាស់​រថយន្ត​មក​ទទួលយក​រថយន្ត​ទៅ​វិញ​។

លោក​ជួន សា​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា​ចំពោះ​ការ​ដាក់​ស្លាក​សញ្ញា​សំគាល់​លោក​បាន​ឲ្យ​កូនចៅ​ដាក់​មែកឈើ​ឬ​រនាំង​អ្វីមួយ​ជា​សញ្ញា​ដល់​អ្នកបើកបរ​ដែរ​ប៉ុន្តែ​តាម​ការ​ពិនិត្យ​ទៅ​ដូច​ជា​អត់​ឃើញ​មាន​តាម​បញ្ជា​របស់​លោក រីឯ​ដាក់​ភ្លើង​អំ​ពូ​ល​ជា​សញ្ញា​នៅ​ពេល​យប់​ដែល​មិនឃើញ​មាន​ដែរ​នោះ ត្រូវ​បាន​លោក​និយាយ​ឲ្យ​ដឹង​ថា អំ​ពូ​ល​កូនចៅ​របស់​លោក​បាន​ដាក់​នៅ​ពេល​យប់​ដែរ តែ​ពេល​ថ្ងៃ​គេ​ដក​ចេញ​វិញ លុះ​ពេល​យប់​ទើប​ដាក់​។ គួរ​រំលឹក​ថា នៅ​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​មាន​យានយន្ត​មិន​ស្គាល់​ម៉ាក​បាន​បុក​រថយន្ត​ដែល​ចត​ចោល​នៅ​មុខ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខូចខាត​យានយន្ត និង​រង​របួស​ដល់​អ្នកបើកបរ​ផង​ដែរ បើ​តាម​ពលរដ្ឋ​រាយការណ៍​។

ប៉ុន្តែ​គេ​ពុំ​បាន​ប្រាប់​អត្តសញ្ញាណ​អ្នក​រង​គ្រោះ ហើយ​បំណែក​ម៉ូតូ​នៅ​រប៉ាត់រប៉ាយ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​លោក ជួន សា​រ៉ា នាយ​រង​ខណ្ឌ​ឲ្យ​ដឹង​ថា ការ​បុក​រថយន្ត​ដែល​ចត​នៅ​មុខ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​នេះ គឺ​មាន​តែ​អ្នក​ស្រវឹង​ទេ​ទើប​បុក សម្ដី​នេះ​ពលរដ្ឋ​ដែល​រិះគន់​មិន​ទទួលយក​បាន​ទេ ពីព្រោះ​យើង​អ្នក​បង្ក​ចោទ​ទៅ​លើ​អ្នក​ស្រវឹង​ទៅ​វិញ​៕