សហគមន៍​បឹងកក់​នឹង​បន្ថែម​ការ​ទាមទារ​ថ្មី​មួយ​ទៀត​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១ សីហា សហគមន៍​បឹងកក់ និង​សហគមន៍​រងគ្រោះ​ដីធ្លី​ដទៃ​ទៀត​មាន​គ្នា​ចន្លោះ​ពី ៣០​នាក់​ទៅ ១០០​នាក់ នឹង​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» បន្ត​ទៀត ក្រោយ​ពី​ផ្អាក​កាល​ពី​សប្ដាហ៍​មុន។

អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី​១៣ នៅ​ថ្ងៃ​ច័ន្ទ ទី​១ សីហា នេះ គឺ​បន្ថែម​ការ​ទាមទារ​ករណី​ថ្មី​មួយ​ទៀត ក្រៅ​ពី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ..ប មួយ​រូប​នោះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​បញ្ជា​ឲ្យ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «»

អ្នកស្រី ទេព វន្នី បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន គឺ​ត្រូវ​នឹង​សប្ដាហ៍​ទី​១២ បន្ទាប់​ពី​តុលាការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​លោក នី ចរិយា នោះ សហគមន៍​បឹងកក់​មិន​បាន​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ទេ ដោយសារ​តែ​សម្រាក​ក្រោយ​ពី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ខេត្ត​តាកែវ។ អ្នកស្រី​បញ្ជាក់​ថា យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ នឹង​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។